បុរស​វ័យ​​៤៨​ឆ្នាំ ដែលមាន​បទពិសោធ​ជា​គ្រូ​បង្វឹក​ចំនួន១៨​ឆ្នាំ ជាមួយការ​កាន់​វិញ្ញាបនបត្រគ្រូបង្វឹក​កម្រិត UEFA Pro Licence និង​ធ្លាប់​ប្រកបអាជីពជា​កីឡាករ​ចំនួន​១៧​ឆ្នាំនោះ នឹង​ក្លាយជា​គ្រូ​បង្គោល​ថ្មី​របស់​ក្រុម​គិរីវង់សុខសែនជ័យ សម្រាប់​ការ​ប្រកួត​នា​រដូវកាលថ្មី​នេះ។

ក្លិបគិរីវង់សុខសែន​ជ័យ នៅមិនទាន់បង្ហាញ​ឈ្មោះ​ជា​ផ្លូវ​ការ ចំពោះ​គ្រូបង្គោល​ថ្មី​របស់​ខ្លួន នៅ​ឡើយទេ ប៉ុន្តែ​បើតាម​ថ្នាក់ដឹកនាំ​របស់​ក្លិបមួយនេះ បាន​បង្ហើប​ថា គ្រូ​បង្វឹក​ថ្មី​នេះ ជាជនជាតិ​អេស្ប៉ាញ ហើយ​ឈ្មោះ​របស់​គាត់ នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ នៅ​ថ្ងៃទី២៣ ខែមករា ខាងមុខ​នេះ គឺ​នៅពេល​លោក​ត្រូវ​ដឹក​នាំ​ក្រុមគិរីវង់ ចូល​រួមការ​ប្រកួតបាល់ទាត់​ដណ្ដើម​ពានរង្វាន់ Prince Beer Pre-Season Cup 2022 ដែល​ត្រូវ​ធ្វើ​ពីថ្ងៃ​ទី​២១ ខែមករា ដល់​ថ្ងៃទី​២ ខែ កុម្ភៈ ឆ្នាំ ​២០២២។

តាម​ព័ត៌មានជា​បឋម ដែល​ក្លិប​គិរីវង់សុខសែនជ័យ បាន​បង្ហោះ​នៅលើ​ផេចហ្វេសប៊ុក​ បាន​ឱ្យ​ដឹង​ថា គ្រូ​បង្វឹក​អេស្ប៉ាញ​នេះ មានអាយុ​៤៨ ធ្លាប់មានបទពិសោធ​ជាច្រើន ក្នុង​នាម​ជា​គ្រូបង្គោល និងនាយកផ្នែកបច្ចេកទេស ក្នុងបណ្តាប្រទេសជាច្រើន ដូចជា​ប្រទេស​បារ៉ែន ឥណ្ឌា ម៉ុងហ្គាលី និង The United States ជា​ដើម។

បន្ថែម​លើ​នេះ គាត់ក៏ធ្លាប់ជាអតីតកីឡាករអាជីព ក្នុងក្លិប Real Valladolid C.F. S.A.D ច្រើនជាង៧ឆ្នាំ ហើយ​ក្រៅ​ពីអាជីព​ជាគ្រូ​បង្វឹក លោក​ក៏​ជា​អ្នក​អត្ថាធិប្បាយ​កម្ម​វិធី​កីឡា​បាល់ទាត់​តាម​វិទ្យុរបស់ LA LIGA​ផងដែរ៕