ព្រឹត្តិការណ៍​ប្រកួត​កីឡា​​​​កីឡា​អេឡិចត្រូនិក​​លីគ​អាជីព​ លំដាប់​អន្តរជាតិ លើក​ដំបូង​ នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ហៅ​ថា MPL KH រដូវ​កាលទី​១ លើ​វិញ្ញាសា​ Mobile Legends: Bang Bang ​បាន​​ស្វែង​រក​ឃើញ​ក្រុម​ខ្លាំងចំនួន ​​៤ ​​ចេញ​ពីការ​ប្រកួត​​វគ្គ​ជម្រុះ​​​​ ដើម្បី​​​ឡើង​ទៅ​ប្រកួត​ប្រជែង​ជា​បន្ត នៅ​​​វគ្គ ​Regular ជា​ផ្លូវការ​ហើយ។

សម្រាប់ការ​ប្រកួត MPL KH រដូវ​កាល​ទី១ ឬ MPL KH Season 1 ​​ដែល​ត្រូវបាន​គេ​មើល​ឃើញ​ថា ​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ​ក្នុង​ការ​ជួយ​អភិវឌ្ឍ និង​ជំរុញ​វិស័យ​កីឡា​​អេឡិចត្រូនិក​ នៅ​​កម្ពុជា ​ឱ្យ​​ឈាន​​ដល់​កម្រិត​ស្តង់ដារ​អន្តរជាតិ​​ នោះ គឺ​​រៀប​ចំឡើង​​ដោយ​ក្រុម​ហ៊ុន​ Moonton ​ដែល​ជា​ស្ថាបនិក​វិញ្ញាសា​ Mobile Legends:​ Bang​ Bang នេះ​តែ​ម្តង​។

ជាមួយការ​បង្ហាញ​វត្តមាន ជា​លើក​ដំបូង ​នៃ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ​មិន​ធ្លាប់​មាន​នេះ គឺ​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា ​ដែល​និយម​ចូល​ចិត្ត​កីឡា​សម័យ​ទំនើប​នេះ ​បាន​ចុះ​ឈ្មោះ​ចូល​រួមយ៉ាង​ច្រើន ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើលបំផុត ព្រោះ​​តាម​រយៈ​ការ​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ ​កាល​ពី​ថ្ងៃ​ ២៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី ​៦ ខែ​សីហា គឺ​មាន​អ្នក​ចូល​រួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​នេះ រហូត​ដល់​ ៦៣៦ ​ក្រុម​ឯណោះ។

យ៉ាងណាក៏​ដោយ សម្រាប់​ក្រុម​ទាំង​អស់ ​ដែល​បាន​ចុះ​ឈ្មោះ​នេះ គឺ​គណៈ​កម្មការ​រៀបចំ ​​បាន​ចម្រាញ់​ជ្រើស​រើស​យក​​​តែ ​​​​២៥៦ ​ក្រុម​ប៉ុណ្ណោះ​ ដើម្បីឱ្យ​ចូល​រួម​​​​ប្រកួត ​ក្នុង​វគ្គ​ជម្រុះ​ ព្រោះ​ការ​ប្រកួតនេះ ត្រូវ​បាន​ធ្វើ​ឡើង តាមប្រព័ន្ធអនឡាញ គឺ​មានន័យ​ថា ក្រុម​ចូល​រួម​ប្រកួត​ទាំង​នេះ ត្រូវ​ស្ថិតនៅតាមគេហដ្ឋាន​រៀងៗខ្លួន ហើយ​ប្រកួតគ្នាតាមប្រព័ន្ធអន​ឡាញ ដែល​ត្រូវបាន​បង្កើតឡើង​ដោយគណៈកម្មការ​ និងមានក្រុមជំនាញ​ជា​អ្នក​គ្រប់​គ្រង ដើម្បីកំណត់​លទ្ធផល​នៃ​ការ​ឈ្នះ​ចាញ់។

ជាមួយគ្នានេះ តាម​រយៈ​ប្រកួតតាម​អនឡាញ ​រយៈ​ពេល ​៤ ​ថ្ងៃ​ ដោយបាន​​ចាប់ផ្តើម​​ពី​ថ្ងៃ​ទី​៨ ដល់ ទី​ ១១ ខែ​សីហា ​ឆ្នាំ​២០២១​នេះ គណៈ​កម្មការ​រៀបចំ ​​បាន​​​រកឃើញ​​ក្រុម​ខ្លាំង​ចំនួន ​១៦ ដើម្បី​យក​មក​​បន្តការ​​ប្រកួត​ប្រជែង​ ដោយ​មាន​ការ​​ផ្សាយ​ផ្ទាល់ ​ចាប់​ពី​ថ្ងៃ​ទី ​១២ ​ដល់​ទី ​១៥ ខែ​សីហា​​។

ជា​លទ្ធផល​នៃ​ការ​ប្រកួត​​ក្នុង​វគ្គ​ ១៦ ​ក្រុមនេះ ក្រុម​ខ្លាំង​​ចំនួន​​៤ ​បាន​ឆ្លង​ផុត​នៅ​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​នេះ ដើម្បី​ឈាន​ទៅ​ប្រកួត​បន្ត នៅ​វគ្គ​ Regular ហើយ​ក្រុម​ទាំង​៤ ដែល​ឈ្នះ​បាន​កៅ​អី នៅ​ក្នុង​វគ្គ​នេះ ​រួម​មាន​​​ក្រុម​ DG Quantum ក្រុម FENNEC Esport ក្រុម​​ Notorious Angels និង​ក្រុម ABCDEF។

គួរ​បញ្ជាក់ថា ក្រុម DG Quantum ជា​ក្រុម​មួយ ​ត្រូវ​បាន​បង្កើត​ឡើង ​កាល​ពី​ឆ្នាំ ​២០១៦ និង​មាន​បទ​ពិសោធ​ច្រើន ​ក្នុង​ការ​ប្រកួត​។ កាល​ពី​ឆ្នាំ​មុន​ ពួក​គេ​បាន​ចាប់​ដៃ​គូ ​ជា​មួយ Quantum ដើម្បី​ពង្រឹង​ក្រុម​កាន់​តែ​ខ្លាំង ហើយ​សមាជិក​ក្រុម​សម្បូរដោយ​​​កីឡាករ ​ដែល​មាន​បទ​ពិសោធ​ច្រើន និង​ជោគ​ជាំ​ ក្នុង​អាជីព​កីឡា E-sports នេះ។

ចំណែក​ FENNEC Esports ជាក្រុម​ថ្មី ​​ដែល​ទើប​បាន​បង្កើត​ឡើង ប៉ុន្តែ​សមាជិក​ក្រុម​នេះ សំបូរ​បទ​ពិសោធ​ច្រើន​ ព្រោះ​ពួក​គេ​ជា​អតីតសមាជិក​​ក្រុម Impunity X ហើយ​គោល​បំណង​បង្កើត​ក្រុម​នេះ​ឡើង ​គឺ​​​ចូល​រួម​ប្រកួត MPL KH Season 1 នេះ និង​មាន​​ក្តី​ស្រមៃ​ ចង់​​ឈ្នះ​ជើង​ឯក MPL KH នេះ​តែ​ម្តង។

សម្រាប់​​ក្រុម Notorious Angels (NA) ដែល​បង្កើត​នៅ​ដើម​ឆ្នាំ​២០២១​នេះ​ ក៏​មាន​បទ​ពិសោធ​ច្រើន ​ក្នុង​ការ​ប្រកួត​នានា ​មុន​ពេល​ចូល​រួម​ប្រកួត MPL KH រដូវកាល​ទី ​១ ​នេះ ផងដែរ។ ប្រធាន​ក្រុម​របស់ Notorious Angels ​បាន​និយាយ​ថា ៖«បរាជ័យ​ជា​​រឿង​ដែល​មនុស្ស​គ្រប់​គ្នា​តែង​តែ​ឆ្លង​កាត់ ប៉ុន្តែ​​ពួក​យើង​ ​នឹង​ធ្វើ​ឱ្យ​​បាន​ជោគជ័យ។ បើ​យើង​ប្រឹង​ប្រែង យើង​នឹង​បាន​ផល»។

ចំពោះក្រុម Walker Esports ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ពី​ដឹង​ថា កម្ពុជា​មាន​ព្រឹត្តិការណ៍​ប្រកួត​ MPL KH Season 1 ជាលក្ខណៈ​អាជីពនេះ ហើយ​តាមពិត​ទៅ សមាជិក​ក្រុម​មួយ​នេះ​ មាន​បទ​ពិសោធ​ច្រើន​ណាស់​។ ក្តី​ស្រឡាញ់​ចំពោះ​កីឡា​អេឡិចត្រូនិក​ បាន​ជំរុញ​ឱ្យ​​ពួក​គេ​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍ដ៏​​សំខាន់ ជា​លើក​ដំបូង​នេះ។

សម្រាប់​ក្រុម​​​ខ្លាំង​ទាំង​ ៤ ​ខាង​លើ​នេះ ត្រូវ​​​ប្រកួត​​នៅ​​​វគ្គ​ Regular ជា​មួយ​​ក្រុម​កំពូល​ខ្លាំង​​ចំនួន ៤ ​ទៀត ​​​​ដែល​ជា​រៀម​ច្បង និង​មាន​បទ​ពិសោធ​ច្រើន ​ទាំង​ការ​ប្រកួត​ក្នុង​ស្រុក និង​អន្តរជាតិ​​​ ក្នុង​នោះ​មាន​ក្រុម Impunity KH ក្រុម See You Soon ក្រុម New Blood និង​ក្រុម Burn Gaming។

ដូច្នេះ​នៅ​វគ្គ Regular នេះ​ មាន​ក្រុម​ខ្លាំង​ឈាន​មុខ​​ចំនួន ​៨ ​ដែល​ត្រូវ​ប្រកួត​ប្រជែង​គ្នា​​យ៉ាង​ខ្លាំង​ក្លា​ លក្ខណៈ​​វិល​ជុំ​សន្សំ​ពិន្ទុ ​ដែល​នឹង​ចាប់​ដំណើរ​ការ​ពី​ថ្ងៃ​ទី ​២៨ ខែ​សីហា ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១​ ខណៈព្រឹត្តិការណ៍នេះ នាំ​មក​ជូន​ដោយ​ MOONTON Games, Smart Axiata និង​ម្ចាស់​ឧបត្ថម្ភ Sting និង​ NCX Honda។

ចំពោះ​ក្រុម​​​ ដែល​ទទួល​បាន​ពិន្ទុ​លើ​គេ​ ចំនួន​ ​៦ នឹង​​​ត្រូវ​​​បន្ត​ប្រកួតវគ្គ​ខ្វែង​ទៀត ​មុន​ពេល ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ​​ដើម្បី​កាត់​សេចក្តី​រក​ក្រុម​​គ្រង​ជើង​ឯក​​ MPL KH ​រដូវ​កាល​ទី​១​នេះ ​ដែល​នឹង​តំណាង​ឱ្យ​កម្ពុជា​ សម្រាប់​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ M3 World Championship នា​ចុង​ឆ្នាំ​នេះ៕