បរទេស អតីត​តារាឆ្នើម​អន្តរ​ជាតិ​ហូ​ឡង់ Arjen Robben បានប្រកាស​ពីការ​ចូល​និវត្តន៍​របស់​គេ ពី​ក្លិប​​ FC Groningen របស់​គេ កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បញ្ចប់អាជីព​ដ៏​ត្រចះ​ត្រចង់​ដែល​មាន​រយៈពេល​២​ទសវត្សរ៍​។ ខណៈ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ខ្សែបម្រើ​ស្លាប​ម្នាក់​ក្នុង​ចំណោម​ខ្សែ​បម្រើ​ស្លាបដ៏ឆ្នើម​បំផុត​ក្នុង​ជំនាន់​របស់​គេ Robben បាន​ចូល​រួម​ជាមួយនឹង​ក្លិប​យុវ​ជន​របស់​គេ FC Groningen កាលពី​ឆ្នាំមុន ក្រោយពី​បាន​ចំណាយ​ពេល​ជាមួយ​នឹងក្លិប Chelsea, Real Madrid និង Bayern Munich​។

Robben បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «ខ្ញុំ​បាន​សម្រេច​ចិត្ត​បញ្ចប់​​កីឡា​បាល់ទាត់​របស់​ខ្ញុំ​ហើយ»​។ ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​របស់គេ ដែល​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​ក្លិប FC Groningen កីឡាករ​វ័យ​៣៧​ឆ្នាំ​រូបនេះ បាន​ឲ្យដឹងថា៖ «វា​គឺ​ជា​ជម្រើស​ដ៏លំបាក​មួយ​»។ ក្លិបបាន​ឲ្យដឹង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ «គ្រប់គ្នានៅ​ក្លិប FC Groningen បាន​សង្ឃឹម​ថា Robben នឹង​បន្តលេង​មួយ​រដូវកាល​ទៀត ប៉ុន្តែ រូបគេ​បាន​សម្រេចចិត្ត​ ក្រោយពី​ការ​ពិចារណា​ដ៏​យូរ​អង្វែង»​។

ក្នុង​នាម​ជា​ខ្សែ​បម្រើ​ម្នាក់ក្នុង​ចំណោម​ខ្សែ​បម្រើស្លាប​ដ៏លឿន​បំផុត និង​មាន​ទេពកោសល្យ​បំផុតជាមួយនឹង​ជំនាញ​ជើង​ឆ្វេង​របស់​គេ Robben បាន​ស៊ុ​ត​បាល់បញ្ចូល​ទី​ច្រើន​ជាង​២០០​គ្រាប់ ក្នុងកម្រិតក្លិប និង​៣៧​គ្រាប់​សម្រាប់ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ ខណៈ​ដែលការ​ប្រកួត​ជាលើក​ចុងក្រោយ​របស់​គេ បានកើត​ឡើង​ពេល​ប៉ះក្រុម​ស៊ុយ​អែត ក្នុង​ទីក្រុង Amsterdam កាលពី​ខែ​តុលា ឆ្នាំ​២០១៧​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia