ក្រុម​ការពារតំណែង​ជើង​ឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន បាន​ស្ពាយ​បទពិសោធ ពី​ប្រទេស​ម៉ាឡេស៊ី មកដល់​មាតុប្រទេស​វិញ​ហើយ ប៉ុន្តែ​ក្រុមជើងឯក​រង ព្រះខ័នរាជស្វាយរៀង ទើប​​ទៅ​ដល់ប្រទេស​មួយនេះ កាលពី​ម្សិលមិញ ដើម្បី​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ទាំងជាមួយ​ក្រុម​លីគកំពូល និង​លីគ​ទី​២ របស់ម៉ាឡេស៊ី។

សម្រាប់ការ​ចេញ​ទៅប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅប្រទេស​ម៉ាឡេស៊ី​នេះ ក្រុម​ភ្នំពេញ​ក្រោន ​បាន​បញ្ចប់​ការប្រកួត​ទាំង​៣​លើក​របស់​ខ្លួន ដោយ​រកមិនឃើញ​ការ​ឈ្នះ​សោះ គឺ​ពួកគេ បាន​ត្រឹម​​ស្មើ ១-១ ជាមួយក្រុម Terengganu តែបាន​​បាចាញ់​ក្រុម Terengganu 2 ក្នុង​លទ្ធផល ៣-១ និងបន្តចាញ់​ក្រុម​ខ្លាំង​របស់ម៉ាឡេស៊ី Kuala Lumpur City រហូត​ដល់ ៥-១។

តែទោះបីជា​យ៉ាងណា ភ្នំពេញ​ក្រោន មិនផ្តោត​សំខាន់​ខ្លាំង ទៅ​ដល់​ការ​ឈ្នះ​ ចាញ់ សម្រាប់​ការ​ចេញ​ទៅប្រកួត​នៅ​ម៉ាឡេស៊ី នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ពួកគេ ចង់​ពង្រឹង​សមត្ថ​ភាព និង​ស្មារតី​ប្រកួត ឱ្យបានកាន់​តែ​ខ្លាំង ដើម្បី​ត្រៀម​ការ​ប្រកួត​ជម្រុះ​វគ្គ​ចែកពូល​ ពាន​រង្វាន់ AFC Cup 2022 ដោយ ភ្នំពេញក្រោន ត្រូវប្រកួតបើក​ឆាកប្រចាំពូល I នេះ ​ជាមួយ​ក្រុម Houngang United នៅ​ថ្ងៃទី​២៤ រួច​បន្ត​ទៅជួបក្រុម​ Young Elephants របស់​ឡាវ នៅ​ថ្ងៃ​ទី​២៧ និង​ចុង​ក្រោយ ត្រូវ​ប៉ះ​​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម Viettel នៅ​ថ្ងៃទី​៣០ ខែមិថុនា។

យ៉ាង​ណាមិញ ក្រុមព្រះខ័នរាជស្វាយរៀង ទើប​បាន​ធ្វើ​ដំណើរ ទៅដល់​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃព្រហស្បតិ៍​។ បើទោះបីជា ស្វាយរៀង មិនមាន​បេសកកម្ម ចេញ​ទៅប្រកួត​ពាន AFC Cup ប៉ុន្តែ​ការ​ចេញ​ទៅប្រកួតមិត្ត​ភាព​អន្តរជាតិ នៅ​ក្រៅ​ប្រទេស​នេះ គឺ​ស្វាយរៀង ចងើ​ពង្រឹង​គុណ​ភាព​របស់​ខ្លួន ឱ្យ​បានកាន់តែ​ប្រសើរ ដើម្បី​ត្រៀម​ការ​ប្រកួត​ដំណាក់កាល​ទី​២ នៃ​លីគ​កំពូលកម្ពុជា  ​ ខណៈ​ការ​ប្រកួត​ចំនួន​៧លើក ដំណាក់កាល​ទី​១ ​​កន្លងមកនេះ ស្វាយរៀង បាននឹងកំពុង​ឈរ​នៅលេខ​១ ជាបណ្តោះ​អាសន្ន ដោយឈ្នះ៦ ស្មើ១ មាន១៩ពិន្ទុ ដាច់​ពី​គេតែម្តង។

សម្រាប់ការ​ចេញដំណើរ​ទៅប្រកួតមិត្តភាពអន្តរជាតិ MALAYSIA TOUR 2022​ ដែល​ជា​កិច្ច​សហការជាមួយ​ក្រុមហ៊ុន Echo Sports Management របស់ប្រទេសម៉ាឡេស៊ី​នេះ ក្រុម​ស្វាយរៀង របស់កម្ពុជា នឹង​ត្រូវ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ជាមួយក្រុម​លេង​នៅលីគ​កំពូល​ម៉ាឡេស៊ី PJ City FC នៅថ្ងៃទី១០ មុនពេល​ពួកគេ ​​ត្រូវ​ប្រកួតជាមួយ​សមាជិកលីគ២ ម៉ាឡេស៊ី UiTM FC នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២៕