ម្ចាស់​អាវ​លេខ​៣១ REIYA KINOSHITA ដែល​ធ្លាប់​ជាអ្នក​រក​គ្រាប់​បាល់ដ៏សំខាន់​ឱ្យ​​ក្រុម​គិរីវង់សុខសែន​ជ័យ សម្រាប់ការ​ប្រកួត កាលពី​រដូវកាល ឆ្នាំ​២០២១ កន្លងមកនេះ បាន​​ក្លាយជា​សមាជិក​ថ្មី របស់ក្រុមកងយោធពលខេមរភូមិ (ទ័ព) វិញ​ម្តងសម្រាប់ការ​ប្រកួតប្រជែង ក្នុង​លីគកំពូលកម្ពុជា ឆ្នាំ​២០២២​នេះ។ ​

ក្រុម​មានមូលដ្ឋាន​នៅស្តាតចាស់ ទ័ព បាន​ប្រកាស​ពីការ​ចុះកិច្ចសន្យាជាមួយ​ខ្សែ​បម្រើ REIYA KINOSHITA នៅថ្ងៃអង្គារ​នេះ ហើយ​​តាម​​រយៈ​ការ​ប្រកួតនេះ REIYA KINOSHITA បាន​ក្លាយជា​កីឡាករ​បរទេសទី​៥​ចុងក្រោយ របស់ក្រុមទ័ព សម្រាប់ត្រៀមការ​ប្រកួត នៅ​រដូវ​កាល​ថ្មី​នេះ។

ជាមួយការ​នាំ​យក REIYA KINOSHITA មកកាន់​កីឡដ្ឋានស្តាតចាស់​នេះ​ដែរ បាន​បង្ហាញ​ថា ក្រុមទ័ព នៅ​រដូវ​កាលនេះ បាន​យក​កីឡាករ​ជនជាតិជប៉ុនរហូត​ដល់​៣នាក់ សម្រាប់​លេង​នៅ​រដូវកាលនេះ ព្រោះ​​ខ្សែ​ប្រយុទ្ធពាក់​​លេខ​១០ កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ TAKUMU Nishihara ក៏បាន​ចុះកិច្ចសន្យា​លេង​ឱ្យទ័ព ហើយនិង​កីឡាករជប៉ុន​​ពាក់​លេខ​១៣ Yuta Kikuchi ក៏បានបន្តកុងត្រា​ថ្មី លេង​ឱ្យក្រុម​មួយនេះ ផងដែរ។​

ចំណែក​កីឡាករបរទេស​២​នាក់​ទៀត គឺកីឡាករ ធ្លាប់មាន​បទពិសោធ​លេង​នៅលីគ​កំពូល​ថៃ លីគកំពូល​បង់ក្លាដែស និង​លីគ​នៅប្រទេស​ហ្គាណា DICKO IBRAHIM ABOU ដែល​ជា​ជន​ជាតិ​​កូតឌីវ័រ មាន​វ័យ​២៣​ឆ្នាំ និងខ្សែការពារ​សញ្ជាតិ​អេហ្ស៊ីប ELSAYED MAHMOUN។

សម្រាប់​ ELSAYED MAHMOUN, DICKO IBRAHIM ABOU ព្រម​ទាំង TAKUMU Nishihara និង Yuta Kikuchi ធ្លាប់បាន​លេងជាមួយគ្នា​ហើយ នៅពេលក្រុមទ័ព ទទួលបាន​លេខ​២ ក្នុងការ​ប្រកួត​ពាន​បើក​រដូវ​កាល ដែល​រៀបចំ​ដោយក្លិបវិសាខា កាលពី​ពេល​ថ្មីៗ​នេះ ហើយ​តាម​រយៈ​ការ​ប្រកួតនោះ ត្រូវបានគេ​មើលឃើញ​ថា អ្នកទាំង​៤​នេះ បង្ហាញទម្រង់លេង​បាន​ល្អ ជាពិសេស​ TAKUMU Nishihara ដែលមាន​ភាព​មុតស្រួច នៅតំបន់ប្រយុទ្ធ ខណៈ​ ELSAYED MAHMOUN បាន​ក្លាយ​ជា​រនាំង​យ៉ាងរឹងមាំ នៅតំបន់ការពារ ដែល​អាច​និយាយ​បាន​ថា ទ័ព នៅឆ្នាំ​នេះ រៀបចំ​ក្រុមបាន​ល្អ ហើយក្រុមមួយនេះ ក៏​មាន​មហិច្ឆតា ដណ្តើម​យកពាន នៅរដូវ​កាលនេះ ផងដែរ៕