បរទេស៖ លោក Phil Neville គ្រូបង្វឹករបស់ក្លិប Inter Miami ជឿជាក់ថា Romeo ដែលជាកូនប្រុសរបស់ David Beckham មានសក្តានុពល ក្នុងការបង្កើតការភ្ញាក់ផ្អើលក្នុងអាជីពជាកីឡាបាល់ទាត់ បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងរបស់គេនៅ Florida។
Romeo Beckham បានលេងក្នុងការប្រកួតអាជីពជាលើកដំបូងរបស់គេ កាលពីថ្ងៃអាទិត្យ ក្រោយពីបានជាប់ក្នុងជម្រើសទាំង១១នាក់ដំបូងសម្រាប់សម្រាប់ Fort Lauderdale CF ដែលជាក្លិបសាខារបស់ Inter Miami។ កីឡាករវ័យ១៩ឆ្នាំរូបនេះ បានលេងរយៈពេល៧៩នាទី ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម South Georgia Tormenta FC និងបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់លោក Neville ដែលជាគ្រូបង្វឹករបស់ Inter Miami ក្រោយពីបានប៉ះបាល់១៩លើកក្នុងការប្រកួតនេះ។
លោក Neville បាននិយាយកាលពីថ្ងៃចន្ទថា៖ «ខ្ញុំគិតថា រូបគេធ្វើបានយ៉ាងល្អ។ ខ្ញុំគិតថា ការវាស់វែងលើទម្រង់លេងរបស់គេគឺថា រូបគេត្រូវបានគ្រោងដាក់ឲ្យលេងត្រឹមតែ៤៥នាទីប៉ុណ្ណោះ ហើយរូបគេលេងបានដល់ទៅ៨០នាទីដោយសារតែរូបគេជាក្មេងប្រុសដែលមានការស្រេកឃ្លាន»។ លោកបានបន្ថែមទៀតថា៖ «រូបគេមានសម្ពាធជាច្រើន និងការរំពឹងទុកនានា ដែលស្ថិតលើស្មារតរបស់គេ។ ប៉ុន្តែ អ្វីដែលគេមានគឺថា គេមានភាពរឹងមាំលើទីលានប្រកួត»៕
ប្រភពព័ត៌មាន៖ Channel News Asia