បរទេស​៖ ខ្សែ​បម្រើ​ដ៏​​មាន​ឥទ្ធិពល Xherdan Shaqiri របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ស្វ៊ីស កាលពីថ្ងៃ​អង្គារ បាន​និយាយ​កោតសរសើរ​លោក Roberto Mancini អតីតគ្រូប​ង្វឹកក្លិប Inter Milan របស់​គេ​ចំពោះ​កា​រ​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ក្លាយ​ជា​បេក្ខ​ភាព​ប្រជែង​ដណ្តើម​ពាន Euro ឆ្នាំ​២០២០ បើ​ទោះ​បី​ខ្វះ​តារាឆ្នើម​ៗក្នុងក្រុម​ក៏ដោយ​។

ក្រុម​ជម្រើស​ជាតិស្វ៊ីស បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​វេលស៍ ក្នុងការ​ប្រកួត​បើកឆាកនៃ​ពូល A ក្នុង​ទីក្រុង Baku ហើយនៅរាត្រី​នេះ ពួកគេនឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ដែលបាន​​ផ្តួលក្រុម​ជ្រើស​ជាតិ​តួកគី ក្នុងលទ្ធផល ៣-០​ ក្នុង​ទីក្រុង​រ៉ូម​។ Shaqiri ដែល​លេង​ឲ្យ​ក្លិប Liverpool និង​បាន​ចំណាយ​ពេល​យ៉ាងខ្លីក្នុង​ការ​លេង​ឲ្យក្លិប Inter Milan កាលពី​៦​ឆ្នាំ​មុននោះ បាន​ឲ្យដឹង​ថា៖ «ខ្ញុំ​ពិត​ជា​ចង់​លេង​ការ​ប្រកួតនេះ​ណាស។ ខ្ញុំ​ពិតជា​ចង់​ឃើញ​លោក Roberto ម្តង​ទៀតនៅ​ថ្ងៃ​ស្អែកនេះ​​។ គាត់​ជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ និង​ពោរពេញដោយ​សមត្ថភាព​ម្នាក់​​។ អ៊ីតាលី គឺ​ជាក្រុម​ដ៏ខ្លាំង​មួយដែល​ស្ថិតក្នុង​ចំណោម​ក្រុម​ដែល​អាច​ឈ្នះ​ពាន​។ ក្រុម​នេះពិត​ជា​មាន​ភាព​រឹង​មាំ​ណាស់ ទាំងក្នុង​តំបន់​ប្រយុទ្ធ និង​ការ​ពារ​»​។

Roberto Mancini: "Inter Are Serie A's Best Team, No Europe Is A Big Advantage"

Shaqiri បាន​បន្ថែម​ទៀត​ថា៖ «ពួក​គេ​ជាក្រុម​ដ៏​អស្ចារ្យ​មួយ ដែល​លេងស៊ី​សង្វាក់គ្នាយ៉ាងល្អ​។ មិនមានកីឡាករ​ឆ្នើម​ៗ​ដូច​​កាលពីមុន​ដូច​ជា (Andrea) Pirlo ឡើយ ប៉ុន្តែ​លោក Mancini បាន​បំពេញ​ការ​ងារ​របស់​លោក​បាន​យ៉ាង​ល្អ​»​។ ក្រុមជម្រើស​​ស្វ៊ីស នឹង​​ត្រូវ​ប៉ះ​អ៊ីតាលី ដែល​មិន​បាន​របូត​គ្រាប់បាល់​សូម្បី​តែ​១​គ្រាប់​ក្នុងការ​ប្រកួត​៩​លើក​ជាប់​ៗ​គ្នា​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia