កីឡាការិនី​ជម្រើសជាតិ​មានជំនាញ​ទាំង​ប្រដាល់សកល គុនខ្មែរ និង​វាយ​ដាក់ទ្រុង MMA នៅ ស្រីពៅ បានសារភាព​ថា រូប​នាង​អាច​នឹង​សន្លប់​ក្រោម​ស្នាដៃ​របស់កីឡាការិនី​របស់ចិន Tain Yang សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ក្នុង​ការ​ប្រកួត Mas Fight មួយ​ទឹក​មាន​៩នាទី​ពេញ នៅ​លើ​សង្វៀន​ថោន កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

នៅ ស្រីពៅ បាន​សរសើរ​ទៅ​ដល់​ភាព​ស៊ូ​​របស់ Tain Yang ដែល​មិន​បាន​បង្ហាញ​ភាព​ទន់​ជ្រាយក្រោមកណ្តាប់​ដៃ និងការ​ទាត់​ក្រោម​ខ្លាំងៗ​របស់ខ្លួន គឺ​កីឡាការិនី​របស់ចិន​រូបនេះ នៅ​តែមានជំហរ​រឹង​មាំ និង​បាន​ព្យាយាម​វាយ​សង​ទៅលើ ស្រីពៅ រហូត​ចប់​៩នាទី ហើយ​ទទួល​បាន​លទ្ធផលស្មើ​គ្នា​តាម​ច្បាប់របស់ Mas Fight ដែល​គ្មាន​អ្នក​សន្លប់ កំណត់ឱ្យ​ស្មើ​គ្នា។

កីឡាការិនី នៅ ស្រីពៅ បាននិយាយក្រោយការ​ប្រកួត​​ថា៖ «ការ​ប្រកួតម៉ាហ្វៃ ជាលើកដំបូងនេះ ​ខ្ញុំ​ហាត់ពេញ តែបើសិន​ខ្ញុំ​ហាត់អត់ពេញ​ទេ ខ្ញុំទៅ​តែម្តង (សន្លប់) ព្រោះកីឡាការិនីចិន Tian Yang រូបនេះ ស៊ុហ្វ​ល្អមែន​ទែន អ៊ីចឹង​បើ​ខ្ញុំហាត់អត់ពេញ ចាញ់​ស៊ុហ្វ​គាត់ គឺ​យើងអាច​សន្លប់របស់គាត់បាន»។

កីឡាការិនី​ ដែល​ធ្លាប់​សាងបានស្នាដៃ នៅក្នុងការ​ប្រកួត​វាយ​ដាក់​ទ្រុង ក្នុង​ព្រឹត្តិការណ៍ ONE Championship នៅ ស្រីពៅ បាន​បន្ថែម​ថា៖ ​«ខ្ញុំធ្លាប់បាន​មើល​ការ​ប្រកួត​របស់​គាត់ ដោយ​ភាគ​ច្រើនគាត់​ផ្តួល​ដៃគូ​គាត់​ឱ្យ​សន្លប់ ហើយគាត់​ក៏​ធ្លាប់ប្រកួត នៅ​ក្នុង​ព្រឹត្តិការណ៍​របស់ ONE Championship ផង​ដែរ។ ​គាត់ល្អ​ដៃ ហើយម្យ៉ាង​ទៀត ​គាត់​រក​ចាប់​ក្លេ​ខ្ញុំ ប៉ុន្តែខ្ញុំ​បាន​វាយ​ជាប្រយោល មិន​ឱ្យ​គាត់​ចូលក្លេ​ខ្ញុំ​បានទេ»។

នៅ ស្រីពៅ បាន​បញ្ជាក់​ថា៖​«ខ្ញុំបាន​ព្យាយាម​ទាត់​ក្រោម​ច្រើន ប៉ុន្តែគាត់មាន​ការស៊ូមែន​ទែន។ ​ខ្ញុំ​ទាត់​គាត់ ឡើង​ឈឺ​ជើង​ខ្លួនឯង តែ​ខ្ញុំ​អត់​ត្រូវ​បាន​គាត់វ៉ៃ​ចំគោលដៅ​ធ្ងន់​នោះ​ទេ ហើយតាម​រយៈ​ការ​ប្រកួត​ម៉ាហ្វៃ​៩នាទីនេះ ខ្ញុំ​ទទួល​បានបទពិសោធ​ថា បើ​យើង​អត់ហាត់​ពេញទេ គឺ​ដៃគូ​ម្ខាង​ទៀត អាច​ឈ្នះ​យើង ប៉ុន្តែ​ខ្ញុំ​ចង់​ជួបគាត់​ម្តង​ទៀត អ៊ីចឹង​បើ​មាន​ឱកាស ហើយ​ខាង​ប៉ុស្តិ៍​ដាក់​ឱ្យ​ជួបទៀត ខ្ញុំនឹង​ប្រកួត​សង​សឹក​ម្តង​ទៀត»៕