កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ អាចនឹងទទួលបានជោគជ័យនៅស៊ីហ្គេមលើកទី៣០ នាចុងឆ្នាំ ២០១៩ នេះនៅហ្វីលីពីន បន្ទាប់ពីទៅបោះជំរំហ្វឹកហាត់នៅប្រទេសជប៉ុនជាមួយមិត្តរួមក្រុម វី ស្រីខួច និង ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០១៧ ណាត សៀកនិន (ពេជ្រ ម្ទេសខ្មាំង)។ កាលសប្ដាហ៍មុន នៅ ស្រីពៅ បានចេញដំណើរទៅហ្វឹកហាត់នៅជប៉ុន ដែលដឹកនាំដោយគ្រូបង្វឹកប្រដាល់សកលជម្រើសជាតិ វ៉ែន សុផល ដោយសហការពីភាគីជប៉ុនពេលបោះជំរំនៅជប៉ុន រហូតដល់ថ្ងៃទី ២៧ ខែ វិច្ឆិកា មុនចេញដំណើរទៅប្រកួតជាផ្លូវការតំណាងឲ្យជាតិ។

មានហេតុផល២ចំណុច ដែល នៅ ស្រីពៅ អាចនឹងទទួលបានជោគជ័យជូនជាតិមាតុភូមិ និង បង្កើតកំណត់ត្រាថ្មីសម្រាប់កីឡាការិនីប្រដាល់សកល៖

១.ការតាំងចិត្ត៖


ដ្បិតចាប់អាជីពដំបូងជាកីឡាការិនីគុនខ្មែរនៅក្លិបតាលីដំរីមានឫទ្ធិ ប៉ុន្តែ ស្រីពៅ បានវិវឌ្ឍខ្លួនទៅជាកីឡាការិនីប្រដាល់សកលគួរឲ្យកត់សម្គាល់ តាមរយៈការតាំងចិត្តខ្ពស់។ ស្រីពៅ តែងតែបង្កើតក្ដីស្រមៃ ដើម្បីដណ្ដើមមេដាយនៅស៊ីហ្គេមជូនអ្នកគាំទ្រនៅកម្ពុជា។ ថ្លែងពីប្រទេសជប៉ុនតាមរយៈបណ្ដាញសង្គម កីឡាការិនី នៅ ស្រីពៅ បង្ហើបថា៖«ខ្ញុំទទួលបានការហ្វឹកហាត់ល្អប្រសើរឡើងជាពិសេសបច្ចេកទេស ហើយលោកគ្រូ វ៉ែន សុផល ក៏ចូលរួមបង្ហាត់បន្ថែមគ្រូបង្វឹកនៅជប៉ុនដែរ។ ក្នុងនោះគ្រូបង្វឹកជប៉ុនគាត់បង្ហាត់បច្ចេកទេសល្អណាស់ ការវ៉ៃចេញការគេចឲ្យរហ័ស និង បម្លាស់ទី។ គ្រូគាត់ផ្ដោតលើចំណុចខ្វះខាតរបស់យើង បង្ហាត់ល្បឿនវ៉ៃចេញចូល និង ញាក់ឆ្វេងស្ដាំជាដើម។ លំហាត់ទាំងនេះគឺ ល្អតែម្ដង»។ ការហ្វឹកហាត់នៅជប៉ុនមានពីរវេន ពេលព្រឹកចាប់ពីម៉ោង ៧ ដល់ម៉ោង ១០ ហើយ ល្ងាចពីម៉ោង ៥ ដល់ម៉ោង ៨ យប់។ តាមរយៈការត្រៀមខ្លួនធ្វើឲ្យ ស្រីពៅ មានទំនុកចិត្តកាន់តែខ្លាំងក្នុងប្រភេទទម្ងន់ស្រាល ៥៣ ឬ ៥៤ របស់ខ្លួន នៅស៊ីហ្គេម។

២.បទពិសោធន៍ធ្លាប់ប្រកួតនៅស៊ីហ្គេមនិងឆាកអន្តរជាតិ៖


មិនត្រឹមតែជាម្ចាស់ខ្សែក្រវាត់ក្នុងស្រុក កីឡាការិនី វ័យ ២៤ ឆ្នាំបានបង្កើតភាពភ្ញាក់ផ្អើលនៅ សង្វៀនលំដាប់អន្តរជាតិ មីយ៉ាន់ម៉ា ដោយឈ្នះ ២ លើកជាប់គ្នាកាលចុងឆ្នាំ ២០១៨ និង ជាប់ឈ្មោះជាកីឡាការិនីឆ្នើមប្រចាំសង្វៀនទៀតផង។ ជាមួយគ្នានោះក៏មានបទពិសោធន៍ទៅប្រកួតលើសង្វៀនកម្រិតភពលោក ONE ពីរលើកកន្លងទៅដែរ ដែលទទួលបានលទ្ធផល ឈ្នះ ១ និង ចាញ់១លើក។ ស្រីពៅ ឈ្នះ កីឡាការិនីមីយ៉ាន់ម៉ា Shwe Sin Min ២ដងនៅសង្វៀនប្រទេសមីយ៉ាន់ម៉ា និង ឈ្នះ កីឡាការិនីថៃ Rika Ishige ប៉ុន្តែ ចាញ់ពិន្ទុកីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol កាលខែឧសភា នៅសង្វៀន ONE Championship។ នេះជាបទពិសោធន៍ល្អដែលធ្វើឲ្យ ស្រីពៅ មិនចាញ់ច្រាបរេញនៅស៊ីហ្គេម និង កសាងទំនុកចិត្តបានល្អមុនព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ានមកដល់។ នៅ ស្រីពៅ ធ្លាប់លើកឡើងថា ៖«ឆ្នាំនេះជាលើកទី១ ខ្ញុំទៅចូលរួមនៅស៊ីហ្គេម។ ហើយការចេញទៅហាត់នៅជប៉ុននេះ គឺ ដើម្បីបង្កើនបច្ចេកទេស និង នាំយកលទ្ធផលល្អជូនអ្នកគាំទ្រនិង ជាតិវិញ។ ខ្ញុំរំភើបចិត្តណាស់ ដែលខ្ញុំមានឱកាសទៅហ្វឹកហាត់ក្រៅប្រទេសដើម្បីត្រៀមស៊ីហ្គេម។ ខ្ញុំនឹងទទួលបានបទពិសោធន៍ច្រើនអំពីការហ្វឹកហាត់នេះ»។

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ដែលរៀបចំនៅហ្វីលីពីន នឹងចាប់ផ្ដើមនៅថ្ងៃទី ៣០ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩។ កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង