ក្លិបបាល់ទាត់វិសាខា អាចសម្រិតសម្រាំងជ្រើសរើសបាន ក្រុមបាល់ទាត់នារី ទៅតាមអ្វីដែលខ្លួនបានរៀបចំហើយ ហើយអ្នកទាំងនេះ នឹងក្លាយជាក្រុមតំណាងឱ្យក្លិបវិសាខា ដើម្បីចូលរួមជាលើកដំបូង នៅក្នុងការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២១ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

បើតាមសេចក្តីប្រកាសរបស់ក្លិបវិសាខា បានឱ្យដឹងថា ក្លិបមានមូលដ្ឋាននៅកីឡដ្ឋានព្រីនស៍ មួយនេះ ជ្រើសរើសបានកីឡាការិនីចំនួន២២នាក់ ពីការការធ្វើតេស្តទៅលើក្រុមកីឡាការិនី ដែលបានដាក់ពាក្យចំនួន៧០នាក់ ខណៈការធ្វើតេស្តនេះ ត្រូវបានធ្វើឡើង ដោយក្រុមគ្រូបង្វឹករបស់វិសាខា ផ្ទាល់ កាលពីថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

តាមរយៈការជ្រើសរើសក្រុមកីឡាការិនីនេះ វិសាខា បានប្រាប់ពីគោលបំណងរបស់ខ្លួនថា៖ “ក្លិបរបស់យើង បានជ្រើសរើសកីឡាការិនីចុងក្រោយសរុបចំនួន ២២នាក់ មកចូលរួមជាមួយក្រុមបាល់ទាត់នារី នៃក្លិបកីឡាបាល់ទាត់ វិសាខា ដើម្បីត្រៀមចូលរួមការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២១ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាពេលឆាប់ៗខាងមុខ” ។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលក្លិបវិសាខា បានបង្កើតឱ្យមានក្រុមបាល់ទាត់នារី សម្រាប់ត្រៀមចូលរួមការប្រកួតនានា ពិសេសការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសហើយថា នឹងរៀបចំឱ្យមានការប្រកួតវិញ នៅចុងឆ្នាំ២០២១នេះ ខណៈការប្រកួត កាលពីឆ្នាំ២០២០ មានក្រុមចំនួន១០ បានចូលរួម ហើយក្នុងនោះ ក្លិបណាហ្គាវើលដ៍ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង បឹងកេត និងក្លិបកងយោធពលខេមរភូមិន្ទ សុទ្ធតែមានក្រុមបាល់ទាត់នារី និងបានចូលរួមការប្រកួតមួយនេះ៕