លោក Satoshi Saito នាយកប្រតិបត្តិ ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចពន្យារពេលការប្រកាសនៃចំនួនក្រុម សម្រាប់ដាក់ឱ្យចូលលេង នៅលីគកំពូលកម្ពុជា ឆ្នាំ២០២២ ភ្លាមៗ កាលពីថ្ងៃព្រហស្បតិ៍។

បើទោះបីជា ការពន្យារពេលការប្រកាសនេះ មិនត្រូវបាន ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ប្រកាសពីមូលហេតុឱ្យបានច្បាស់លាស់ ប៉ុន្តែប្រភពជាច្រើនបានដឹងរួចថា ការពន្យារពេលការប្រកាសនៃចំនួនក្រុម ដាក់ឱ្យចូលលេង នៅលីគកំពូលកម្ពុជា ឆ្នាំ២០២២ គឺមានការជំទាស់ និងខ្វែងគំនិតជាមួយបណ្តាក្លិបមួយចំនួន ដែលគ្រោងនឹងត្រូវបានកាត់ចេញពីលីគកំពូល ហើយដាក់ឱ្យទៅលេងនៅលីគ២ វិញ។

បើតាមប្រភពក្រៅផ្លូវការបានឱ្យដឹងថា សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២២ ខាងមុខនេះ មិនមែនតែក្រុមសូលទីឡូអង្គរ ដែលឈរនៅបាតតារាង សម្រាប់ការប្រកួតឆ្នាំ២០២១នេះ ប៉ុណ្ណោះទេ ដែលត្រូវបានកាត់ចោល ប៉ុន្តែក្រុមចំនួន៤ទៀត មានអាស៊ីអឺរ៉ុប នគរបាលជាតិ អគ្គិសនីកម្ពុជា និងក្រុមខេត្តព្រៃវែង ក៏ត្រូវបានកាត់ចេញ ឱ្យទៅលេងនៅលីគ២ ផងដែរ។

ជារួមមានតែក្រុមភ្នំពេញក្រោន ព្រខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៍ បឹងកេត អង្គរថាយហ្គឺរ កងយោធពខេមរភូមិន្ទ និងក្រុមគិរីវង់សុខសែនជ័យ ប៉ុណ្ណោះ ដែលត្រូវដាក់ឱ្យលេង នៅក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២២ ហើយតាមគម្រោងក្របខ័ណ្ឌ Metfone Cambodian League ឬលីគកំពូលកម្ពុជា ក៏នឹងត្រូវប្ដូរទៅ Cambodian Premier League ផងដែរ។

យ៉ាងណាក៏ដោយគម្រោងនៃការកាត់ក្រុមចំនួន៤ទៀត រួមទាំងក្រុមធ្លាក់ដោយស្វ័យប្រវត្តិ សូលទីឡូអង្គរ ឱ្យទៅលេងនៅលីគ២នេះ បាននឹងកំពុងក្លាយជាប្រធានបទក្តៅគគុក ដែលក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធ្វើការដោះស្រាយ ព្រោះគម្រោងផ្លាស់ប្តូររចនាសម្ព័ន្ធថ្មីនេះ បានស្ថិតនៅក្នុងការស្វែងគំនិតគ្នាមួយចំនួន ជាមួយបណ្តាក្លិប ដែលត្រូវកាត់ចេញ។

ជាមួយគ្នានេះ លោក សុក វាសនា គ្រូបង្គោលក្រុមអាស៊ីអឺរ៉ុប បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួន ជុំវិញបញ្ហានេះថា៖ “ខ្ញុំបាទលើកយកលីគកំពូល២ ក្នុងតំបន់អាស៊ាន មកពិចារណា គឺទី១ លីគកំពូលថៃ ក្រុមចូលរួម១៦ក្លិប មាន Licensed ១១ក្លិប ទី២ លីគកំពូលវៀតណាម ក្រុមចូលរួម១៤ក្លិប មាន Licensed ១១ក្លិប ហើយលីគកម្ពុជា មាន១២ក្រុម ក្លិបមាន Licensed ចំនួន៨ ត្រៀមកាត់៤បួនក្រុម ទៅលីគ២ ដោយគ្មានការប្រជុំប្រាប់ នៅរដូវកាលចាស់២០២១។ លីគគេ អាចធ្វើបាន ចុះហេតុអ្វីកម្ពុជា ខាងសហព័ន្ធ និងក្រុមហ៊ុន មិនគិតពិចារណាថា វានឹងប៉ះពាល់អ្វីខ្លះ ដែលក្លិបនីមួយៗប្រឹងទាំងត្រដាបត្រដួស ក្នុងបរិបទកូវីដនេះ ដោយមិនលើកលែងនោះ”៕