ក្រុមអត្តពលិក​ជម្រើសជាតិកីឡា​ហែលទឹក​កម្ពុជា នឹង​ចាប់ផ្តើម​ប្រកួត​ប្រជែង នៅលើ​វិញ្ញាសា​របស់​ខ្លួន ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកកម្រិតពិភពលោក ទីខ្លី អាងហែលទឹកប្រវែង២៥ ម៉ែត្រ «World Swimming Championships (25 meters) នៅ ទីក្រុង​អាប៊ូ​ដាប៊ី​ ប្រទេស​អារ៉ាប់រួម​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពីពួក​គេ បាន​ហ្វឹកហាត់សម និង​ទៅ​​ដល់​ទី​នោះ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១។

តាម​ព័ត៌មាន ដែល​ត្រូវបាន​បង្ហោះ​នៅ​លើ​ផេចហ្វេសប៊ុក​របស់សហព័ន្ធខ្មែរ​កីឡា​ហែល​ទឹក

កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បាន​ឱ្យ​ដឹង​ថា ​កីឡាករកូនខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក​​ ម៉ាត់​ថេរ​ ហ្រ្វេង​តារា​បេននី​ឈី នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​មុនគេ នៅ​លើ​វិញ្ញាសា​ហែល​របៀបមេអំបៅ ចម្ងាយ​២០០ម៉ែត្រ នៅ​ថ្ងៃ​នេះ។

យ៉ាង​ណា​ក៏​ដោយ  សម្រាប់​​ការ​ប្រកួត​ជើងឯក​ពិភព​លោកនេះ ត្រូវ​បាន​លោក ហែម គីរី ​បាន​ប្រាប់​ថា មាន​អត្តពលិក មក​ពី​ប្រមាណ​១៨០​ប្រទេស នៅលើ​ពិភព​លោក បាន​ចូល​រួមប្រកួត​ប្រជែង ហើយ​គោល​ដៅ​សំខាន់​របស់​ក្រុម​ជម្រើសជាតិ​ហែលទឹក​កម្ពុជា គឺ​ប្រកួត​ប្រជែង​​ស្វែង​រក​សមិទ្ធផល​​ល្អ ដើម្បីអភិវឌ្ឍ​កម្រិត​បច្ចេក​ទេស​បន្ថែម​ទៀត ពោល​កម្ពុជា មិនទាន់អាច​មាន​លទ្ធភាព ឈាន​ទៅប្រកួត​រកមេដាយ នៅ​ក្នុងការ​​ប្រកួតកម្រិត​ពិភព​លោក​នេះទេ។

តែ​ទោះបីជា​យ៉ាង​ណា អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក លោក ហែម គីរី មាន​​ការ​ជឿជាក់ថា បេក្ខភាពតំណាង​ឱ្យ​កម្ពុជា ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅប្រកួត​ជើងឯក​ពិភព​លោក លើក​នេះ គឺ​មាន​សមត្ថ​ភាព​ល្អ អាច​នឹង​ដណ្តើម​បានមេដាយ នៅ​ក្នុងការ​ប្រកួត​ស៊ីហ្គេម លើក​ទី៣១ ឆ្នាំ​២០២២ នៅ​វៀតណាម ជាពិសេស​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

គួរ​បញ្ជាក់​ថា ស​ម្រាប់ការ​ប្រកួត​ជើង​ឯក​ពិភព​លោក ដែល​ត្រូវ​ចាប់​ផ្តើម​ថ្ងៃ​​នេះ រហូត​ដល់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១នោះ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ​បាន​បញ្ជូន​ក្រុមអត្តពលិក​ចំនួន​៤នាក់ ទៅ​ចូល​រួម ក្រោម​ការ​ដឹក​នាំ​របស់​លោក​គ្រូ នាង សូរិទ្ធិយ៉ា ហើយ​បេក្ខភាព​ទាំង​៤នាក់​នេះ រួម​មាន​កីឡាករ ម៉ាត់ថេវ ហ្រេ្វងតារា បេននីឈី កូនខ្មែររស់នៅសហរដ្ឋអាមេរិក កីឡាការិនី ម៉ីលិតាន មីននិក កូន​ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេរិក កីឡាករ មនត្រស ផានសុវណ្ណអារុន ស្ថិត​ក្រុម​ជម្រើស​ជាតិ កំពុង​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ​ដោយទទួលបានអាហារូបករណ៍ ពីសហព័ន្ធ​ហែល​ទឹក​អន្តរ​ជាតិ(FINA) និងកីឡាការិនី កាំង មុយនីន កំពុងហ្វឹកហាត់ ក្នុង​ក្រុមជម្រើស នៅប្រទេសកម្ពុជា៕