ក្រុមតារា​កីឡាអេឡិចត្រូនិកកម្ពុជា ឈ្មោះ​ថា «ស្មោះស្នេហ៍» បាន​រួមគ្នាបង្ហាញសមត្ថភាព​យ៉ាង​ល្អ ដើម្បី​ប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ All-Star Showdown 2022 សម្រាប់វិញ្ញាសា Mobile Legends Bang Bang (MLBB) ហើយ​បានបញ្ចប់ ដោយការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់ពីពួកគេ បានចាញ់ក្រុម​មកពី​ប្រទេស​មីយ៉ាន់ម៉ា នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

សម្រាប់​ព្រឹត្តិការណ៍ប្រកួត All-Star Showdown 2022 ដែល​​ផ្តោតទៅ​លើការ​ប្រកួត​ប្រជែង ដោយ​ទេពកោសល្យ​នេះ ត្រូវបានរៀបចំឡើងដោយ Moonton នៅចុងបញ្ចប់នៃយុទ្ធនាការ ៥១៥ ដែលសហការរៀបចំដោយ Samsung និងម្ចាស់ឧបត្ថម្ភផ្លូវការ Sting ព្រមទាំងដៃគូ KFC, Ttoy, WOWNOW, Legend, Smart និង Pleng សម្រាប់ដំណាក់កាលទី១ដែលមានតារាចម្រៀង ថេណា ជាអ្នកចាត់ការក្រុម All Star។

តាម​រយៈ​ការ​ប្រកួត​ដំណាក់កាលទី​១​នេះ ក្រុម ស្មោះស្នេហ៍ (Smos Sne) បាន​ក្លាយ​ជា​ក្រុម​តំណាង​ឱ្យ​កម្ពុជា ដែល​ត្រូវ​ចូល​រួមការប្រកួត​ដំណាក់កាលទី​២ ក្នុង​ព្រឹត្តិការណ៍ All-Star Showdown 2022 បន្ទាប់ពី​ពួកគេ ទទួលបាន​ជ័យជម្នះ សម្រាប់ការ​ប្រកួត​ជម្រុះ នៅក្នុងស្រុក ហើយ​ទទួលបាន​ប្រាក់រង្វាន់​​ចំនួន​១៥០០ដុល្លារអាមេរិកនោះ។

ចំពោះការ​ប្រកួតអន្តរជាតិ ដំណាក់កាលទី២ ជាមួយក្រុម​ផ្សេងៗ​ទៀត មក​ឥណ្ឌូណេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា នេះ ក្រុមស្មោះស្ម័គ្រ របស់​កម្ពុជា ដែល​ស្ថិតនៅពូល B នោះ បានយកឈ្នះក្រុមសិង្ហបុរី Team Skywee ដោយលទ្ធផល ១-០ សម្រាប់ការ​ប្រកួត​បើក​ឆាក រួចបន្ត​យកឈ្នះក្រុមមីយ៉ាន់ម៉ា Clover ដោយលទ្ធផល ១-០ ដើម្បីឈរលេខ១ ក្នុងពូល នេះ។

យ៉ាង​ណា​ក៏ដោយ សម្រាប់​ ការ​ឡើង​ទៅកាន់​​ការ​ប្រកួត​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមស្មោះស្នេហ៍ ដែល​ត្រូវ​ជួប​ក្រុម​លេខ​២ Clover ដដែលនោះ ចាញ់ដោយក្រុម​របស់​ប្រទេស​មីយ៉ាន់ម៉ា មួយនេះ ដោយ​លទ្ធផល ២-១ វិញ ហើយបានត្រឹម​ចំណាត់ថ្នាក់លេខ​​៣ អម​ដោយប្រាក់រង្វាន់​បន្ថែម​​ចំនួន ៣៥០០ដុល្លារទៀត។

ចំណែក​ក្រុម Clover ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រនោះ បាន​ទៅចាញ់ក្រុម​ខ្លាំង​មកពី​ពូល A របស់​ឥណ្ឌូនេស៊ី Nevermind ដោយលទ្ធផល ៣-០ ដូច្នេះ ក្រុម Nevermind បានក្លាយជាជើងឯក ខណៈ​ប្រាក់​រង្វាន់​សរុប ក្នុង​ព្រឹត្តិការណ៍ All-Star Showdown 2022 នេះ មានចំនួន​ ២៥០០០ដុល្លារអាមេរិក។

ជាមួយគ្នា​នេះ អ្នកស្រី Trinity Wu តំណាងផ្នែកទីផ្សារអន្តរជាតិរបស់ MLBB ​បាន​ថ្លែងថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលពិភពនៃកីឡាអេឡិចត្រូនិក និងហ្គេម MLBB ទទួលបានការពេញនិយមខ្លាំងនៅកម្ពុជា ហើយ​ព្រឹត្តិការណ៍​លើកនេះ មាន​ការ​ប្រមូលផ្តុំដោយតារាល្បីៗ និងអ្នកនិម័យលេងកីឡាអេឡិចត្រូនិកឈានមុខគេ ចំណែក លីគអេឡិចត្រូនិក MPL ថ្នាក់ជាតិ លើកដំបូង មានក្រុមអាជីព២ដំបូងគេ នៅ MSC ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ បើប្រៀបធៀបនឹងអ្វីដែលចង់នឹងកសាងនាពេលអនាគត»។

អ្នកស្រី​បានបន្ថែម​ថា៖ «ទោះជាការចែករំលែកនៅទីនេះ តិចតួច ក៏យើងខ្ញុំចង់ប្រាប់ទៅសហគមន៍ថា យើងខ្ញុំយកចិត្តទុកដាក់ពីប្រព័ន្ធអេកូឡូស៊ី សម្រាប់កីឡាករអាជីព និងអ្នកចូលចិត្តកីឡាអេឡិចត្រូនិកនៅកម្ពុជា ហើយយើងខ្ញុំចង់ឱ្យ​មានសកម្មភាពច្រើនថែមទៀត ពីគ្រប់កម្រិត។ យើងខ្ញុំមានគោលបំណង ក្នុងការចាប់ផ្តើមយុគសម័យថ្មី នៃកីឡាអេឡិចត្រូនិកជាមួយគ្នា ដូចអ្វីដែលពាក្យស្លោករបស់ 515 Allstar លើកឡើងថា «យើងខ្ញុំ ល្អជាងខ្ញុំ»។

ចំណែកតំណាងរបស់ Samsung បានបញ្ជាក់ថា៖ «Samsung ពិតជាមានភាពរីករាយក្នុងកិច្ចសហការជាមួយ ALL STAR ដែលនឹងនាំមកនូវបទពិសោធថ្មី ដល់អតិថិជនរបស់ទូរស័ព្ទ Galaxy ជាមួយនឹងការលេងហ្គេមយ៉ាងរលូន។ បទពិសោធនេះ នឹងបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់សាមសុង ក្នុងការផ្តល់នូវផលិតផល ដែលមានគុណខ្ពស់ទាំងផ្នែកល្បឿនអេក្រង់ និងកម្លាំងថ្ម»៕