បរទេស៖ លោក Hajime Moriyasu គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានជំរុញឲ្យក្រុមរបស់លោកបង្កើតភាពខ្លាំងពីការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុមជម្រើសជាតិអូស្ត្រាលី ដើម្បីបង្កើតក្តីសង្ឃឹមជាថ្មីក្នុងយុទ្ធនាការជម្រុះ World Cup របស់ពួកគេ ខណៈដែល Son Heung-min បានស៊ុតបាល់បញ្ចូលទីឲ្យក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។
ក្រុមជម្រើសជាតិជប៉ុន បានឈានទៅកាន់ការប្រកួតដ៏សំខាន់លើទឹកដីខ្លួនឯ ក្រោយពីចាញ់២លើកក្នុងចំណោមការប្រកួតបើកឆាកទាំង៣លើកដំបូងរបស់ពួកគេ ក្នុងពូល B ប៉ុន្តែ ដណ្តើមបាន៣ពិន្ទុដ៏សំខាន់ ក្រោយពីការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករអូស្ត្រាលី Aziz Behich។ ជប៉ុន នៅតែដេញតាមពីក្រោយអូស្ត្រាលី និងអារ៉ាប៊ីសាអ៊ូឌីត ក្នុងការប្រជែងយកកៅអីឈ្នះសិទ្ធិជាស្វ័យប្រវត្តិ២ ទៅកាន់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ឆ្នាំ២០២២ ប៉ុន្តែ ជ័យជម្នះនេះ បានធ្វើឲ្យការប្រកួតក្នុងពូល B កាន់តែមាលក្ខណៈបើកចំហរ និងធ្វើឲ្យក្រុមភ្ញៀវបញ្ចប់កំណត់ត្រាឈ្នះជាប់ៗគ្នាត្រឹម១១ប្រកយត ក្នុងយុទ្ធនាការជម្រុះ World Cup នេះ។
ប៉ុន្តែ ការប្រកួតក្នុងពូល A ពិតជាស្វិតស្វាញ ក្រោយពីតារាឆ្នើម Son Heung-min របស់ក្លិប Tottenham បានស៊ុតបាល់បញ្ចូលទីឲ្យក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង នៅមុនពេលពួកគេបានរបូតគ្រាប់បាល់តាមស្មើវិញនៅរយៈពេល១៤នាទីចុងក្រោយ ពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់។ លោក Moriyasu គ្រូបង្វឹករបស់ជប៉ុន បានឲ្យដឹងថា៖ «យើងនឹងរក្សាការប្រយុទ្ធរហូតដល់ដំណាក់កាលចុងក្រោយ និងមិនបានបោះបង់ឡើយ។ យើងប្តេជ្ញាចិត្តថា នឹងធ្វើដំណើរទៅ World Cup ហើយយើងបានបង្ហាញពីភាពខ្លាំងនោះនៅរាត្រីនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia


