ក្រុម​អត្តពលិក ​កីឡា​ទោចក្រយាន​ ចំនួន​​២៥២​ នាក់ មកពី ​១៨ ​ក្លិប-​សមាគម នៅ​ទូទាំង​​​ប្រទេស​កម្ពុជា បាននឹង​កំពុង​ ធ្វើ​ការ​​ប្រកួត​ប្រជែង នៃ​ព្រឹត្តិការណ៍​​កីឡា​ទោចក្រយាន (​ប្រណាំង​កង់​) ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​​២០២១ ដើម្បី​ស្វែង​រក​​ជើង​ខ្លាំង ប្រចាំ​ឆ្នាំ​២០២១។

នៅមុនការ​ប្រកួត​ប្រជែង​គ្នានេះ ​ក្រុម​អត្តពលិកទាំង​​អស់ បាន​ជិះ​សាកល្បង និង​តេស្ត​ទីលាន នៅ​ក្នុងទឹក​ដី​ខេត្ត​សៀម​រាប រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ហើយ​​ព្រឹត្តិការណ៍ថ្នាក់ជាតិ ​ប្រចាំ​ឆ្នាំ​២០២១ ដែល​បាន​លើក​មក​ធ្វើនៅ​ឆ្នាំ​២០២២ មួយនេះ ត្រូវ​​បាន​មន្ត្រី​​ជំនាញ​ ​អះអាងថា នឹង​ជួយ​បង្កើន​ទាំង​ទៅលើ​គុណភាព​បច្ចេកទេស​របស់​ក្រុម​អត្ត​ព​លិ​ក និង​ក្រុម​​មន្ត្រី​បច្ចេកទេស ដើម្បី​ត្រៀមខ្លួន​ព្រម​គ្នា ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​​ទី​៣២ ឆ្នាំ ​២០២៣​។​

លោក នូ ចំរើន អគ្គលេខាធិការ​សហ​​ព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាល​​ពីថ្ងៃ​ទី ​៦ ខែ មករា ឆ្នាំ ​២០២២ ថា​៖ «​ថ្វីដ្បិតតែ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ បាន​ធ្វើឱ្យ​ការប្រកួតប្រជែង​កម្រិត​ខ្ពស់​មួយ​នេះ ពន្យារពេល ប៉ុន្តែ​វា​មិនអាច​ផ្លាស់ប្តូរ​ឆន្ទៈ និង​គោលដៅនៃ​ការរៀប​ចំនេះ​បានទេ ដោយ​សហព័ន្ធនៅតែ​ពង្រឹង​លើ​ការ​​ផលិត​ធនធាន​កីឡា​ទោច​ក្រយាន ក៏ដូចជា ការអភិវឌ្ឍ​គុណភាព​បច្ចេកទេស​​របស់​​ក្រុម​​ជម្រើសជាតិ ត្រៀម​​ឆ្ពោះទៅ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិ​​ការណ៍​ស៊ី​ហ្គេម ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​ឱ្យ​ទទួលបាន​ជោគជ័យ​ផងដែរ​»​។​

លោក​បាន​បន្ត​ថា៖ «​ការប្រកួត​ថ្នាក់​ជាតិ​នេះ គឺ​អនុវត្តតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ ដោយមាន​ការឯកភាព និង​ណែនាំ​ដ៏​ខ្ព​ង​ខ្ពស់​ពី​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ ដែល​បាន​ដាក់ចេញ ក្នុងការ​ពង្រឹងសមត្ថភាព​គណៈកម្មការ​​បច្ចេកទេស និង​គណៈកម្មការ​រៀប​ចំការ​ប្រកួត ក្នុង​ដំណើរ​ឈានទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ ក៏ដូចជា​ការ​​ប្រកួត​កីឡា​ទោចក្រយានលើ​ឆាក​​អន្តរជាតិ​ផ្សេងៗ​ទៀត»។

​ក្រៅ​ពីការប្រើ​ប្រាស់កញ្ចប់​ថវិកាជាតិ គឺ​ការ​ប្រកួត​​ប្រណាំង​កង់ថ្នាក់ជាតិ លើក​នេះ សហព័ន្ធ​​ខ្មែរ​​កីឡា​ទោចក្រយាន ទទួលបាន​ការឧបត្ថម្ភ​ច្រើន​ពី​វិស័យ​ឯកជន ដោយ​ក្នុង​នោះ​ក្រុម​ហ៊ុន Herbalife បាន​ឧបត្ថម្ភ​ ២០ ៧០០ ​ដុល្លារ​, ​ស្រា​បៀរ​ហ្គេ​ន​ស៍​ប៊ឺ​គ ​៨ ០០០ ​ដុល្លារ​, ក្រុមហ៊ុន​ធានារ៉ាប់រង AIA Cambodia Insurance ចំនួន ៥ ០០០ ​ដុល្លារ​, ​ក្រុមហ៊ុន​ទឹក​ពិសា Eragold Spring water ចំនួន​ ៣ ០០០ ​ដុល្លារ ហើយ​សណ្ឋាគារ​សុខា​សៀមរាប ក៏បាន​បញ្ចុះតម្លៃ​ ៥០​ ភាគរយ ក្នុង​កម្មវិធី​ជប់លៀង ចំណែក​ក្រុមហ៊ុន Wonderpass បាន​ជួយ​រៀបចំ​រចនា​វេ​ប​សាយ​សហព័ន្ធ និង​ការចុះឈ្មោះ​អ្នកចូលរួម តាម​ប្រព័ន្ធ​អន​ឡាញ​។

ជាមួយ​ការ​ទទួល​បានការ​ឧបត្ថម្ភ​យ៉ាងច្រើន​នេះ វា​នឹងធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែងថ្នាក់ជាតិ លើក​នេះ មាន​ភាព​ស្វិតស្វាញ​កាន់តែ​ខ្លាំង ហើយសកម្ម​ភាព​នេះ វា​នឹងជួយ​ឱ្យ​សហព័ន្ធ​ខ្មែរ​កីឡាទោចក្រយាន អាច​ជ្រើស​រើស​បាន​​អត្តពលិក មាន​ទេពកោសល្យ និងសមត្ថ​ភាព​ដ៏​ពិត​ប្រាកដ ដើម្បី​ដាក់​បញ្ចូល​ឱ្យ​ហ្វឹកហាត់ នៅ​ក្នុង​ក្រុមជម្រើសជាតិ ប្រចាំ​ឆ្នាំ​២០២២​នេះ។

​លោក នូ ចំរើន បាន​បញ្ជាក់ថា​៖ «​សហព័ន្ធ​របស់​យើង កំពុងតែ​ស្វែងរក​ធនធាន​កីឡាករ កីឡាការិនី ដែលមាន​សមត្ថភាព ដើម្បី​ដាក់បញ្ចូល​ក្នុង​ក្រុម​​ជម្រើសជាតិ ហេតុនេះ​តាមរយៈ​ការ​ប្រកួត​កម្រិត​ខ្ពស់ និង​ធំជាងគេ​ប្រចាំ​ឆ្នាំនេះ មន្ត្រី​បច្ចេកទេស​របស់​យើង នឹង​អាច​ជ្រើសរើស​បាន​អ្នកមាន​ទេពកោសល្យ ដាក់បញ្ចូល​ក្នុង​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀម​ទៅ​ចូលរួម​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម ឆ្នាំ ​២០២២ ​នេះ និង​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមលើក​ទី​៣២ របស់​កម្ពុជា នៅ​ឆ្នាំ​ ២០២៣»​៕