បរទេស៖ គណៈ​កម្មាធិការ​ប្រតិ​បត្តិ នៃ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ​(FFC) ក្រោម​ការ​ដឹកនាំ​របស់ឧត្តម​នាយឧត្តម​សេនីយ៍ សៅ សុខា បាន​ប្រកាស​តែង​តាំង​ លោក  សាតូស៊ី សៃតូ (Satoshi Saito)  ដែល​ធ្លាប់មាន​បទពិសោធជាអ្នក​គ្រប់​គ្រងផ្នែក​ទីផ្សារ​នៅ​ក្លិបយក្ស FC Barcelona និង​ជា​ទីប្រឹក្សា​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ពិភព​លោក(FIFA) ផង​នោះ មក​ធ្វើ​ជា​​នាយក​ប្រតិបត្តិនៃ​ក្រុម​ហ៊ុន​លីគបាល់​ទាត់​កម្ពុជា ដែល​ទើប​​ត្រូវ​បាន​បង្កើត​ឡើង ជា​លើក​ដំបូង នៅ​កម្ពុជា។

គំនិត​ផ្ដួច​ផ្ដើម​ដ៏​សំខាន់​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក្នុងការ​បង្កើត​ក្រុម​ហ៊ុនលីគ​បាល់​ទាត់​កម្ពុជា​នេះ គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ទៀត ក្នុង​ការ​ធានា​នូវ​ការ​អភិវឌ្ឍ និង​ភាព​ជោគ​ជ័យ​ សម្រាប់​បាល់​ទាត់​កម្ពុជា ​នៅ​ថ្ងៃ​អនាគត រួម​ទាំង​គោល​ដៅ​ដែល​បាន​កំណត់​សម្រាប់​ការ​​ប្រកួត​​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​​កម្ពុជា។

ជាមួយ​គ្នា​នេះ ក្រោម​ការ​ដឹកនាំ​របស់ លោក សាតូស៊ី សៃតូ ​ដែល​​ធ្លាប់​មាន​បទពិសោធ​យ៉ាង​ជោគ​​ជាំ លើជំនាញនេះ បាន​ធ្វើ​ឱ្យ​ប្រធាន FFC ជឿថា នឹង​ជួយ​ឱ្យ​វិស័យ​បាល់​ទាត់ នៅ​កម្ពុជា កាន់តែ​រីក​ចម្រើន។

​ឧត្តម​នាយឧត្តម​សេនីយ៍ សៅ សុខា បាន​ថ្លែង​ថា៖​«នេះ​ គឺ​ជា​យុគ​សម័យ​ថ្មី​មួយ​នៃ​បាល់​ទាត់​កម្ពុជា។ បើ​យើង​សម្លឹង​មើល​ប្រទេស​ដែល​មាន​បាល់​ទាត់​ឈាន​មុខ​ជុំវិញ​ពិភព​លោក ការ​មាន​លីគ​អាជីព​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ នឹង​រួម​ចំណែក​ដ៏​ភាព​ជោគជ័យ​របស់​ក្រុម​ជម្រើស​ជាតិ និង​ពង្រឹង​ប្រព័ន្ធ​អេកូ​បាល់​ទាត់ (Football Ecosystem) បាន​កាន់​តែ​ប្រសើរ​ទៀត​ផង» ។

លោក​បាន​បន្ថែម​​ថា៖​ «ខ្ញុំ​ជឿ​ជាក់​ថា លោក សាតូស៊ី ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​គ្រប់​គ្រង​កីឡា​បាល់​ទាត់ ជា​បុគ្គល​មួយ​រូប​ដែល​ស័ក្ខិសម​បំផុត ក្នុង​ការ​តម្រង់​អនាគត​របស់​ក្រុម​ហ៊ុន​លីគ​បាល់​ទាត់​កម្ពុជា ដែល​ទើប​បង្កើត​ថ្មី​នេះ និង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​របស់​យើង ដើម្បី​ភាព​ជោគជ័យ​ថ្មី​មួយ​ទៀត នៅ​ក្នុង​វិស័យ​បាល់​ទាត់​កម្ពុជា»។

ចំណែក​លោក សាតូស៊ី បាន​លើក​ឡើង​ថា «ខ្ញុំ​បាន​ឃើញ​ពី​ការ​ផ្លាស់​ប្ដូរ​របស់​បាល់​ទាត់​កម្ពុជា​ក្នុង​រយៈ​ពេល ៨​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​វា​គឺ​ជា​កិត្តិយស​ដ៏​ធំធេង​របស់​ខ្ញុំ ដែល​បាន​ចូល​រួម​ក្នុង​ដំណើរ​នេះ ដើម្បី​នាំ​មក​នូវ​ភាព​រុង​រឿង​ដល់​បាល់​ទាត់​កម្ពុជា។ ខ្ញុំ​សូម​សម្ដែង​នូវ​សេចក្ដី​អរគុណ​​យ៉ាង​ក្រៃ​លែង ចំពោះ​ទំនុក​ចិត្ត និង​ភាព​ជឿ​ជាក់​ដ៏​ធំធេង​លើ​រូប​ខ្ញុំ ​ពី​ឯកឧត្តម​ប្រធាន និង​សមា​ជិក​គណៈ​កម្មាធិការ​ប្រតិបត្តិ​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា»។

លោក សាតូស៊ី បន្ដថា «ដំណើរ​ឆ្ពោះ​ទៅ​មុខ​ក្នុង​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​នេះ អាទិភាព​របស់​ខ្ញុំ គឺ​ការ​វាយ​តម្លៃ​ឡើង​វិញ អំពី​ការ​រៀបចំ​លីគ ក្នុង​នោះ​មាន​ទាំង​រចនា​សម្ព័ន្ធ ដើម្បី​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់​គ្រង និង​សហការណ៍​ជាមួយ​ក្លិប​ជា​សមាជិក​ ដើម្បី​លើក​កម្ពស់ និង​ពង្រឹង​នៃ​ប្រតិបត្តិការ​ទូទៅ និង​បង្កើន​ចំណង​មិត្ត​ភាព​របស់​យើង ក្នុង​កិច្ច​ទំនាក់​ទំនង​ជាមួយ​ភាគី​ពាក់​ព័ន្ធ ដើម្បី​រួម​គ្នា​ផ្លាស់​ប្ដូរ និង​អភិវឌ្ឍ​វិស័យ​បាល់​ទាត់​កម្ពុជា​របស់​យើង ប្រកប​ដោយ​ចីរភាព និង​និរន្ដរភាព»៕