វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោង​នឹង​រៀប​ចំ​ពិ​ធី​សម្ពោធ​ដាក់​ឱ្យ​​ប្រើ​​​ប្រាស់​​ជា​​ផ្លូវ​ការ នា​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ  ហើយ​ពិធី​សម្ពោធនេះ ត្រូវបាន​ថ្នាក់​ដឹក​នាំ គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​​ប្រកួតកីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​​៣២ ឆ្នាំ​២០២៣ (CAMSOC) ​នឹង​រៀបចំ​ក្នុង​ទ្រុង​ទ្រាយ​ធំ ដ៏ពិសេស គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ស័ក្តិសម​ជានិមិត្ត​រូប​ នៃ​ចំណង​​មិត្ត​ភាពដែល​ថែប ដ៏​​យូរ​អង្វែង​រវាង​កម្ពុជា-ចិន។

នៅ​ក្រោយ​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​របស់ CAMSOC  ក្រោម​អធិបតី​ភាព លោក​​បណ្ឌិត ថោង ខុន ជា​អនុ​ប្រ​ធាន​អចិន្ដ្រៃយ៍ CAMSOC កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ លោក វ៉ាត់ ចំរើន បាន​​ថ្លែង​ថា អង្គប្រ​ជុំ​​លើក​នេះ បាន​លើក​ឡើង ​អំពី​ការ​ត្រៀម​រៀបចំពិធីសម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នៅ​«វិមានកីឡដ្ឋាន នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរ​តក​តេជោ» ដែល​គ្រោង​​នឹង​រៀប​ចំ ​នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ បន្ទាប់​ពី​សមិទ្ធ​ផល​ប្រ​វត្តិ​សាស្ដ្រ​ដ៏​អស្ចារ្យ​នេះ ត្រូវ​បាន​រៀប​ចំ​ពិធី​ប្រ​គល់-ទទួល ​រួច​រាល់ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​។

អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បញ្ជាក់​ថា៖ ​«ដោយ​មាន​ការ​ណែនាំ​ផ្ទាល់​ពី​ឯក​ឧត្តម​បណ្ឌិត ថោង ខុន ពិធី​សម្ពោធ​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​​ស័ក្ដិ​សម ​ទៅ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ម​ហិ​មា និង​ស័ក្ដិ​សម​ជា​និមិត្ត​រូប នៃ​ចំ​ណង​មិត្ត​ភាព​ដែក​ថែប ​​ដ៏យូ​រ​អង្វែង​រវាង​កម្ពុជា-ចិន អ៊ីចឹង​​កម្ម​វិធី​នេះ មាន​ទាំង​កម្ម​វិធី​សិល្បៈ​វប្ប​ធម៌​ និង​​កម្ម​វិធី​កីឡា​ ដែល​យើង​កំពុង​ស្វែង​រក​នូវ​ប្រ​ភេទ​កីឡា​ណា ដែល​អាច​ប្រ​កួ​ត​ជា​មិត្ត​ភាព​កម្ពុជា​-​ចិន ​បាន»។

ជាមួយ​គ្នា​នេះ ពិធីសម្ពោធ​​ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក៏​នឹង​ត្រូវ​ធ្វើ​ឡើង ដើម្បី​ជា​ភាពគំរូ​មួយ ដើម្បី​បើក​ផ្លូវ ឈាន​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្រ្ត លើក​ដំបូង របស់​កម្ពុជា ផងដែរ ខណៈ​ពហុកីឡដ្ឋាន​ថ្មីនេះ បានសាងសង់លើផ្ទៃដី ១៦,៤ហិកតា ផ្ទៃក្រឡាសំណង់អាគារ ៨៦,០០០ម៉ែត្រការ៉េ ដែល​អាច​ផ្ទុក​អ្នកទស្សនាបាន ៦ម៉ឺននាក់ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ក្នុងទឹកប្រាក់ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក។

អ្នក​ជំនាញ​កីឡា​ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​បន្ថែម​ថា៖ ​«ឥឡូវ​នេះ យើង​កំពុង​រៀបចំគណៈ​កម្មការរៀប​ចំ​ពិធី​សម្ពោធ​នេះ ដែល​គ្រោង​រៀប​ចំ​ឡើង​ក្រោម​អ​ធិ​ប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​តេ​ជោ​នា​យក​រដ្ឋ​មន្ដ្រី ហើយ​និង​ធ្វើ​ឱ្យ​​កម្ម​វិធី​នេះ ក្លាយ​ទៅជា​ព្រឹត្តិ​ការណ៍​មួយ ដែល​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ស៊ីហ្គេម និង​អា​ស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ​២០២៣ របស់​យើង។ ឯក​ឧត្តម​បណ្ឌិត ថោង ខុន បញ្ជាក់​​ថា យើងត្រូវ​រួស​រាន់​ធ្វើឱ្យ​ទាន់ពេលវេលា និង​ធ្វើ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព ហើយ​ធ្វើ​ឱ្យ​​ត្រឹម​ត្រូវ ​តាម​កិត្តិ​យស​ នៃ​មរ​តក​ដ៏​មហា​សាល​នេះ»៕