សង្រ្គាម​ពាក្យសម្តី​​រវាង​គ្រូ​បង្វឹក​ក្លិប​នាយក​ដ្ឋាន​អង្គរក្ស លោក ស៊ន អេលីត និង​កីឡាករ​គុនចម្រុះ រិន សារ័ត្ន បាន​នឹងកំពុង​ឡើងកម្តៅ​ខ្លាំង ខណៈ​ភាគី​ទាំង​២ សុទ្ធ​ទាញ​យក​ហេតុផល មកគាំ​ទ្រ​ការចង់​បាន​របស់​ខ្លួនរៀងៗ​ខ្លួន។

គេ​មិន​ដឹង​ថា ជម្លោះ​ពាក្យ​សំដី និង​ភាព​ល្អក់​កករ​រវាង ស៊ន អេលីត និង រិន សារ័ត្ន បាន​កើត​មាន​ពី​ពេល​ណា​មក​នោះ​ទេ ប៉ុន្តែ​​ រិន សារ័ត្ន បាន​សរសេរ​បង្ហោះនៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖ ​«ខ្ញុំអន់ណាស់ ប៉ុន្តែ​បើវាយ​ដាក់​ទ្រុង ខ្ញុំសុំ​វាយ​ជាមួយកូនសិស្ស​លោក​គ្រូ ស៊ន អេលីត ម្នាក់ណា​ក៏​បាន ដាក់​ដើម​ទុន​១០លាន​រៀល។ គុនខ្មែរ ខុសពី​វ៉ៃ​ក្នុង​ទ្រុង សង្ឃឹម​ថា បងប្អូន​យល់»។

ភ្លាមៗ​នៅ​ក្រោយ​ការ​បង្ហោះ​សារសព្ទ​របស់ រិន សារ័ត្ន នេះ លោក ស៊ន អេលីត បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់ រិន សារ័ត្ន វិញ​ថា៖ ​«ឥឡូវ​មិនបាច់​១០លាន​ទេ ២០​លាន​ក៏​បានដែរ ហើយ​ដើម្បី​សុក្រិត​ទាំង​សងខាង មិនបាច់​វាយ MMA ឬ Kun Khmer ទេ វាយ Mas Fight មួយ​ទឹក​៩នាទី តែ​ម្តង​ទៅ»។

សង្គ្រាម​ពាក្យសម្តី​​រវាង​ភាគី​ទាំង​២​នេះ កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​កីឡា​​ប្រដាល់ នៅ​ក្នុងស្រុក កំពុងមានការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​ពួក​គេ​ក៏​ចង់​ដឹង​ដែរ​ថា តើ​​បញ្ចប់នេះ វា​នឹង​បញ្ចប់​ដោយរបៀប​ណាស តើ​ត្រូវ​ប្រកួតគ្នា​តាម​បែប​វាយ​ដាក់​ទ្រុង (MMA) តាមសំណើ​របស់ រិន សារ័ត្ន ឬក៏​ត្រូវ​ប្រកួត​ Mas Fight តាម​ការ​ចង់​បាន​របស់ ស៊ន អេលីត។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​បង្ហោះ​សារតប​របស់ ស៊ន អេលីត​នេះ ប្អូន​ស្រី​របស់​គេ គឺ​អតីត​កីឡាការិនីជម្រើសជាតិ​តេក្វាន់​ដូ ស៊ន ដាវីន បាន​ចូល Comment ថា៖ ​«គេថា គេអន់ តែ​គេ​សុំ​វ៉ៃជា​មួយ​សិស្ស​យើង អ៊ីចឹង​យើង ​នៅ​ឱ្យ​​ស្ងៀម​ទៅ ព្រោះ​សិស្ស​យើង​ខ្លាំង កុំទៅ​វ៉ៃជា​មួយ​អ្នក​អន់។ នាយកដ្ឋាន​អង្គ​រក្ស មិន​មែន​អ្នក​ណា​ចង់​វ៉ៃ​ជាមួយ ​ក៏​វ៉ៃ​បាន​តាម​ចិត្ត​ទេ»។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ​នៅ​ក្នុង​ក្លិបនាយក​ដ្ឋាន​អង្គរក្ស មានកីឡាករ​ជើង​ខ្លាំង​ច្រើន​រូប ដែល​កំពុងមានទីផ្សារ​ប្រកួត​ច្រើន នៅ​លើ​សង្វៀន ប៉ុន្តែ​​អ្នកទាំង​នោះ ​សុទ្ធតែកីឡាករ​ប្រដាល់​គុនខ្មែរ ដែល​មិនធ្លាប់​បាន​ប្រកួត​វាយ​ដាក់​ទ្រុង ឬ MMA ដូច​កីឡាករ​គុចចម្រុះ រិន សារ័ត្ន នោះ​ទេ ដ្បិត​អី រិន សារ័ត្ន បាន​ផ្តើមចេញ​ពី​ការ​វាយដាក់ទ្រុង មុនពេល​រូបគេឡើង​ប្រកួត​ប្រដាល់​គុនខ្មែរ។

រិន សារ័ត្ន មាន​ឈ្មោះ​ល្បី​គួរសម សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​វាយដាក់​ទ្រុង នៅ​ក្រៅ​ប្រទេស ដោយ​ទទួល​បាន​លទ្ធផល​ឈ្នះ​ច្រើនជាង​ចាញ់ ហើយ​នៅពេល​នេះ ប្រធាន​ក្លិប​ Cambodia Top Team​ លោក ហ៊ុន ចាន់រាជ បាន​ហៅ រិន សារ័ត្ន ឱ្យ​វិល​មក​ហាត់ MMA ជា​ថ្មី​វិញ បន្ទាប់​ពី​ខក​ខាន​មួយ​រយៈ ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ដើម្បីត្រៀម​ចេញ​ទៅ​ប្រកួត​ MMA ក្នុង​​កម្មវិធី​ ឈ្មោះ​ S​OW​ នៅ​ប្រទេស​ឥណ្ឌា​ នា​អំឡុង​ខែ​តុលា​ ឆ្នាំ​២០២១ ខាង​មុខ​នេះ​៕