ព្រឹត្តិការណ៍ប្រកួតកីឡាកីឡាអេឡិចត្រូនិកលីគអាជីព លំដាប់អន្តរជាតិ លើកដំបូង នៅក្នុងប្រទេសកម្ពុជា ឬហៅថា MPL KH រដូវកាលទី១ លើវិញ្ញាសា Mobile Legends: Bang Bang បានស្វែងរកឃើញក្រុមខ្លាំងចំនួន ៤ ចេញពីការប្រកួតវគ្គជម្រុះ ដើម្បីឡើងទៅប្រកួតប្រជែងជាបន្ត នៅវគ្គ Regular ជាផ្លូវការហើយ។
សម្រាប់ការប្រកួត MPL KH រដូវកាលទី១ ឬ MPL KH Season 1 ដែលត្រូវបានគេមើលឃើញថា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍ និងជំរុញវិស័យកីឡាអេឡិចត្រូនិក នៅកម្ពុជា ឱ្យឈានដល់កម្រិតស្តង់ដារអន្តរជាតិ នោះ គឺរៀបចំឡើងដោយក្រុមហ៊ុន Moonton ដែលជាស្ថាបនិកវិញ្ញាសា Mobile Legends: Bang Bang នេះតែម្តង។
ជាមួយការបង្ហាញវត្តមាន ជាលើកដំបូង នៃព្រឹត្តិការណ៍ដ៏អស្ចារ្យ មិនធ្លាប់មាននេះ គឺក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ដែលនិយមចូលចិត្តកីឡាសម័យទំនើបនេះ បានចុះឈ្មោះចូលរួមយ៉ាងច្រើន ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ព្រោះតាមរយៈការចុះឈ្មោះជាផ្លូវការ កាលពីថ្ងៃ ២៩ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា គឺមានអ្នកចូលរួមប្រកួតក្នុងវគ្គជម្រុះនេះ រហូតដល់ ៦៣៦ ក្រុមឯណោះ។
យ៉ាងណាក៏ដោយ សម្រាប់ក្រុមទាំងអស់ ដែលបានចុះឈ្មោះនេះ គឺគណៈកម្មការរៀបចំ បានចម្រាញ់ជ្រើសរើសយកតែ ២៥៦ ក្រុមប៉ុណ្ណោះ ដើម្បីឱ្យចូលរួមប្រកួត ក្នុងវគ្គជម្រុះ ព្រោះការប្រកួតនេះ ត្រូវបានធ្វើឡើង តាមប្រព័ន្ធអនឡាញ គឺមានន័យថា ក្រុមចូលរួមប្រកួតទាំងនេះ ត្រូវស្ថិតនៅតាមគេហដ្ឋានរៀងៗខ្លួន ហើយប្រកួតគ្នាតាមប្រព័ន្ធអនឡាញ ដែលត្រូវបានបង្កើតឡើងដោយគណៈកម្មការ និងមានក្រុមជំនាញជាអ្នកគ្រប់គ្រង ដើម្បីកំណត់លទ្ធផលនៃការឈ្នះចាញ់។
ជាមួយគ្នានេះ តាមរយៈប្រកួតតាមអនឡាញ រយៈពេល ៤ ថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី៨ ដល់ ទី ១១ ខែសីហា ឆ្នាំ២០២១នេះ គណៈកម្មការរៀបចំ បានរកឃើញក្រុមខ្លាំងចំនួន ១៦ ដើម្បីយកមកបន្តការប្រកួតប្រជែង ដោយមានការផ្សាយផ្ទាល់ ចាប់ពីថ្ងៃទី ១២ ដល់ទី ១៥ ខែសីហា។
ជាលទ្ធផលនៃការប្រកួតក្នុងវគ្គ ១៦ ក្រុមនេះ ក្រុមខ្លាំងចំនួន៤ បានឆ្លងផុតនៅក្នុងការប្រកួតវគ្គជម្រុះនេះ ដើម្បីឈានទៅប្រកួតបន្ត នៅវគ្គ Regular ហើយក្រុមទាំង៤ ដែលឈ្នះបានកៅអី នៅក្នុងវគ្គនេះ រួមមានក្រុម DG Quantum ក្រុម FENNEC Esport ក្រុម Notorious Angels និងក្រុម ABCDEF។
គួរបញ្ជាក់ថា ក្រុម DG Quantum ជាក្រុមមួយ ត្រូវបានបង្កើតឡើង កាលពីឆ្នាំ ២០១៦ និងមានបទពិសោធច្រើន ក្នុងការប្រកួត។ កាលពីឆ្នាំមុន ពួកគេបានចាប់ដៃគូ ជាមួយ Quantum ដើម្បីពង្រឹងក្រុមកាន់តែខ្លាំង ហើយសមាជិកក្រុមសម្បូរដោយកីឡាករ ដែលមានបទពិសោធច្រើន និងជោគជាំ ក្នុងអាជីពកីឡា E-sports នេះ។
ចំណែក FENNEC Esports ជាក្រុមថ្មី ដែលទើបបានបង្កើតឡើង ប៉ុន្តែសមាជិកក្រុមនេះ សំបូរបទពិសោធច្រើន ព្រោះពួកគេជាអតីតសមាជិកក្រុម Impunity X ហើយគោលបំណងបង្កើតក្រុមនេះឡើង គឺចូលរួមប្រកួត MPL KH Season 1 នេះ និងមានក្តីស្រមៃ ចង់ឈ្នះជើងឯក MPL KH នេះតែម្តង។
សម្រាប់ក្រុម Notorious Angels (NA) ដែលបង្កើតនៅដើមឆ្នាំ២០២១នេះ ក៏មានបទពិសោធច្រើន ក្នុងការប្រកួតនានា មុនពេលចូលរួមប្រកួត MPL KH រដូវកាលទី ១ នេះ ផងដែរ។ ប្រធានក្រុមរបស់ Notorious Angels បាននិយាយថា ៖«បរាជ័យជារឿងដែលមនុស្សគ្រប់គ្នាតែងតែឆ្លងកាត់ ប៉ុន្តែពួកយើង នឹងធ្វើឱ្យបានជោគជ័យ។ បើយើងប្រឹងប្រែង យើងនឹងបានផល»។
ចំពោះក្រុម Walker Esports ត្រូវបានបង្កើតឡើង បន្ទាប់ពីដឹងថា កម្ពុជាមានព្រឹត្តិការណ៍ប្រកួត MPL KH Season 1 ជាលក្ខណៈអាជីពនេះ ហើយតាមពិតទៅ សមាជិកក្រុមមួយនេះ មានបទពិសោធច្រើនណាស់។ ក្តីស្រឡាញ់ចំពោះកីឡាអេឡិចត្រូនិក បានជំរុញឱ្យពួកគេចូលរួមប្រកួតព្រឹត្តិការណ៍ដ៏សំខាន់ ជាលើកដំបូងនេះ។
សម្រាប់ក្រុមខ្លាំងទាំង ៤ ខាងលើនេះ ត្រូវប្រកួតនៅវគ្គ Regular ជាមួយក្រុមកំពូលខ្លាំងចំនួន ៤ ទៀត ដែលជារៀមច្បង និងមានបទពិសោធច្រើន ទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិ ក្នុងនោះមានក្រុម Impunity KH ក្រុម See You Soon ក្រុម New Blood និងក្រុម Burn Gaming។
ដូច្នេះនៅវគ្គ Regular នេះ មានក្រុមខ្លាំងឈានមុខចំនួន ៨ ដែលត្រូវប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា លក្ខណៈវិលជុំសន្សំពិន្ទុ ដែលនឹងចាប់ដំណើរការពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ខណៈព្រឹត្តិការណ៍នេះ នាំមកជូនដោយ MOONTON Games, Smart Axiata និងម្ចាស់ឧបត្ថម្ភ Sting និង NCX Honda។
ចំពោះក្រុម ដែលទទួលបានពិន្ទុលើគេ ចំនួន ៦ នឹងត្រូវបន្តប្រកួតវគ្គខ្វែងទៀត មុនពេល ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដើម្បីកាត់សេចក្តីរកក្រុមគ្រងជើងឯក MPL KH រដូវកាលទី១នេះ ដែលនឹងតំណាងឱ្យកម្ពុជា សម្រាប់ចេញទៅប្រកួតលើឆាកអន្តរជាតិ M3 World Championship នាចុងឆ្នាំនេះ៕