បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបោះជំហានដ៏ធំមួយទៅកាន់ព្រឹត្តិការណ៍ World Cup នៅឆ្នាំក្រោយ ក្នុងប្រទេសកាតា ខណៈដែលការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុមជម្រើសជាតិក្រិក ស្របពេលក្រុមជម្រើសជាតិស៊ុយអែត ចាញ់ហ្ស៊កហ្ស៊ី ដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-០ កាលពីថ្ងៃព្រហស្បតិ៍បានជួយឲ្យក្រុមរបស់លោក Luis Enrique ស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងការឈានទៅវគ្គបន្ត។
គ្រាប់បាល់ប៉េណាល់ទីរបស់ Pablo Sarabia គ្រប់គ្រាន់សម្រាប់ក្រុមអេស្ប៉ាញ ក្នុងការដណ្តើមបាន៣ពិន្ទុពេញនៅទីក្រុង Athens និងនាំមុខ១ពិន្ទុលើក្រុមជម្រើសជាតិស៊ុយអែត នៅមុនពេលការប្រកួតកាត់សេចក្តីរវាងក្រុមទាំង២ នៅទីក្រុង Seville កាលពីថ្ងៃអាទិត្យ។
បើទោះបីមានវត្តមានខ្សែប្រយុទ្ធ Zlatan Ibrahimovic និងតារាឆ្នើមទើបតែរះ Alexander Isak នៅតំបន់ប្រយុទ្ធក៏ដោយ ប៉ុន្តែក្រុមជម្រើសជាតិស៊ុយអែត បានជួបការខកចិត្តដោយសារតែគ្រាប់បាល់២គ្រាប់នៅតង់ទី២ ពីកីឡាករ Khvicha Kvaratskhelia ក្នុងទីក្រុង Tblisi។
ដោយឡែក ខ្សែប្រយុទ្ធ Cristiano Ronaldo មិនបានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ដណ្តើមបាន៣ពិន្ទុឡើយ ខណៈដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិសាធារណៈរដ្ឋអៀរឡង់ ក្នុងទីក្រុង Dublin បន្ទាប់ពីខ្សែការពារ Pepe រងពិន័យកាតក្រហម។ ជាមួយគ្នានេះ លោក Hansi Flick បានក្លាយជាគ្រូបង្វឹកដំបូងក្នុងការឈ្នះការប្រកួតទាំង៦លើកដំបូងរបស់លោក ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ខណៈដែលក្រុមរបស់លោក បានលត់ក្រុមលិចតិនស្តាញយ៉ាងចាស់ដៃក្នុងលទ្ធផល ៩-០ ក្នុងការប្រកួតជម្រុះ World Cup៕
ប្រភពព័ត៌មាន៖ Channel News Asia



