ភាព​ចៃដន់​ដ៏កម្រ​មួយ បាន​កើត​មានឡើង ក្នុង​ការ​ប្រកួត​ដណ្តើម​ប្រាក់លាន នៅ​លើ​សង្វៀនថោន កាលពី​ថ្ងៃ​អាទិត្យ ព្រោះ​អ្នក​ឈ្នះ ដែល​ត្រូវ​ឡើង​ទៅ​ជួបគ្នា​នៅវគ្គ​ផ្តាច់ព្រ័ត្រ សុទ្ធ​តែ​មាន​របួស​ជាប់ខ្លួន មិនអាច​ប្រកួតបាន ហើយ​បញ្ហា​នេះ បាន​ផ្តល់សំណាង​សម្រាប់​អ្នក​ចាញ់ ផល សោភ័ណ្ឌ ឱ្យ​ឈ្នះ​បាន​ប្រាក់​លាន ​ទៅ​វិញ ក្រោយ​រូបគេ បាន​យក​ឈ្នះ ឡុង បេនលឿន ក្នុង​នាម​ជា​គូ​ប្រកួត​ស្ម័គ្រ​ចិត្ត នៅវគ្គ​ផ្តាច់​ព្រ័ត្រនោះ។

តាម​រយៈ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នោះ ផល សោភ័ណ្ឌ បានបន្ត​ចាញ់ពិន្ទុ យ៉េន ឌីណា មិនឯកច្ឆន្ទ ៣-២ នៅ​ក្នុង​វគ្គជម្រុះ​៣​ទឹក​ដំបូង ចំណែក លន បញ្ញា ក៏​បាន​យក​ឈ្នះ ឡុង បេនលឿន ដោយពិន្ទុ​ដូចគ្នា ប៉ុន្តែ​រឿង​ដ៏​គួរ​ឱ្យ​សោក​ស្តាយ និង​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ទាំង យ៉េន ឌីណា និង លន បញ្ញា សុទ្ធតែ​មាន​របួស​ជាប់​ខ្លួន មិន​អាច​ឡើង​ទៅ​ប្រកួតនៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដូចគ្នា។

ជាមួយ​គ្នា​នោះ ពិធី​ករ​ប្រចាំ​នៅ​សង្វៀន​ថោន បានប្រកាស​ពីការ​សម្រេច​របស់គណៈ​កម្ម​កា​រ​រៀបចំ​ថា  ត្រូវ​លើក​ពេល​ការ​ជួបគ្នា​រវាង យ៉េន ឌីណា និង លន បញ្ញា នេះ​ទៅ​ធ្វើ​នៅពេល​ក្រោយ ដោយ​រក្សា​ប្រាក់​រក្សា​ប្រាក់ ដែល​ត្រូវ​ប្រកួត​ប្រជែង​នេះ ទុក​នៅដដែល គឺ​អ្នក​ឈ្នះ​បាន​១ពាន់​ដុល្លារ ហើយ​អ្នក​ចាញ់​បាន​៦០០ដុល្លារ។

ជាមួយ​ហេតុការណ៍​ ដែល​បាន​កើត​មាន​ឡើង​ដ៏កម្រ​នេះ គណៈកម្មការ​បាន​សម្រេច​ឱ្យ​អ្នក​ចាញ់ទាំង​២​នាក់ គឺ ផល សោភ័ណ្ឌ និង ឡុង បេនលឿន ឡើង​ប្រកួត​គ្នា​ផ្តាច់​ព្រ័ត្រជំនួស​វិញ ក្នុង​នាមជា​អ្នក​ស្ម័គ្រ​ចិត្ត ហើយ​ជា​លទ្ធផល​ ផល សោភ័ណ្ឌ បាន​ទាត់​ឱ្យ ឡុង បេនលឿន ខូច​កែងដៃ​ស្តាំ និង​បោះបង់​ចោល​ការ​ប្រកួត នៅត្រឹមទឹក​ទី​២ ដើម្បីឈ្នះ​បាន​ប្រាក់លាន​ចំនួន​៤លាន​រៀល និង​ប្រាក់​រង្វាន់​បន្ថែម ដោយ​បាន​ផ្តួលគូ​ប្រកួត​ឱ្យ​សន្លប់​ចំនួន​៨០០ដុល្លារ​ទៀត រីឯ ឡុង បេនលឿន ទទួល​បាន​ ២,៤លាន​រៀល។

ការ​ក្រសោប​បាន​ប្រាក់រង្វាន់យ៉ាង​ច្រើន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ផល សោភ័ណ្ឌ ជួបនឹងសំណាង ដែលមិន​ធ្លាប់មាន​កន្លងមក  ព្រោះ​កុំថា​ឡើយ យ៉េន ឌីណា និង លន បញ្ញា ដែល​មាន​របួស​ គឺ​សូម្បី ឡុង បេនលឿន ក៏មាន​របួសជាប់ខ្លួន​ដែរ។

ឡុង បេនលឿន បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​ «​ខ្ញុំមាន​របួស​ដៃ​ឆ្វេង តាំង​ពីការ​ប្រកួត​ជាមួយ លន បញ្ញា ហេតុ​នេះ​ខ្ញុំ​ព្យាយាម​បិទ​ខាងឆ្វេង ប៉ុន្តែ​គាត់ (ផល សោភ័ណ្ឌ) ​ទាត់​ចូល​​ខាង​ឆ្វេង ធ្វើ​ឱ្យ​មានរបួស​ធ្ងន់ជាង មិនអាច​បន្ត​ការ​ប្រកួត​ទៀត​បាន។ តែ​ទោះបីជា​យ៉ាង​ណា ខ្ញុំសប្បាយចិត្ត ដែលបាន​ឡើង​ទៅ​ប្រកួតបន្ត​ទៀត ទាំង​រូប​ខ្ញុំ បានចាញ់ នៅ​ក្នុង​វគ្គជម្រុះ ទៅ​ហើយ​នោះ»។

យ៉ាង​ណាមិញ សម្រាប់​ការ​ដាក់​ឱ្យ​ប្រកួត​ឡើង​វិញ​រវាង លន បញ្ញា និង យ៉េន ឌីណា អាច​មាន​រយៈ​ពេល​ច្រើន​ខែ​ទៀត ព្រោះ​ប្រភព​ច្បាស់ការ បាន​ប្រាក់​ឱ្យ​ថា បញ្ហាបាក់​ឆ្អឹងថ្គាម​របស់ យ៉េន ឌីណា ពេល​ប្រកួត​ជាមួយ ផល  សោភ័ណ្ឌ នោះ គឺ​យ៉ាងហោចណាស់ ក៏ត្រូវការ​ពេល​សម្រាក​​ព្យាបាល ចន្លោះពី៣ទៅ៦ខែ ដែរ៕