កីឡាករជម្រើសជាតិឃីកបុកស៊ីង ឈុត សេរីវ៉ាន់ថង បានអះអាងថា ការអាចផ្តួលជើងខ្លាំង សូត្រ វាសនា ដើម្បីឈ្នះពានមាស នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យ វាបានកើតមានឡើង ដោយរូបគេទទួលបានកម្លាំងចិត្ត ពីការលើកទឹកចិត្តរបស់គាំទ្រ ដែលជំរុញឱ្យ វ៉ាន់ថង ត្រូវតែខំប្រុង យកពានមាសនេះឱ្យបាន ដើម្បីជូនដល់វិញ្ញាណក្ខន្ធលោកតារបស់ខ្លួន ដែលទើបបានទទួលមរណភាព នៅមុនការប្រកួតមួយថ្ងៃ។
ឈុត សេរីវ៉ាន់ថង បានសារភាពថា បន្ទាប់ពីបានទទួលដំណឹងនៃការស្លាប់របស់លោកតារបស់ខ្លួន គឺរូបគេ គ្មានកម្លាំង នឹងប្រកួតផ្តាច់ព្រ័ត្រជាមួយ សូត្រ វាសនា នោះទេ ប៉ុន្តែសារលើកទឹកចិត្តពីអ្នកគាំទ្រ បានធ្វើឱ្យរូបគេ មានទឹកចិត្តឡើងប្រកួតវិញ ហើយថែមទាំងបានផ្តួល សូត្រ វាសនា នៅទឹកទី៤ ទៀតផង។
«ការឈ្នះពាននេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ហើយក៏មានអារម្មណ៍សោកសៅ ផងដែរ ព្រោះថ្ងៃ ដែលខ្ញុំបានពានមាសនេះ ប៉ុន្តែក៏ជាថ្ងៃ ដែលលោកតារបស់ខ្ញុំ បានបាត់បង់ជីវិត»។ នេះជាសម្តីរបស់ ឈុត សេរីវ៉ាន់ថង បាននិយាយ នៅក្រោយការផ្តួល សូត្រ វាសនា ឱ្យសន្លប់ ខណៈការប្រកួតនេះ វ៉ាន់ថង ក៏ត្រូវ សូត្រ វាសនា វ៉ៃកែងបណ្តាលឱ្យបែក បន្សល់ទឹកស្នាមដេរអស់ចំនួន៨ថ្នេរផងដែរ។
វ៉ាន់ថង បានបន្ថែមថា៖ «កាលពីដំបូង នៅមុនការប្រកួត ខ្ញុំគ្មានអារម្មណ៍ប្រកួតនោះទេ ដោយសារ លោកតា ទទួលមរណភាព អ៊ីចឹងហើយធ្វើឱ្យខ្ញុំខូចចិត្តខ្លាំងមែនទែន ប៉ុន្តែដោយសារឃើញបងប្អូនផុសរូប លើកទឹកចិត្តឱ្យខំប្រឹងឡើង ស៊ូ វ៉ៃដើម្បីលើកពានយកទៅជូនលោតតា ដែលបានចែកឋានទៅ ហេតុនេះហើយ ទើបធ្វើឱ្យខ្ញុំ មានកម្លាំងចិត្ត ធ្វើដំណើរមកប្រកួត នៅស្ថានីយទូរទស្សន៍ថោន ដោយមានកម្លាំងចិត្ត ចង់ឈ្នះ ចង់បានពាន និងខំប្រឹងទៅមុខទៀត»។
តាមរយៈការប្រកួត កាលពីថ្ងៃអាទិត្យនោះ ឈុត សេរីវ៉ាន់ថង បានវ៉ៃ សូត្រ វាសនា ឱ្យលោកអាជ្ញាកណ្តាលរាប់ តាំងពីទឹកទី១ ដោយការវាយកែងឱ្យដួល នៅពាក់កណ្តាលទឹក ហើយនឹងបន្តទាត់ និងម៉ាត់ឱ្យរាប់ចំនួន២ដងទៀត នៅក្នុងទឹកទី២ តែក៏ពេលដែល វាសនា វាយកែង បណ្តាលឱ្យ វ៉ាន់ថង បែកនៅលើចិញ្ចឹមខាងស្តាំ ហូរឈាមស្រោចពេញខ្លួនផងដែរ។
យ៉ាងណាក៏ដោយ ការវាយប្តូរកែងគ្នា នៅទឹកទី៤ ឈុត សេរីវ៉ាន់ថង បានវាយកែងខ្លី ចូលពេញៗ រួចម៉ាត់ស្តាំមួយដៃថែមចំថ្គោលបណ្តាលឱ្យ សូត្រ វាសនា ដួលសន្លប់ស្នូកស្តឹង នាំឱ្យអាជ្ញាកណ្តាល សម្រេចបញ្ឈប់ការប្រកួតតែម្តង នៅក្រោយការបញ្ឈប់នោះ វាសនា បានដឹងខ្លួនវិញ រួចការបង្ហាញការមិនអស់ចិត្ត ទៅនឹងការសម្រេចរបស់លោកអាជ្ញាកណ្តាល។
ចំពោះហេតុការណ៍នេះ សូត្រ វាសនា បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំមានអារម្មណ៍អន់ចិត្ត (ចំពោះអាជ្ញាកណ្តាល) មិនត្រូវបញ្ឈប់ខ្ញុំនោះទេ។ គាត់ត្រូវរាប់ទៅលើខ្ញុំ ដល់៦ ឬ៧ អីទៅ តែនេះទើបរាប់បាន៣ ក៏បញ្ឈប់ខ្ញុំ ទាំងខ្ញុំអាចងើបឡើងវិញបាន គឺខ្ញុំដួលហើយងើបឡើងវិញ ព្រោះខ្ញុំមិនគាំងនោះទេ តែនៅពេលគាត់វ៉ៃចំថ្គាមខ្ញុំនោះ ខ្ញុំក៏ខំអណ្តាតខ្លួនឯងមួយភ្លែត រួចក៏ខំក្រោកឈរវិញ តែធ្វើម៉េចបើអាជ្ញាកណ្តាល បានបញ្ឈប់ខ្ញុំ ទៅហើយ»៕