ភាពត្រចះត្រចង់ ដែលទើបតែបង្កើតឱ្យមានឡើងរបស់ក្រុមនាគខៀវ បឹងកេត កាលពីសប្តាហ៍មុន ត្រូវបានកាច់បំបាក់ដោយក្រុមសិង្ហក្រហម ភ្នំពេញក្រោន កាលពីថ្ងៃព្រហស្បតិ៍ គឺស្របពេលក្រុមណាហ្គាវើលដ៍កំពង់ស្ពឺ បានរក្សាភាពមិនទាន់ស្គាល់ការចាញ់របស់ខ្លួន ជាបន្តទៀត ចំណែកក្រុមនារី សៀមរាប ក៏បានបន្តឈ្នះ ដើម្បីទទួលបាន៣ពិន្ទុ ជាលើកទី២ ផងដែរ។

បើទោះបីជា ក្រុមនារីបឹងកេត បង្កើតបានការភ្ញាក់ផ្អើល សម្រាប់ការប្រកួតបើកឆាក ជម្រើសជើងឯកបាល់ទាត់នារីនេះ ដោយការលត់ក្នុងក្រុមមន្ទីរអយកខេត្តកណ្តាល រហូតដល់ ១០-០ ដើម្បីលុបបំបាត់ចោល លទ្ធផល មិនធ្លាប់ឈ្នះសោះ សម្រាប់ការប្រកួតរបស់ពួកគេ កាលពីរដូវកាលចាស់ ឆ្នាំ២០២០ ប៉ុន្តែភាពត្រចះត្រចង់នេះ បានរលាយបាត់ទៅវិញ កាលពីថ្ងៃព្រហស្បតិ៍ គឺនៅពេលពួកគេ ចាញ់ក្រុមសិង្ហក្រហមភ្នំពេញក្រោន ៥-០ កាលពីថ្ងៃព្រហស្បតិ៍។

ជាមួយជ័យជម្នះ កាលពីម្សិលមិញនោះដែរ វាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពខ្លាំងរបស់ភ្នំពេញក្រោន ក្រោមការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេ ក្នុងការបិទ ក្រុមបឹងកេត មិនឱ្យរកបាន១គ្រាប់សោះ ប៉ុន្តែការឈ្នះ ៥-០ លើកនេះ វាថមថយចំនួនគ្រាប់បាល់ ព្រោះកាលពីរដូវកាលឆ្នាំ២០២០ ក្រុមនារីភ្នំពេញក្រោន បានលត់ក្រុមនារី បឹងកេត រហូតដល់ ១៣-០ ឯណោះ។

យ៉ាងណាមិញ ក្រុមម្ចាស់ជើងឯក ណាហ្គាវើលដ៍កំពង់ស្ពឺ បានបន្តយកឈ្នះក្រុមនារីព្រះខ័នរាជស្វាយរៀង ២-០ បន្ថែមទៅលើការឈ្នះក្រុមមន្ទីរអយកខេត្តកំពង់ឆ្នាំង ៨-០ កាលពីសប្តាហ៍មុន ដើម្បីឡើងទៅឈរនៅកំពូលតារាង ជាបណ្តោះអាសន្ន។

ចំណែកក្រុមនារីរបស់សៀមរាប ក៏បានបន្តទទួលបាន៣ពិន្ទុបន្ថែមផងដែរ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដោយពួកគេបានយកឈ្នះក្រុមមន្ទីរអយកខេត្តកំពង់ឆ្នាំង ៤-០ រីឯក្រុមមន្ទីរអយកខេត្តបាត់ដំបង បានយកឈ្នះក្រុមមន្ទីរអយកខេត្តកណ្តាល ៣-២ ដើម្បីរកឃើញការឈ្នះជាលើកដំបូង៕