វីរ​កីឡាការិនី អ៊ុក ស្រីមុំ នៅតែ​អាច​​រក្សា​បាននូវ​​ភាព​ខ្លាំង​ឱ្យកម្ពុជា បន្ទាប់ពី​កីឡាការិនី​ជើង​ចាស់រូបនេះ ឈ្នះ​បាន​មេដាយមាស នៅ​ក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភព​លោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ ហើយនេះ​ក៏ជា​មេដាយមាសទី​២ ដែល​ អ៊ុក ស្រីមុំ ដណ្តើមបាន​ឱ្យ​កម្ពុជា ផង​ដែរ នៅក្នុងអាជីពជា​អ្នក​លេង​កីឡា​ប៊ូល និង​ប៉េតង់ ច្រើនឆ្នាំមក​នេះ។

នៅមុនការឈ្នះ​បានមេដាយមាស​ យ៉ាង​រំភើប​នេះ កីឡាការិនីរបស់​កម្ពុជា អ៊ុក ស្រីមុំ បាន​​ឆ្លង​​​កាត់ការ​​ប្រកួត​យ៉ាង​លំបាក នៅមុនពេល​ឡើង​ ទៅ​ជួប​កីឡាការិនីជើង​ខ្លាំង​​របស់​ថៃ Tongsri Thamakord នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​យប់​ថ្ងៃសៅរ៍ ម្សិលមិញនេះ។

ម្ចាស់មេដាយមាស អ៊ុក ស្រីមុំ បានឆ្លង​ផុត ការ​ប្រកួត​ជម្រុះ​ជាបឋម ត្រឹម​ជុំ​ទី​១ ដោយ​រក​បាន​ ២៩ ពិន្ទុ  ដើម្បីជាប់​ក្នុងចំណោមជើង​ខ្លាំង​ទាំង​៤ ដែលបាន​ឡើងទៅ​កាន់ការ​ប្រកួត​វគ្គ​​៨​នាក់​ចុង​ក្រោយ ហើយ​នៅ​ក្នុង​វគ្គនេះ អ៊ុក ស្រីមុំ បាន​យក​ឈ្នះ​កីឡាការិនី​ Carole Berube របស់​កាណាដា ដោយ​ពិន្ទុ ២៩-២។

ចំណែកការ​​ប្រកួត នៅវគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កីឡាការិនី អ៊ុក ស្រីមុំ បាន​បន្តឈ្នះកីឡាការិនីន័រវេស Ranu Hommaim  ក្នុងលទ្ធផល ២៥ទល់​១៨ រួច​បាន​បន្ត​យក​ឈ្នះ​លើ​កីឡាការិនីថៃ Tongsri Thamakord ដោយពិន្ទុ ៣៧-២៩ ដើម្បី​ក្លាយជា​ម្ចាស់​មេដាយមាស នៅ​លើវិញ្ញាសា​វាយយកពិន្ទុ។

តាម​រយៈ​ការ​ឈ្នះ​បានមេដាយមាស លើកនេះ បាន​ធ្វើ​ឱ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយ​ជា​បេក្ខភាព​ទី​២​របស់​កម្ពុជា ដែល​ឈ្នះ​បានមេដាយមាស ជើង​ឯក​ពិភព​លោក ចំនួន​២លើក គឺ​បន្ទាប់ពី​វីរ​កីឡាការិនី​ កែ ឡេង ដែល​បាន​ឈ្នះមេដាយមាស ចំនួន​៤​លើក​ជាប់ៗ​គ្នា នៅមុនពេល​អ្នកស្រី បានសម្រេច​ចូលនិវត្តន៍ កាលពី​ឆ្នាំ​២០២០។

ជាមួយគ្នា​នេះ កីឡាការិនី​ជើង​ចាស់ អ៊ុក ស្រីមុំ ដែលបាន​ចូល​រួម​ប្រកួត​វិញ្ញាសា​ជា​ក្រុម ជាមួយ​កីឡាការិនី អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម និង​កីឡាការិនីបម្រុង ឃួន យ៉ារី ផងដែរ ហើយគិត​ត្រឹម​លទ្ធផល កាលពី​យប់ថ្ងៃសៅរ៍ ម្សិលមិញ​នោះ ក្រុម​នារី​កម្ពុជា បានឈ្នះ​៣​ប្រកួត និងចាញ់​១​ប្រកួត៕