ខ្សែប្រយុទ្ធដ៏ឆ្នើម ចាន់ វឌ្ឍនាកា បានក្លាយជាអ្នកពិឃាដលើវាលដស្មៅដ៏សំខាន់បំផុត ដែលបានជួយក្រុមបឹងកេត ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង ខណៈរូបគេរកបាន៣គ្រាប់តែម្នាក់ឯង ដើម្បីទម្លាក់ក្រុមវិសាខា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃពុធ ម្សិលមិញ។

ជ័យជម្នះរបស់ក្រុមបឹងកេត លើក្រុមវិសាខា នៅកីឡដ្ឋានជាតិ កាលពីថ្ងៃថពុធម្សិលមិញនេះ ពិតជាធ្វើឲ្យអ្នកគាំទ្របាល់ទាត់នៅកម្ពុជា មានការភ្ញាក់ផ្អើលខ្លាំង ព្រោះនៅមុនការប្រកួតចាប់ផ្តើម គេរំពឹងផងដែរ បឹងកេត អាចយកទប់ទល់ជាមួយក្រុមសម្បូរទៅដោយកីឡាករជម្រើជាតិ វិសាខា បានផង ប៉ុន្តែរឿងដែលមិនគួរឲ្យនឹកស្មានដល់ គឺបឹងកេត បានលត់ វិសាខា រហូតដល់ ៤-០ ឯណោះ។

ជាមួយនឹងការឈ្នះ ៤-០ លើក្រុមវិសាខា នេះ គឺខ្សែប្រយុទ្ធពាក់លេខ១១ ចាន់ វឌ្ឍនា បានស៊ុតទម្លុះសំណាញ់ទី ក្រុមវិសាខា រហូតដល់៣គ្រាប់តែម្នាក់ឯង។ គ្រាប់បាល់ទី១របស់ វឌ្ឍនាកា នៅត្រឹមនាទី៦ បានធ្វើឲ្យទឹកចិត្តប្រកួតរបស់កីឡាករក្រុមវិសាខា ហាក់មានភាពបែកខ្ញែង។

បើទោះបីជា វិសាខា បានព្យាយាមវាយបកវិញខ្លាំង នៅក្រោយការបាត់១គ្រាប់នេះ ប៉ុន្តែការវាយស្រុកខ្លាំងពេកនេះ បែរជាផ្តល់ឱកាសឲ្យក្រុមបឹងកេត អាចវាយឆ្មក់ម្តងម្កាល ដោយការលើកបាល់ទៅលើឲ្យ ចាន់ វឌ្ឍនាកា ដែលឈរចាំប្រយុទ្ធតែម្នាក់ឯង។ ការលេងយ៉ាងល្អនេះ បានជួយឲ្យខ្សែប្រយុទ្ធរូបនេះ រកបាន២គ្រាប់បន្ថែមទៀត នៅនាទីទី៣៨ និងទី៤៨ ព្រមទាំងបញ្ជូលបាល់ឲ្យ ម៉ុន វ៉ាន់ដា ស៊ុតបញ្ចូលទីបាន១គ្រាប់ទៀត នៅនាទីទី៤៥។

បន្ថែមទៅលើនេះ ចាន់ វឌ្ឍនាកា ក៏មានឱកាសរកបានគ្រាប់បាល់បន្ថែមទៀតផងដែរ ជាពិសេសនៅចុងតង់ទី២ ដែលរូបគេបានអូសបាល់ដាច់ទាំងខ្សែការពារ និងអ្នកចាំទី ប៉ុន្តែ វឌ្ឍនាកា បែរជាស៊ុតបាល់ ដែលគ្មានការរំខាននេះ ទៅប៉ះនឹងរបាទីខាងលើទៅវិញ។

យ៉ាងណាក៏ដោយ ការឈ្នះត្រឹម ៤-០ វាបានក្លាយជាមហាជ័យជម្នះរបស់ក្រុមបឹងកេត ដែលបានជួយឲ្យក្រុមមួយនេះ ឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន នេះជាលើកដំបូង ព្រោះការប្រកួតកន្លងមក បឹងកេត បានត្រឹមធ្លាក់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែប៉ុណ្ណោះ។

ដោយឡែក នៅក្នុងក្រុមវិសាខា គឺមានតែខ្សែការពារទើបវិលមកកាន់ទីលាន រស់ សំអឿន ម្នាក់ទេ ដែលបានស៊ុតបាល់បញ្ជូលទី១គ្រាន់ នៅនាទីទី៦៧ ប៉ុន្តែអាជ្ញាកណ្តាលខ្សែបន្ទាត់មិនឲ្យគ្រាប់បាល់នោះទេ ព្រោះលោកមើលឃើញថា សំអឿន បានអកហ្សឺ ហើយជាមួយការចាញ់ ៤-០ យ៉ាងជូរចត់នេះ បានធ្វើឲ្យក្រុមវិសាខា នៅតែមិនអាចបំពេញបំណង ក្នុងការស្វែងរកឱកាស ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូង បានដដែល៕
«

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង