«​ខ្ញុំ​មាន​សិទ្ធ​ប្ដឹង​បាន ពី​ពាក្យ​សម្ដី​របស់​អ្នក​ស្រី» នេះជា​ការ​បញ្ជាក់​​របស់កីឡាករ​ជម្រើស​ជាតិ ឈុត សេរីវ៉ាន់ថង តាម​សារស័ព្ទ​របស់​ខ្លួន នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ដើម្បី​តប់​ទៅ​នឹង​ការ​រិះគន់ចំពោះ​រូបគេ ពីសំណាក់​អ្នក​ស្រី សាំង សុម៉ាលី ដែល​ជាប្រពន្ធ​របស់​អតីត​កីឡាករ​ជើង​ខ្លាំង លោក អេ ភូថង។

សង្រ្គាម​ពាក្យ​សម្តី ដែលបាន​រីក​សាយ នៅ​លើ​ប្រព័ន្ធសង្គម​ហ្វេសប៊ុកនេះ បាន​កើត​មាន​ឡើង បន្ទាប់ពី​អ្នក​ស្រី សាំង សុម៉ាលី បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់ខ្លួន (សសុម៉ាលី ភូថង) ដោយ​បាន​ចោទ ឈុត សេរីវ៉ាន់ថង ថា ធ្លាប់លួច លទ្ធផល ឡុង ជិន និ​ង​ចង់​លួច​លទ្ធផល ម៉ឺន មេឃា ដែល​ជា​កូន​របស់​អ្នក​ស្រី​ទៀត តែមិនអាច​ធ្វើ​ទៅ​បាន។

ការ​លើក​ឡើង​របស់​អ្នក​ស្រី សាំង សុម៉ាលី គឺ​សំដៅ​ទៅ​ដល់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ នៅ​លើ​សង្វៀន CNCC កន្លងមកនេះ ដោយ​កាល​នោះ ឈុត សេរីវ៉ាន់ថង ត្រូវបាន​ប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុ ឡុង ជិន ទាំង​ចម្រូងចម្រាស់ នៅ​វគ្គជម្រុះ​តាមពូល ប៉ុន្តែ​សម្រាប់ការជួប ម៉ឺន មេឃា វ៉ានប់ថង បាន​ចាញ់ដោយ​សន្លប់ និងបាន​បន្ត​ចាញ់ពិន្ទុ ម៉ឺន មេឃា ទៀត នៅពេល​អ្នកទាំង​២ បានជួបគ្នា​ជា​ថ្មី នៅវគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ជ័យជម្នះ​នោះ បាន​ជួយ​ឱ្យ ម៉ឺន មេឃា ​ក្លាយជា​ម្ចាស់ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់ចំនួន​៥ពាន់​ដុល្លារ។

សម្រាប់ការ​ប្រើពាក្យ​ថា លួច​លទ្ធផលនេះ ​ពីសំណាក់អ្នកស្រី សាំង សុម៉ាលី នេះ ឈុត សេរីវ៉ាន់ថង បាន​ប្រតិកម្ម​ខ្លាំង ហើយបាន​ចាត់​ទុក​ទង្វើ​​របស់​អ្នក​ស្រី សុម៉ាលី ​ថា ជាបទ​បរិកេរ្តិ៍ ជា​សាធារណៈ ដែល​រូបគេ​អាច​ប្តឹង​បាន ទៅតាម​ ​មាត្រា​៣០៥។

ឈុត សេរីវ៉ាន់ថង បាន​សរសេរតប​ទៅប្រព័ន្ធ​របស់ អេ ភូថង កាលពី​ម្សិល​មិញ​ថា៖​«ក្នុងនាមខ្ញុំជាកីឡាករគុនខ្មែរ និងជាកីឡាករជម្រើសជាតិឃីកបុកស៊ីង ខ្ញុំ​មាន​ប្រតិកម្ម​ទៅ​លើ​ពាក្យ​សម្ដី​របស់ ភរិយាលោកគ្រូ អេ ភូថង គឺអ្នកស្រី សសុម៉ាលី (សាំង សុម៉ាលី) ក្នុងនោះអ្នកស្រីបានសរសេរថា (#អាណិតខ្លោចចិត្តអត់ វ៉ាន់ថង ធ្លាប់​លួច​លទ្ធផល ឡុង ​ជិន ម្ដង មិចចង់លួចលទ្ធផល មេឃា ទៀតមែន តែមិនអាច) ពាក្យគាត់និយាយថា ខ្ញុំលួច គឺ​ស្មើរនឹងគាត់ចោទខ្ញុំថាជា (ចោរ) បាត់​ទៅ​ហើយ ទាំង​ដែល​នៅ​ក្នុង​នោះ ជា​កន្លែង​ប្ដី​អ្នក​ស្រី ធ្វើការ​ផងដែរ​»។

កីឡាករ​ជើង​ខ្លាំងមកពីជាយ​ដែន​រូបនេះ បានបន្ត​ថា៖​ «អ្នក​ស្រី សសុម៉ាលី និយាយ​បែប​នេះ គឺ​អ្នក​ស្រី​បរិហាកេរ្តិ៍​ខ្ញុំ ច្បាស់ណាស់ ពី​បទ​ចោទ​ប្រកាន់​ថា ខ្ញុំ​ជា​ចោរ (ចោរលួចលទ្ធផល)។ សូមគិតឱ្យបានច្បាស់ មុននឹងបរិហាកេរ្តិ៍​ខ្ញុំ ជាសាធារណៈ​បែបនេះ ព្រោះ​កាល​ដែល​សរសេរ​បែបនេះ វា​ប៉ះ​ពាល់​ដល់​កិត្តិ​យស​របស់​ខ្ញុំ ដែល​ជា​កីឡាករ​ជម្រើស​ជាតិ​ម្នាក់ ព្រោះ​ខ្ញុំ​មាន​សិទ្ធ​ប្ដឹង​បាន ពី​ពាក្យ​សម្ដី​របស់​អ្នក​ស្រី សូម​អ្នក​ស្រី មើល​មាត្រា​៣០៥ ផង មុន​នឹង​និយាយ​ឱ្យ​តែ​រួច​ពី​មាត់​បែប​នេះ»។

យ៉ាង​ណា​ក៏​ដោយ ការ​ប្រើសារស័ព្ទ​វាយ​ប្រហារគ្នា នៅលើប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​នេះ អាច​នឹងត្រូវ​បញ្ចប់ តាម​រយៈការ​បង្ហោះ​សារ​គម្រាម​ប្តឹង​របស់ ឈុត សេរីវ៉ាន់ថង នេះ ព្រោះ​បន្ទាប់ពី​ការ​បង្ហោះ​សារ​នេះ អ្នក​ស្រី សាំង សុម៉ាលី បាន​លុប​ចោលសារ​ទាំង​អស់ ដែល​អ្នក​ស្រី​បាន​រិះគន់ មក​លើ វ៉ាន់ថង ហើយ​សកម្មភាពនេះ អាច​បង្ហាញ​ថា អ្នកស្រី សុម៉ាលី បាន​យល់ ហើយ​ដឹង​ថា ខ្លួនពិតជាមានកំហុស​ ពីការ​សរសេរបង្ហោះ​បរិហារកេរ្តិ៍អ្នក​ដទៃ នៅ​លើ​ប្រព័ន្ធ​សង្គម​នេះ ព្រោះ​ច្បាប់ នៅ​ក្នុង​ប្រទេសកម្ពុជា ពិតជា​បានចែកប្រាកដមែន​ ទៅ​លើបញ្ហា​នេះ៕