គ្រូ​បង្វឹកលោក ស៊ន អេលីត បាន​ចាត់ទុក​ការ​ទទួល​បាន​ជោគ​ជ័យ សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់ «គុនខ្មែរអលស្តារ៌» លើកទី​១ កាលពី​ថ្ងៃអាទិត្យ កន្លង​មក​នេះ ថា ធ្វើ​ឡើង​ដើម្បី​ខ្មែរ ហើយ​ក៏​ដើម្បីបំពេញ​ក្តី​ស្រម៉ៃ​ម្តាយ​របស់​ខ្លួន​ផងដែរ។

យ៉ាង​ណា​ក៏​ដោយ​បង​ប្រុស​បង្កើត​របស់​វីរ​កីឡាការិនី​តេក្វាន់​ដូ ស៊ន សៀវម៉ី លោក ស៊ន អេលីត ហាក់មិនទាន់​ប្រាកដ​ថា ខ្លួន​នឹងអាច​រៀបចំ​ការ​ប្រកួត​ប្រដាល់​គុនខ្មែរន​អលស្តារ បាន​ជា​លើក​ទី​២ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​បុរស​មាត់រឹង សម្តី​ត្រង់​រូបនេះ ​បាន​សន្យា​ថា នឹង​ខិតខំ​​បន្ត​ទៀត ដើម្បី​គុនម​ខ្មែរ។

លោក ស៊ន អេលីត បាន​សរសេរ​បង្ហោះ នៅ​លើ​ផេចហ្វេសប៊ុក​របស់​ខ្លួន កាលពី​យប់​ថ្ងៃ​ចន្ទ ម្សិល​មិញ​ថា៖​ «ខ្ញុំ​សប្បាយ​ចឹត្ត​ណាស់ ព្រោះ​ខ្ញុំ​បាន​ធ្វើ​រឿង​នេះ (រៀបចំ​ការ​ប្រកួត​គុនខ្មែរ​អលស្តារ) ដើម្បី​ខ្មែរ​ហើយ ហើយ​ក៏​បាន​បំពេញ​ក្តី​ស្រម៉ៃ​ខ្ញុំ​ហើយ​ដែរ តែ​ខ្ញុំ​មិន​ទាន់​ហ៊ាន​សន្យា​ថា នឹង​មាន​លើក​ទី​ពីរ​ទេ ប៉ុន្តែ​ខ្ញុំ​សន្យា ​នឹង​ខឹតខំ​បន្ត​ទៀត​ ដើម្បី​​ គុនខ្មែរ»។

ជាមួយ​គ្នា​នេះ លោក ស៊ន អេលីត ក៏​បាន​យក​ថវិកា ដែល​ទទួល​បានពី​ការ​ចូល​រួម​របស់​អ្នក​គាំ​ទ្រ តាម​រយៈ ABA, Wing និង ACLEDA ទៅទិញ​សម្ភារ​ហ្វឹក​ហាត់ ដើម្បី​ចែក​ជូន​ទៅ​ដល់​ក្លិប​ប្រដាល់​មួយ​ចំនួន ដើម្បី​បំពេញ​ទៅតាមការ​សន្យា​របស់​ខ្លួន​ផង​ដែរ ដោយ​រូបគេ​បាន​បញ្ជាក់ថា៖​« ខ្ញុំ ស៊ន អេលីត ហ៊ានសន្យា គឺហ៊ានធ្វើ​»។

អង្គរក្ស​ការពារ​ថ្នាក់​ដឹកនាំ លោក ស៊ន អេលីត បាន​សរសេរ​បង្ហោះ នៅ​ព្រឹក​​ថ្ងៃ​អង្គារ​នេះ​ថា៖​«ជា​ដំបូង​ សូម​អរគុណ​ទឹក​ចិត្ត​បង​ប្អូន​អ្នក​គាំទ្រ​គុនខ្មែរ ​ដែល​បាន​ចំណាយ​ថវិការ​ តាម​រយៈ ABA Wing Acleda ១​ដុល្លា ២​ដុល្លា …ដើម្បី​ចូល​រួម មូល​និធិ​គុនខ្មែរ​អលស្តារ​ វគ្គ​១ សរុប​ជា​ថវិកា​បាន ៨៣៥.១៧​ដុល្លា»។

អ្នក​រៀបចំ​ព្រឹត្តិការណ៍ប្រដាល់​គុនខ្មែ​អល​ស្តារ​រូបនេះ បាន​បន្ថែម​ថា៖ ​«មូល​និធិ​អលស្តារ ​ទី​១​នេះ ​យើង​បញ្ចប់​ត្រឹម​ថ្ងៃនេះ ហើយ​ខ្ញុំ​បាទ​បាន​យក​ថិកា​ទាំង​នោះ ទិញ​ជា​សម្ភារ​​មួយ​ចំនួន​ជួយ​ដល់​៩​ក្លិប ដោយ​មួយ​ក្លិបៗ​ទទួល​បាន ហ្គង់​៤​គូ និង អង្ក​រ១​បេ សរុប​ជា​ទឹក​ប្រាក់​អស់ ១៣៥០ដុល្លា ដូចនេះ​ខ្ញុំ​បាន​ចំណាយ​លុយ​ខ្ញុំ​ផ្ទាល់​ខ្លួន​ចំនួន ៥១៥​ដុល្លា​ ពី​លើ​មូល​និធិនេះ ដើម្បី​បង្គ្រប់​ចំនួន​ខ្ទង់​ចំណាយ»៕