ក្រុមណាហ្គាវើលដ៍កំពង់ស្ពឺ នៅតែរក្សាបានភាពខ្លាំង សម្រាប់ការបង្ហាញសមត្ថភាពសារជាថ្មី ក្នុងការប្រកួតជម្រើសជើងឯកបាល់ទាត់លីគនារី ឆ្នាំ២០២១ ដែលទើបបានចាប់ដំណើរការ កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ក្រុមនារី បឹងកេត រកបានលទ្ធផលល្អជាងក្រុមម្ចាស់ជើងឯក ណាហ្គាវើលដ៍កំពង់ស្ពឺ។
តាមរយៈការប្រកួត នៅលើទីលានផ្សេងគ្នា កាលពីម្សិលមិញនេះ ក្រុមម្ចាស់ជើងឯក ណាហ្គាវើលដ៍កំពង់ស្ពឺ ធ្វើបានយ៉ាងល្អ ក្នុងការរកឃើញជ័យជម្នះលើក្រុមខេត្តកំពង់ឆ្នាំង ហើយតាមរយៈការយកឈ្នះរហូតដល់ ៨-០ នេះ បានបង្ហាញថា ក្រុមសម្បូរដោយកីឡាការិនីជម្រើសជាតិមួយនេះ នៅតែមានសមត្ថភាពខ្លាំង សម្រាប់ការវិលមកកាន់ទីលាន ជាថ្មីនេះ ខណៈការប្រកួតរដូវកាលឆ្នាំ២០២០ ក្រុមនារីណាហ្គាវើលដ៍ បានចាញ់តែ១លើកគត់ នៅក្នុងវគ្គជម្រុះ មុនពេលត្រូវបានកំណត់ឱ្យក្លាយជាម្ចាស់ជើងឯក ដោយស្វ័យប្រវត្តិ នៅពេលការប្រកួតត្រូវបានផ្អាក ត្រឹមវគ្គផ្តាច់ព្រ័ត្រ ដោយសារវិបត្តិនៃជំងឺកូវីដ១៩។
យ៉ាងណាមិញ ក្រុមនារីភ្នំពេញក្រោន ដែលបានត្រឹមលេខ៣ ក្រោយបានចាញ់ក្រុមនារីព្រះខ័នរាជស្វាយរៀង ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ក៏ដណ្តើមបាន៣ពិន្ទុដ៏មានន័យ សម្រាប់ការប្រកួតបើកឆាក នារដូវកាលថ្មីនេះផងដែរ ខណៈពួកគេ សងសឹកបានសម្រេចលើក្រុមព្រះខ័នរាជស្វាយរៀង តាមរយៈការយកឈ្នះ ដោយលទ្ធផល ២-១ ដ៏រំភើបនោះ។
ចំណែកក្រុមនារីរបស់បឹងកេត ដែលរកមិនឃើញការឈ្នះសោះ សម្រាប់ការប្រកួតលីគនារី ឆ្នាំ២០២០នោះ បែរជាអាចបង្កើតឱ្យមានការភ្ញាក់ផ្អើលខ្លាំង សម្រាប់ការប្រកួត កាលពីម្សិលមិញ ខណៈពួកគេបានលត់ក្រុមខេត្តកណ្តាល រហូតដល់ ១០-០ នោះ។
ការរកឃើញជ័យជម្នះយ៉ាងធំនេះ វាមិនត្រឹមតែជួយឱ្យក្រុមនារីបឹងកេត ឡើងទៅឈរនៅកំពូលតារាង ជាបណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែការឈ្នះ ១០-០ នេះ អាចបង្ហាញបានថា បឹងកេត នៅរដូវកាលនេះ មិនមែនជាក្រុមលេង សម្រាប់កំដតារាង ដូចកាលពីឆ្នាំមុននោះទេ គឺពួកគេ អាចនឹងឈរនៅលើផ្លូវដ៏ត្រឹមត្រូវមួយ ក្នុងការប្រកួតប្រជែងជាមួយក្រុមផ្សេងៗទៀត។
ជាមួយគ្នានេះ ក្រុមសៀមរាប បានយកឈ្នះក្រុមលេខ៤ ឆ្នាំចាស់ ខេត្តបាត់ដំបង ១-០ សម្រាប់ការប្រកួតបើកឆាក កាលពីថ្ងៃអាទិត្យនោះដែរ ខណៈការប្រកួតលីកនារី នៅឆ្នាំនេះ មានក្រុមចូលរួមចំនួន៨ ហើយត្រូវកំណត់ឱ្យប្រកួតគ្នាចំនួន២ជើង ដើម្បីរកក្រុមមានពិន្ទុខ្ពស់ជាងគេ លើកពាននៅរដូវកាលឆ្នាំ២០២១នេះ ហើយការប្រកួតទាំង២ជើងនេះ គ្រោងនឹងបញ្ចប់ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២៕