បរទេស៖ ក្រុមម្ចាស់ជើងឯកពិភពលោក បារាំង បានកក់កៅអីរបស់ពួកគេ ក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំក្រោយ ក្នុងប្រទេសកាតា យ៉ាងងាយស្រួល ខណៈដែលខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ក្នុងពេលក្រុមខ្លួនបានលត់ក្រុមជម្រើសជាតិកាហ្សាក់ស្ថាន ក្នុងលទ្ធផល ៨-០ នាកីឡដ្ឋាន Parc des Princes កាលពីថ្ងៃសៅរ៍។
ខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ស្របពេលដែលគ្រាប់បាល់បញ្ចូលទីក៏បានកើតឡើងពីកីឡាករ Adrien Rabiot និង Antoine Griezmann ផងដែរ ដោយ Griezmann រកបានគ្រាប់បាល់លើកទី៤២របស់គេសម្រាប់ក្រុមជម្រើសជាតិបារាំង ដើម្បីឡើងឈរពីលើកំណត់ត្រារបស់លោក Michel Platini។ មានតែ Thierry Henry (៥១គ្រាប់) និង Olivier Giroud (៤៦គ្រាប់) ប៉ុណ្ណោះ ដែលបានស៊ុតបាល់ច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិបារាំង។
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ក៏បានឈ្នះកៅអីទៅលេងក្នុងជុំផ្តាច់ព្រ័ត្រផងដែរ ខណៈដែលក្រុមមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកមួយនេះ បានផ្តួលក្រុមជម្រើសជាតិអេស្តូនី ក្នុងលទ្ធផល ៣-១ ក្នុងទីក្រុង Brussels ដើម្បីបញ្ចប់ដោយការឈរលេខ១ក្នុងពូល E ដោយឈរពីលើក្រុមជម្រើសជាតិវេលស៍ ដែលបានផ្តួល បេឡារុស្ស៊ី ៥-១៕
ប្រភពព័ត៌មាន៖ Channel News Asia


