បរទេស៖ លោក Steven Gerrard ត្រូវ​បាន​ប្រកាស​ថា ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ក្លិប Aston Villa ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ​កន្លះ ក្រោយពី​ចាក​ចេញពីក្លិប Rangers​។

អតីត​ខ្សែ​បម្រើ​ដ៏ឆ្នើមរបស់​ក្លិប Liverpool និង​ក្រុមជម្រើស​​​ជាតិ​អង់គ្លេស​រូបនេះ ចូល​ជំនួស​កន្លែង​លោក Dean Smith ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ក្រោយពី​ការ​រង​បរា​ជ័យ​៥​​លើក​ជាប់​ៗ​គ្នា​។ លោក Gerrard បាន​ក្លាយ​​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លិប Rangers ចាប់​តាំងពី​ខែ​មិថុនា ឆ្នាំ​២០១៨ និង​បាន​ឈ្នះពាន​ក្រប​ខ័ណ្ឌ​ស្កុត​ឡេន Premiership កាលពី​រដូវ​កាល​មុន​​។ លោក​នឹង​ចាក​ចេញ​ពី​ក្លិប​ដែលកំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ លើ​តា​រាងលីក ខណៈ​ដែលពួកគេ​ក៏​ត្រូវ​តែ​ត្រៀម​សម្រាប់ការ​ប្រកួត​ពាន League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយនឹងក្រុម Hibernian នៅ​ថ្ងៃ​អាទិត្យ​នេះ ផង​ដែរ​។

ក្លិប Aston Villa បាន​ចាត់​ទុក​លោក Gerrard ជា​គោល​ដៅ​ទី​១​របស់​ពួក​គេ ខណៈ​ដែលពួកគេ​កំពុង​តែ​ព្យា​យាម​ឡើង​ឲ្យ​ផុត​ចំណាត់​ថ្នាក់​លេខ​១៦ ដោយ​នាំមុខ​ពីលើ​​ក្រុម​ស្ថិ​តក្នុង​តំបន់​កាត់ចោល​២ពិន្ទុ ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់លេខ​១១ កាលពី​រដូវ​កាល​មុន​។ ការ​ប្រកួត​ទី​១​របស់​លោក Gerrard គឺ​លើ​ទឹកដីខ្លួន​ឯង​ ដោយ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Brighton នៅ​ថ្ងៃ​សៅរ៍ សប្តាហ៍​ក្រោយ​។ អតីត​ប្រធានក្រុម Liverpool នឹង​ត្រូវ​ដឹកនាំ​ Aston Villa ទៅកាន់​កីឡដ្ឋាន Anfield នៅថ្ងៃ​ទី​១១ ខែ​ធ្នូ៕

 

ប្រភព​ព័ត៌​មាន៖ The Guardian