វីរ​កីឡាការិនី អ៊ុក ស្រីមុំ នឹង​ទទួល​បានកិត្តិយស​ដ៏ធំ ជាថ្មី​ម្តង​ទៀត សម្រាប់ការ​នាំ​យកមេដាយមាស​ពិភពលោកទី​២​របស់​ខ្លួន ពី​ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភព​លោក ឆ្នាំ​២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ មក​ដល់មាតុប្រទេសវិញ នា​ល្ងាច​ថ្ងៃ​អង្គារនេះ។

តាមកាលវិភាគនៃ​ជើង​ហោះហើរ បាន​ឱ្យ​ដឹង​ថា កីឡាការិនី អ៊ុក ស្រីមុំ និងគ្រូ​បង្វឹក​ជម្រើសជាតិ​ផ្នែក​នារី លោក សុខ ម៉ុង ព្រមទាំង​​មិត្ត​រួម​ក្រុមចំនួន​៣នាក់​ទៀត​ នឹង​វិល​ត្រឡប់មក​ដល់ព្រលានយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នា​ល្ងាច​​ម៉ោង ៥:៣៥ ថ្ងៃអង្គារ​នេះ។

បើតាម​មន្រ្តីពាក់​ព័ន្ធ​ម្នាក់ បានឱ្យ​ដឹង​ថា ការ​នាំ​យកមេដាយមាស​ពិភពលោក មក​ដល់មាតុ​ប្រទេស​​ លើកនេះ វីរកីឡាការិនី អ៊ុក ស្រីមុំ និង​ក្រុម​ប្រតិភូ នឹង​​មានការ​ដង្ហែ​ម៉ូតូ​ធំ ចំនួន​១២​គ្រឿង ដូច​ការឈ្នះ​មេដាយមាស​ពិភពលោក លើកមុនៗ​ដែរ បើ​ទោះបីជា ពេលនេះ ស្ថិត​ក្នុង​វិបត្តិនៃ​ជំងឺ​កូវីដ​១៩ ក៏​ដោយ។

មន្រ្តី​ដដែលនេះ បាន​លម្អិត​ថា ម៉ូតូធំ​ចំនួន​១២​គ្រឿង នឹងដង្ហែអម​ឡាន​ ដែល​ដឹកម្ចាស់​មេដាយ​មាស អ៊ុក ស្រីមុំ ​ពី​ព្រលាន​យន្ត​ហោះ ទៅ​កាន់ទី​ស្នាក់ការ​ក្រសួងអប់រំ យុវជន និង​កីឡា នៅ​ក្បែរ​វិមានឯករាជ្យ ដើម្បី​ចូល​រួម​សម្តែងការ​គួរសម​ជាមួយ​លោក ហង់ជួន ណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវជន និង​​កីឡា ដែល​រង់ចាំ នៅទី​នោះ ​ដោយ​កម្ម​វិធី នឹង​ត្រូវ​ធ្វើនៅ​ក្នុងកំលុង​ម៉ោង ៧:០៥ តទៅ។

គួរ​បញ្ជាក់ថា​កីឡាការិនី​ជើង​ចាស់ អ៊ុក ស្រីមុំ បាន​ឈ្នះ​មេដាយមាស ពិភព​លោក ពី​ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភព​លោក ឆ្នាំ​២០២១ នៅប្រទេសអេស៉្បាញ បន្ទាប់ពីបាន​យក​ឈ្នះ​កីឡាការិនី​របស់ថៃ Tongsri Thamakord ដោយពិន្ទុ ៣៧-២៩ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ លើវិញ្ញាសា​វាយយកពិន្ទុ។

នេះជាមេដាយមាស​ពិភព​លោក ទី​២ ដែល​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ដណ្តើម​បានជូន​ជាតិ ខណៈមេដាយមាស​ទី​១ គាត់​ធ្វើ​បាន ​ក្នុង​ការ​ប្រកួតជើង​ឯក​ពិភលោក នៅ​ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ឆ្នាំ​២០១៧ ហើយ អ៊ុក ស្រីមុំ ក៏ធ្លាប់បានឈ្នះមេដាយ​សំរឹទ្ធចំនួន​៣ ពីការ​ប្រកួត​ជើងឯក​ពិភពលោក កាលពី​ឆ្នាំ​២០១៣ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩ ផងដែរ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​ចូល​រួមប្រកួត​លើ​វិញ្ញាសា​ជា​ក្រុម​ជាមួយ​កីឡាការិនី អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម និង​កីឡាការិនីបម្រុង ឃួន យ៉ារី ក្នុងការ​ប្រកួតជើង​ឯក​ពិភពលោក ឆ្នាំ​២០២១​នេះ អ៊ុក ស្រីមុំ និង​មិត្ត​រួមក្រុម មិនទទួលបាន​លទ្ធផល​ល្អ​ទេ ដោយ​បាន​ធ្លាក់ នៅក្នុង​វគ្គ​ជម្រុះ៕