បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក បាន​ក្លាយ​ជា​ក្រុម​ទី​២ ដែល​បាន​ឈ្នះ​កៅអី​ទៅលេងក្នុង​ព្រឹត្តិ​ការណ៍ World Cup ជុំ​ផ្តាច់​ព្រ័ត្រ នៅពេល​ដែលពួកគេ​បានផ្តួលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អូ​ទ្រីស ក្នុងលទ្ធផល ១-០ កាលពីថ្ងៃ​អង្គារ ខណៈ​ដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស បាន​ជួប​ការ​ខក​ចិត្តក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិហុ​ង​គ្រី នាកីឡដ្ឋាន Wembley។

កីឡាករ Joakim Maehle បាន​ស៊ុត​បាល់​បញ្ចូល​ទីនៅនាទី ទី​៥៣ ដើម្បី​​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត​នៅ​ប្រទេស​កាតា ខណៈ​ដែលពួកគេ​​បាន​បន្ត​បង្ហាញពី​ភាពខ្លាំង​បន្ទាប់​ពី​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ ដែលនៅពេលនោះ​ពួកគេ​បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ ពួក​គេ​បាន​ចូលរួម​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែល​បាន​ឈ្នះ​សិទ្ធិ​កាលពីថ្ងៃ​ចន្ទ ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ ​រួម​ជាមួយ​នឹង​ក្រុម​ម្ចាស់ផ្ទះ​កា​តា ដែល​បាន​ឈ្នះ​កៅអី​ជា​ស្វ័យ​ប្រវត្តិ​។ ដោយឡែក ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​ជួប​ការ​ខក​ចិត្ត ខណៈ​ដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិហុង​គ្រី បាន​ធ្វើ​ឲ្យ​ពួកគេ​ដណ្តើម​បាន​ត្រឹម​ក្នុងលទ្ធផល​ស្មើ ១-១​។

ការ​ប្រកួត​នេះ ត្រូវ​បាន​រំខាន​ដោយ​ទិដ្ឋ​ភាព​ដ៏អាក្រក់មើល​ នា​កីឡដ្ឋាន Wembley ខណៈ​ដែលអ្នក​គាំទ្រ​ហុងគ្រី បានប៉ះ​ទង្គិច​ជា​មួយនឹង​​ក្រុម​ប៉ូលិស និង​ក្រុម​ការ​ពារ​សណ្តាប់​ធ្នាប់​។ ក្រុម​ជម្រើស​ជាតិអង់គ្លេស នឹង​ឈ្នះ​កៅអី​ទៅលេង​ក្នុងព្រឹត្តិ​ការណ៍ World Cup នៅឆ្នាំក្រោយ ប្រសិន​បើ​ពួក​គេ​រក​បាន​៤ពិន្ទុ​ពីការ​ប្រកួត​​ចុងក្រោយ​របស់​ពួក​គេ ក្នុង​ពេល​ប៉ះ​ក្រុម​ជម្រើស​ជាតិ​អាល់​បានី និង​សាំង​ម៉ា​រ៉ាំង នៅ​ខែ​វិច្ឆិកា​៕

ប្រភពព័ត៌មាន៖ Channel News Asia