​ក្លិបបាល់​ទាត់ណាហ្គាវើលដ៍ បាន​បន្តចែក​ផ្លូវ​ជាមួយ​គ្រូ​ជំនួយ និងគ្រូពេទ្យ​ប្រចាំ​ក្លិប​​​នេះ ចំនួ​ន​​២​នាក់ ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​អង្គារ ហើយ​ក្លិប​មួយនេះ ក៏បានបញ្ចប់​កុងត្រា​ជាមួយ​ខ្សែ​ប្រយុទ្ធម្នាក់​ផង​ដែរ  ប៉ុន្តែ​មិនទាន់បាន​ប្រកាស ការ​នាំ​ចូល​អ្នកចំណូល​ថ្មី មកជំនួស​ទីតាំង​នេះ នៅ​ឡើយ​ទេ។

«ក្លិប​បាល់ទាត់​ណាហ្គាវើលដ៍ សូម​ជូន​ដំណឹង​ទៅ​ដល់​អ្នក​គាំទ្រ និង​អ្នក​សារព័ត៌​មាន​ឱ្យ​​បាន​ជ្រាបអំពីដំណឹង នៃ​ការ​សម្រេច​ចែក​ផ្លូវ​គ្នា ជាមួយ​លោក​គ្រូ​ពេទ្យ​ប្រចាំ​ក្លិប ស្រេង ហុង ក្លិប​​សូម​ជូន​ពរ​ឱ្យ​លោកគ្រូ ហុង ជួបសំណាងល្អ និង ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​បន្ត​ទៀត អរគុណ​ចំពោះ​ការ​មើល​ថែ​ទាំ​កីឡាករ​កន្លង​មក​នេះ»។

នេះ​ជា​សេចក្តីប្រកាស​របស់​ក្លិបណាហ្គាវើលដ៍ ដែលបានបញ្ជាក់ពីការ​ចែក​ផ្លូវ​ជាមួយ​លោក​គ្រូ​ពេទ្យ ស្រេង ហុង កាលពី​ថ្ងៃអង្គារ ម្សិលមិញ ហើយ​​ជាមួយ​គ្នា​នេះ ណាហ្គាវើលដ៍ ក៏​បាន​ជូនដំណឹង ពី​ការសម្រេចចែកផ្លូវគ្នា ជាមួយ​គ្រូជំនួយ​លោក ចាយ សង្ហា កាលពី​ម្សិលមិញនោះ​​​ផងដែរ។

តាម​រយៈការ​ប្រកាស​នេះ អាច​បញ្ជាក់​បាន​ថា ក្លិប​ណាហ្គាវើលដ៍ គិតមក​ដល់ពេលនេះ បានចែក​ផ្លូវជាមួយគ្រូបង្វឹក​២​នាក់​ និង​គ្រូ​ពេទ្យ​ប្រចាំ​ក្លិប​១នាក់ ​ខណៈ​​​គ្រូ​បង្គោល​លោក មាស ចាន់ណា ត្រូវបាន​ក្លិប​មួយនេះ ប្រកាស​ពី​ការ​មិន​បន្តកុងត្រា​​ ដោយចម្រូងចម្រាស មុនគេ កាលពី​ចុងខែតុលា ឆ្នាំ​២០២១។

ជាមួយ​គ្នា​នេះ ណាហ្គាវើលដ៍ ក៏​បាន​ចែក​ផ្លូវ​ជាមួយ​​​ខ្សែ​ប្រយុទ្ធ​របស់​សាធារណ​រដ្ឋ​ម៉ុលដាវី Leuca Petru ផងដែរ ​ដែលបាន​ឡើង កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​ក្រុមមួយនេះ នៅមិន​ទាន់​​ឃើញ នាំ​យក​អ្នក​ចំណូល​ថ្មី មក​ជំនួសទីតាំង​​ទាំង​នេះ នៅ​ឡើយ​ទេ ​​ចំណែក​លោក គង់ ប៊ុនសៀង ជា​មនុស្ស​ដំបូង ដែល​ណាហ្គាវើលដ៍ បាន​នាំ​ចូល​​មក ដើម្បី​​ធ្វើ​ជា​អ្នកចាត់ការទូទៅ​នៃ​សាលា​បាល់​ទាត់ ណាហ្គាវើលដ៍៕