ការប្រកួតកីឡាទោចក្រយាន​ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ទាំង​ទៅ​លើ​ប្រភេទកង់ភ្នំ និងកង់គួក ​ដែលបាន​លើក​ទៅ​ធ្វើ នៅ​លើទឹក​ដី​ខេត្តសៀម​រាប កាលពី​ថ្ងៃពុធ ម្សិលមិញ បានបញ្ចប់ដោយ​ជោគ​ជ័យ​ទាំង​ទៅ​លើ​លទ្ធផល ការ​រៀបចំ ហើយ​​ក៏​គ្មាន​ករណី​របួសធ្ងន់ ​បាន​កើតឡើងនោះ​ដែរ។

ជាមួយ​គ្នា​នេះ ​មន្រ្តី​ជំនាញ​របស់សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បានអះអាង​ថា ​តាម​រយៈការ​ប្រកួត​ពេញ​មួយ​ថ្ងៃ​នេះ ទាំង​ប្រភេទកីឡា​កង់​ភ្នំ និង​កង់គួក គឺ​សុទ្ធតែ​បាន​​ធ្វើ​ដំណើរ​មកដល់​ទី​ផ្តាច់ព្រ័ត្រ មុនពេលកំណត់ គឺ​បាន​បំបែក​ឯតទគ្គកម្មថ្មី​រៀងៗខ្លួន។

លោក នូ ចំរើន អគ្គ​លេខាធិការ​ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ កាលពី​ថ្ងៃព្រហស្បតិ៍​ថា៖​ «​ឆ្លងកាត់ការ​ប្រកួតប្រណាំងកង់ថ្នាក់ជាតិ​ លើក​នេះ យើង​ឃើញ​ថា ទាំង​ប្រភេទកង់គួក និងកង់ភ្នំ គឺកីឡាករ កីឡាការិនី​របស់យើងទាំង​អស់ មានការរីកចម្រើន​​ទាំង​ព្រមតែ​ម្តង ព្រោះ​ពួកគាត់ បាន​បំបែក​ឯតទគ្គកម្ម​នៃ​ថិរវេលា ក្នុងការ​ជិះ​​មក​ដល់ទី​ផ្តាច់ព្រ័ត្រ ខ្លីជាង​មុន»។

សម្រាប់ចំនួន​អ្នក​ចូល​រួមជាក់ស្តែង ក្នុងការ​ប្រកួតកីឡា​ទោចក្រយាន​ជើង​ឯក​​ថ្នាក់ជាតិ កាល​ពី​ថ្ងៃពុធ​នោះ មាន​ប្រតិភូ គ្រូបង្វឹក ចំនួន​៤១​នាក់ មន្ត្រីគណៈកម្មការរៀបចំចំនួន​៧០​នាក់ ព្រម​ទាំង​កីឡាករ​១៧៩​នាក់ និង​កីឡាការិនី​១៩នាក់ មក​ពី​៤១​ក្លិប-សមាគម នៅទូទាំងប្រទេស។

ចំពោះ​លទ្ធផលជា​ផ្លូវ​វិញ សម្រាប់​ប្រភេទកង់គួក   គឺ​​កង់​គួកបុរសថ្នាល លេខ១​បាន​ទៅ​ ចេង ជេម ឯ​វិញ្ញាសាបុរសឈុតធំ លេខ១​បាន​ទី​កីឡាករ លឹម តិចហ៊ុយ វិញ្ញាសាបុរស លេខ១ កីឡាករ អេង លីន។ ចំណែក​កង់​ភ្នំវិញ វិញ្ញាសា​កង់ភ្នំ (Man Master) លេខ១ កីឡាករ Vasco Ramsperger, កង់ភ្នំបុរស (Elite) លេខ១ កីឡាករ ឃឹម ម៉េងឡុង, កង់ភ្នំថ្នាល (Man Junior) លេខ១ កីឡាករ ធីម លីម៉េង និងវិញ្ញាសា កង់ភ្នំនារី លេខ១ បាន​ទៅ ខេន ម៉ាឡៃ។

ចំណែក​លោក កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង​ជា​អនុ​ប្រធាន​សហ​ព័ន្ធ​ខ្មែរ​កីឡាទោចក្រយាន ​បាន​ថ្លែងក្នុងពិធី​បិទការប្រកួត និងពិធីបំពាក់មេដាយថា លោក​ពិត​ជា​រីករាយ និង​កោតសរសើរ ចំពោះ​ការ​ចូល​រួម​ប្រកួត​ប្រជែង​អស់​ពី​សមត្ថភាព​របស់​កីឡាករ កីឡា​ការិនី និង​មន្ត្រីបច្ចេកទេស ដែល​ខិតខំ​អស់​ពី​សមត្ថភាព ដើម្បី​ជំរុញ​ឱ្យ​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ ទទួលបានជោគជ័យ ដើម្បីបន្តការអភិវឌ្ឍទាំងគុណភាព បច្ចេក​ទេស​របស់​អត្តពលិក និងមន្ត្រីបច្ចេកទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង នៅកម្ពុជា ដែល​យើង​នៅ​សល់​រយៈ​ពេល​ត្រឹម​ជាង ៤០០ថ្ងៃទៀតប៉ុណ្ណោះ៕