កីឡាករ កីឡាការិនី​ជម្រើសជាតិ​ហែលទឹក​កម្ពុជា​ទាំង​៤នាក់ បានបញ្ចប់​បេសកកម្ម នៃ​ការ​ចូល​រួម​ប្រកួត​កីឡាហែល​ទឹក​ជ្រើសរើសជើងឯកពិភពលោក (អាងហែលទឹក២៥ម៉ែត្រ) នៅ​ក្នុង​ទីក្រុ​ង​អាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ជា​ផ្លូវ​ការ​ហើយ កាល​ពី​​ថ្ងៃ​អង្គារ បន្ទាប់ពីពួក​គេ ​បាន​ចាប់​ផ្តើម​ការ​ប្រកួត​ប្រជែង តាំងពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១​មក។

តាម​រយៈការ​ប្រកួត​ចំនួន​៥​ថ្ងៃពេញ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ ដែល​មានប្រទេស​ជាច្រើន នៅ​លើ​ពិភព​លោក​បាន​ចូល​រួមនេះ ទាំង​​កីឡាករកូន​ខ្មែរ​រស់​នៅអាមេរិក ម៉ាត់ថេវ ហ្រេ្វងតារា បេននីឈី កីឡាការិនី ម៉ីលិតាន មីននិក កូន​ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេរិក កីឡាករ មនត្រស ផានសុវណ្ណអារុន ស្ថិត​ក្រុម​ជម្រើស​ជាតិ កំពុង​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ ​និងកីឡាការិនី កាំង មុយនីន កំពុង​ហ្វឹក​ហាត់ ក្នុង​​ក្រុម​ជម្រើស នៅប្រទេសកម្ពុជា សុទ្ធតែ​បាន​បំបែកកំណត់ត្រា​ថ្មី​ជាតិ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។

លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​កម្ពុជា និង​លោក​នាង សូរិទ្ធិយ៉ា ជា​គ្រូ​បង្វឹក ​បាន​កត់ត្រា​នៅ​ថិរវេលា ដែល​ក្រុមអត្តពលិកកម្ពុជា ធ្វើ​បាន ហើយ​ក៏​បាន​អបអរ​សាទរ​ដល់​អ្នកទាំង​៤នេះ ដែល​សុទ្ធតែ​បាន​បំបែកកំណត់ត្រា​ថ្នាក់ជាតិ នៅ​ក្នុងការ​ប្រកួត​ជើងឯក​ពិភព​លោក ដែល​មាន​ន័យ​ថា ថិរវេលា ដែល​អត្តពលិកទាំង​៤នាក់ ធ្វើបាន​នៅពេលនេះ គឺកាត់តែ​ខិត​កៀក ទៅ​រក​ការ​ឈ្នះ​បានមេដាយ សម្រាប់ការ​ប្រកួត​ស៊ីហ្គេម ជា​ពិសេស​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ។

ខាង​ក្រោម​នេះ ជា​ថិរវេលា ដែល​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ធ្វើបាន ទៅតាម​ប្រភេទ​វិញ្ញាសានីមួយៗ ដែល​ពួក​គេ បាន​ប្រឹងប្រែង​​ប្រកួតប្រជែង​រយៈពេល​៥​ថ្ងៃ នៅ​ក្នុង​ការ​ប្រកួត​កីឡាហែល​ទឹក​ជ្រើសរើសជើងឯកពិភពលោក (អាងហែលទឹក២៥ម៉ែត្រ) នៅ​ក្នុង​ទីក្រុ​ង​អាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។

 

ការ​ប្រកួត​ថ្ងៃទី​១

– អបអរសាទរ កីឡាករ ម៉ាត់ថេរ ហ្រ្វេងតារាបេននីឈី បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថិរ​វេលា ២:០០.៩៥នាទី លើប្រភេទវិញ្ញាសា ចម្ងាយ​២០០ម៉ែត្រ ហែលរបៀបមេអំបៅ។

 

ការ​ប្រកួត​ថ្ងៃទី​២

– អបអរសាទរ កីឡាករ ម៉ាត់ថេរ ហ្រ្វេងតារាបេននីឈី បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថិរ​វេលា ៥៥.៦០នាទី លើប្រភេទវិញ្ញាសា ១០០ម៉ែត្រ ហែលរបៀបមេអំបៅ។

 

ការ​ប្រកួត​ថ្ងៃទី​៣

– អបអរសាទរ កីឡាករ មនត្រស ផានសុវណ្ណអារុន បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថិរ​វេលា ២៥.២៨ វិនាទី លើប្រភេទវិញ្ញាសា ៥០ម៉ែត្រ ហែលរបៀបសេរី។

– អបអរសាទរ កីឡាការិនី កាំង មុយនីន បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថិរវេលា ៣០.៧៧ វិនាទី លើប្រភេទវិញ្ញាសា ៥០ម៉ែត្រ ហែលរបៀបមេអំបៅ។

 

ការ​ប្រកួត​ថ្ងៃទី​៤

– លទ្ធផលបច្ចេកទេស របស់កីឡាការិនី ម៉ីលិតាន មីននិក ដែលបានប្រកួតលើប្រភេទវិញ្ញាសា ១០០ម៉ែត្រ ហែលរបៀបកង្កែប ធ្វើបាន​ក្នុងថិរវេលា ១:១៩.៨៧ នាទី។

 

ការ​ប្រកួត​ថ្ងៃទី​៥

– អបអរសាទរ កីឡាការិនី កាំង មុយនីន បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថិរ​វេលា ២៨.៤២ វិនាទី លើប្រភេទវិញ្ញាសា ៥០ម៉ែត្រ ហែលរបៀបសេរី។

– អបអរសាទរ កីឡាករ មនត្រស ផានសុវណ្ណអារុន បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថិរ​វេលា ៥៥.៧១ វិនាទី លើប្រភេទវិញ្ញាសា ១០០ម៉ែត្រ ហែលរបៀបសេរី។

-អបអរសាទរ កីឡាការិនី ម៉ីលិតាន មីននិក បានបំបែកកំណត់ត្រាថ្នាក់ជាតិ ក្នុងថិរ​វេលា ១:០៨.៦៨ នាទី លើប្រភេទវិញ្ញាសា ១០០ម ហែលរបៀបមេអំបៅ។

 

បើតាម​ព័ត៌មាន ដែល​បាន​បង្ហោះ នៅលើ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក បាន​ឱ្យ​ដឹង​ថា ប្រតិភូ និងក្រុម​អត្តពលិកទាំងអស់របស់កម្ពុជា និងត្រឡប់មកមាតុភូមិវិញ នៅ​ថ្ងៃ​ពុធ​នេះ៕