ក្លិបបាល់​ទាត់ណាហ្គាវើលដ៍ បាន​នាំ​យកទាំងខ្សែប្រយុទ្ធ​ និង​គ្រូ​ចាំ​ទី ជនជាតិ​ប្រេស៊ីល ដើម្បីមក​ចូល​រួម​ជួយក្រុម សម្រាប់ត្រៀមការប្រកួត​លីគកំពូលកម្ពុជា រដូវ​កាលថ្មី ឆ្នាំ​២០២២​នេះ ដែល​មានត្រឹម​៨​ក្រុម។

ណាហ្គាវើលដ៍ បានប្រកាសពីការនាំ​យកខ្សែ​ប្រយុទ្ធ Roque Silveira Dos Santos, Cristian និងគ្រូ​ចាំទី Soares Da Costa Osvaldo, Dida កាល​ពីថ្ងៃ​ចន្ទ ម្សិលមិញ ហើយ

​ការ​នាំ​យក​កម្លាំង​មកពីប្រេស៊ីល​ទាំង​២​ មកចូល​រួមជាមួយក្រុមណាហ្គាវើលដ៍ នាពេល​នេះ ត្រូវបាន​គេគិតថា ជា​គំនិត​ផ្តួច​ផ្តើមរបស់ប្រធាននាយកបច្ចេក​ទេស​របស់ក្លិប​មួយនេះ ដែល​ជាជន​ជាតិ​​ប្រេស៊ីល ដូចគ្នា។​

តាម​រយៈខ្សែ​វីដេអូ​ខ្លី ​បានបង្ហាញឱ្យ​ឃើញ​ថា​កីឡាករ​វ័យ​២៦​ឆ្នាំ Roque Silveira Dos Santos ឬ​ហៅ​ថា Cristian មានគុណ​ភាព​លេងល្អ​ទាំង​ទៅលើ​ល្បឿន ការអូសបាល់ និង​ការ​បញ្ចប់ទី ដោយ​រូបគេមានកម្លាំង​ជើងខ្លាំង អាច​ស៊ុតបាល់​ចេញពីក្រៅ​តំបន់​គ្រោះ​ថ្នាក់ បាន​​យ៉ាងមាន​ប្រសិទ្ធភាព។

ខ្សែ​ប្រយុទ្ធ Cristian មិន​ធ្លាប់ចេញទៅប្រកប​អាជីព នៅក្រៅ​ប្រទេស​នោះទេ ព្រោះក្លិប​ទាំងអស់ ដែលរូបគេ​​ធ្លាប់លេង​ឱ្យកន្លងមក សុទ្ធតែ​មានមូលដ្ឋាន នៅប្រទេស​ប្រេស៊ីល ហេតុនេះ​កម្ពុជា គឺ​ជា​ប្រទេស​ដំបូងគេ ដែល Cristian ត្រូវ​ប្រកបអាជីព​បាល់​ទាត់ នៅក្រៅ​ប្រទេស។

ជាមួយគ្នានេះ Cristian ក៏ជា​កីឡាករ​បរទេស​ចុងក្រោយ សម្រាប់​លេង​ឱ្យ​ណាហ្គាវើលដ៍ នៅរដូវ​កាលនេះ​ផងដែរ ជាមួយ​បរទេស​៣នាក់ទៀត រួមមានកីឡាករ​ជប៉ុន Fumiya Kogure ខ្សែ​ការពារ​របស់​អេស្ប៉ាញ Manuel Herrera López និងខ្សែ​ប្រយុទ្ធ​ប្រេស៊ីល DA CRUZ GUARDLANO ELIEL ព្រោះ​រយៈពេល​ប៉ុន្មាន​ចុងក្រោយនេះ ណាហ្គា បាន​ចុះ​កិច្ចសន្យា​យក​កីឡាករ​បរទេស​ត្រឹម​៤នាក់ប៉ុណ្ណោះ គឺ​តិចជាងកូតា បានកំណត់ ដែល​ក្លិប​មួយ​ អាច​​មាន​​កីឡាករ​បរទេស​៥នាក់៕