ក្លិប​ព្រះខ័នរាជស្វាយរៀង បាន​ប្រកាស​ជា​ផ្លូវការ​រួច​ហើយ នៅបេក្ខភាព​ជា​កីឡាករ​បរទេសចំនួន​៤​នាក់ សម្រាប់ត្រៀមការ​ប្រកួត​លីគកំពូល​កម្ពុជា ​ដែលបាន​ប្តូរ​ឈ្មោះ​មកជា Cambodian Premier League 2022 (CPL) នា​រដូវកាលឆ្នាំ​២០២២​នេះ ប៉ុន្តែ​ក្លិបមានមូល​ដ្ឋាន នៅខេត្តស្វាយរៀង មួយនេះ នៅមិនទាន់បាន​ប្រកាស​ពី​​កីឡាករ​បរទេស​ទី​៥ ចុង​ក្រោយ នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏​ដោយ បើតាមប្រភព​ក្រៅ​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​ថា ពិជ្ឈឃាត ទី​៥ នៅលើវាល​ស្មៅ​របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង អាច​ជា​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​Paulo Victor Costa Soares ដែល​ធ្លាប់លេងឱ្យក្លិប​ភ្នំពេញ​ក្រោន មុនពេល​រូបគេ​បានចាកចេញ​ទៅ​លេង​ឱ្យ​ក្លិប Al-Hidd ​​នៅ​លីគ​​កំពូល​បារ៉ែន នៅចុង​ឆ្នាំ​២០២០ ហើយ​ក៏​ជាពេល​ដែល​អ្នកគាំ​ទ្រ​ ភ្នំពេញ​ក្រោន មានការ​សោកស្តាយ​ផងដែរ ព្រោះ​ខ្សែ​ប្រយុទ្ធស្លាប​ Paulo Victor ជា​កីឡាករ ដែល​មាន​គុណ​ភាព​ម្នាក់ ទាំងការសហការ​​លេង​​នៅ​ក្នុង​​ក្រុម និងការ​បញ្ចប់ទី។

​​សម្រាប់​ដំណឹង​នេះ នៃ​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Paulo Victor មក​កាន់​កីឡដ្ឋាន​​ខេត្តស្វាយរៀង​នេះ ត្រូវ​បានប្រភព​ដដែល ឱ្យដឹង​ថា គឺ​ភាគី​ក្លិប និង​កីឡាករ ស្ទើ​តែ​ឯក​ភាព​ទាំង​ស្រុង​ទៅ​ហើយ ចំពោះ​ការ​រួមគ្នា​ដើរ​លើ​ផ្លូវ​រួមគ្នានេះ ហើយ​បើសិនជា​អ្វីៗ ពិតជា​បាន​កើត​ឡើង​មែន​នោះ គឺ​មាន​ន័យ​ថា ពិជ្ឍឃាតជា​បេក្ខភាព​កីឡាករ​បរទេស​ទាំង​៥នាក់​របស់ ក្រុម​ព្រះខ័ន​រាជស្វាយរៀង នៅរដូវកាលនេះ កាន់តែ​មុតស្រួច បើទោះបីជា​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម ដែល​ឈ្នះ​បាន​ស្បែក​ជើង​មាស​២​រដូវកាល Privat បាន​សម្រេច​ចាក​ចេញពី ស្វាយរៀង ឱ្យកំពុង​លេង​ឱ្យ​ក្លិប Bali United របស់​ឥណ្ឌូនេស៊ី ក៏​ដោយ។

ចំពោះ​កីឡាករ​បរទេស​ទាំង​៤​នាក់ ដែល​ក្លិប​ព្រះខ័នរាជស្វាយរៀង បាន​ប្រកាស​ជា​ផ្លូវការ​កន្លងមក​នេះ រួម​មាន​ខ្សែ​ប្រយុទ្ធ​របស់​កាណាដា Marcus Haber ដែល​ជា​អ្នក​រក​គ្រាប់​បាល់យ៉ាង​សំខាន់ ឱ្យក្រុម​វិសាខា កាលពី​រដូវកាល​ឆ្នាំ​២០២១ និង​ខ្សែ​បម្រើ​ជប៉ុន Hikaru Mizuno ដែល​ទើបបានបញ្ចប់កុងត្រា​ជាមួយ​ក្រុមបឹងកេត ក្រោយបានរួមរស់ជាមួយ​គ្នា​​អស់​ពេល​​៥​ឆ្នាំ ហើយ Mizuno ក៏​ធ្លាប់លេង​ឱ្យ ស្វាយរៀង កាលពី​ឆ្នាំ​២០១៥-២០១៦ ផង​ដែរ ចំណែក​​២នាក់ទៀត គឺ​ខ្សែ​ប្រកួត​កាមេរ៉ូន Emmauel Mbarga (នៅជាប់កុង​ត្រា) និង​កីឡាករ​ជប៉ុន Takashi Odawara ដែល​ជា​កីឡាករ​ចំណូល​ថ្មី ហើយ​អ្នកទាំង​៤នេះ សុទ្ធតែ​មានគុណ​ភាព​លេង​បានល្អ​ដូចគ្នា៕