អ្នក​ជំនាញ​ផ្នែកកីឡា​របស់​គណៈកម្មាធិការជាតិរៀបចំ​ ការ​ប្រកួតកីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)  លោក វ៉ាត់ ចំរើន បានអះអាង​ថា សំណង់ដ៏​ធំស្កឹមស្កៃ​​​នៃ​ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ មិន​មែន​សម្រាប់​ប្រើ​គ្រាន់តែ​ជា​កន្លែង​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពហុកីឡដ្ឋាន​ថ្ម​នេះ ក៏​នឹងក្លាយ​ជា​ទីកន្លែង សម្រាប់រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក និង​ការ​ប្រកួត​បាល់​ទាត់ពិភព​លោក (World Cup) នាពេល​អនាគត ផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ដែល​បាន​ដឹកនាំ​គណៈប្រតិភូមួយក្រុម ចុះ​ទៅពិនិត្យ​មើល​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​ថ្លែង​ថា៖​«តាមការ​ដើរ​មើល​ពិនិត្យ​យ៉ាងលម្អិត​នៅ​ថ្ងៃ​នេះ យើង​ឃើញ​ថា ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដ៏​ធំ​នេះ មាន​លក្ខណៈបច្ចេក​ទេស នៃ​ការ​រៀបចំ ​ទៅតាម​លំដាប់លំដោយ គឺ​ត្រូវនឹង​ស្តង់ដារពហុកីឡដ្ឋាន​អន្តរជាតិ»។

លោកបានបន្ត​ថា៖​ «​ពហុកីឡដ្ឋាន​ថ្មីនេះ យើងអាច​រៀបចំ​ព្រឹត្តិការណ៍​ធំៗ យើងអាច​រៀបចំ​ការ​ប្រកួតកម្រិត​អន្តរជាតិ ពី​កម្រិត​ទាប ដល់​កម្រិត​ខ្ពស់បំផុត ចំណែក​ព្រឹត្តិការណ៍​ពីកម្រិត​តូច ដល់​កម្រិត​ធំ ក៏​យើង​អាច​ធ្វើបាន និង​រៀបចំ​ពិធី​ជាតិ​ធំៗ ក៏អាច​ធ្វើ​បាន នៅទី​នេះ ព្រោះ​មាន​ភាពងាយ​ស្រួល តែ​សំខាន់​ការ​រៀបចំ​ឱ្យមានសណ្តាប់ធ្នាប់ ​តាមបន្ទប់នីមួយៗ តាម​កន្លែង​នីមួយៗ ដើម្បី​យើង​ងាយស្រួល ក្នុងការ​ធ្វើពិធី និង​ងាយស្រួល​ដល់​ការ​រក្សា​នៅសណ្តាប់ធ្នាប់ និងសន្តិសុខ ហើយ​ងាយ​ស្រួល ក្នុងការ​ចូល និងចេញ ទៅតាម​ទី​តាំង​មួយៗ ដែល​បានកំណត់រួច​ហើយ»។

អ្នក​ជំនាញកីឡា ដែល​ជា​អគ្គលេខាធិការ NOCC ផង​នោះ បាន​បន្ថែម​ថា៖​«អ៊ីចឹង​​ទេ ពហុកីឡដ្ឋាន​ជាតិ​មតក​តេជោ ជា​ពហុកីឡដ្ឋាន​​មួយ ដែល​ថ្ងៃអនាគត​ទៅ យើងអាច​រៀបចំ​ការ​ប្រកួត​កម្រិតអន្តរជាតិ​ធំៗ ដោយ​ពេលនេះ យើង​ត្រៀម​​សម្រាប់ការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ និងត្រៀម​សម្រាប់ការ​ប្រកួត​ហ្គេម​ផ្សេងៗ​ទៀត ដែល​យើងអាច​ឈាន​ដល់​​អាស៊ីហ្គេម អូឡាំពិក​ហ្គេម នៅ​ថ្ងៃ​ក្រោយ​ទៀត»។

លោក​បាន​បញ្ជាក់ថា៖​«​បន្ថែម​លើនេះ ​យើង​ក៏​អាច​ឈាន​​ធ្វើ​ជា​បេក្ខភាព​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក ផងដែរ ព្រោះ​យើង​មាន​ពហុកីឡដ្ឋាន​ក្នុង​កម្រិតស្តង់ដារ​អន្តរជាតិ​រួច​ហើយ។ អ៊ីចឹង​​ថ្ងៃ​នេះ យើង​ពិនិត្យ​ នៅរាល់បន្ទប់​ទាំង​អស់ ដែល​យើងប្រើ​ប្រាស់បាន និង​រៀបចំបំពាក់​ស្លាក​បន្ទប់ រៀបចំ​កន្លែង​បច្ចេក​ទេស និងកន្លែងសម្រាក​​ជា​ដើម​ ឱ្យបានត្រឹម​ត្រូវ រួច​រាយការណ៍​ទៅ​ថ្នាក់​ដឹកនាំ ដើម្បី​ឱ្យ​​លោក​សម្រេច ទៅ​លើ​ការបំពាក់ និង​ការ​រៀបចំ ជា​ចុង​ក្រោយ»៕