ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញ​ក្រោន បាន​ជួបការបរាជ័យ ចំពោះ​ការ​សាកល្បង ក្នុង​ការ​ដាក់ក្រុម​កីឡាករ​វ័យក្មេង​របស់ខ្លួន ឱ្យចូលលេង នៅក្នុងជម្រើស​១១នាក់ដំបូង នៅពេល​ពួកគេ  ប្រកួតដណ្តើមពាន​អន្តរ​ជាតិ International Club Friendly Match 2022 ជាមួយ​ក្រុម​ទី​២​របស់​ក្លិប Terengganu ឬ Terengganu 2 កាលពី​យប់ថ្ងៃចន្ទ។

តាម​រយៈ​ការ​ប្រកួតដណ្តើមពាន​អន្តរ​ជាតិ ជា​លើក​ទី​២ កាលពី​យប់​ម្សិលមិញ​នេះ គ្រូ​បង្គោល​របស់​ក្រុម​ភ្នំពេញ​ក្រោន លោក Oleg Starynskyi ​មិនបាន​ប្រើសមាភាពជម្រើស​១១នាក់ដំបូង ដូចពេលដែល​ពួកគេ បានប្រកួតស្មើ ១-១ ជាមួយ​ក្រុម​ធំ​របស់ Terengganu កាលពី​ថ្ងៃសៅរ៍​នោះ​ទេ។

ផ្ទុយ​ទៅវិញ គ្រូ​បង្គោលសញ្ជាតិ​អ៊ុកក្រែន​រូបនេះ បានសម្រេច​ដាក់កីឡាករ​ល្អៗ ជា​ពិសេស​​​កីឡាករ​បរទេស ឱ្យ​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បម្រុងទាំង​អស់ និង​បានបញ្ចូល​ក្រុម​កីឡាករ​វ័យ​ក្មេង​កម្ពុជា ទាំង​១១នាក់ ឱ្យ​ចូល​លេង នៅក្នុងជម្រើស​ដំបូង ហើយ​ក្រុមនេះ មិនអាច​រក​បាន​គ្រាប់​បាល់នោះ​ទេ តែ​ក៏មិន​បណ្តោយ​ឱ្យ​ក្រុម Terengganu 2 រកបាន​គ្រាប់​បាល់​ នៅតង់ទី​១ ដូចគ្នា។

តែ​ទោះបីជា​យ៉ាង​ណា ឈាន​ចូល​នៅតង់ទី​២ អ្វីៗ​បាន​ប្រែ​ប្រួល នៅពេល ភ្នំពេញ​ក្រោន បានបង្កើន​ការ​វាយ​លុក បន្ទាប់ពី​ក្រុមមួយនេះ បាន​​ផ្លាស់​ប្តូរ​បេក្ខភាព​៣​នាក់ ដែល​ក្នុង​នោះ​​ក៏​មាន​​​ខ្សែ​បម្រើ​កូឡុំប៊ី Neito ផងដែរ ហើយជាមួយការ​ផ្លាស់ប្តូរ​របៀប​លេង​លេងនេះ ក្រុម Terengganu 2 បែរជាធ្វើបាន​ល្អ ជាមួយការ​វាយបក​របស់ពួកគេ ដោយពួកគេ អាច​រក​បាន​២​គ្រាប់ជាប់ៗ​គ្នា នៅនាទីទី​៥៨ និង ៦៨ ដែល​គ្រាប់បាល់​ទាំង​២​នេះ បាន​កើត​ឡើង ដោយ​ការ​​ធ្វេស​ប្រហែស​របស់​ខ្សែការពាររបស់​ភ្នំពេញ​ក្រោន។

បន្ថែម​លើ​ការ​នាំ​មុខ ២-០ នេះ Terengganu 2 បាន​ប្រើក្បាច់វាយ​បក​នេះ​ដដែល ដើម្បី​រកបាន​គ្រាប់បាល់​ទី​៣ នៅនាទីទី​៨០ ហើយ​​ខ្សែ​ការពារ​ជប៉ុន Yudai ដែល​ទើប​ដាក់​ឱ្យ​ចូល​លេង​នោះ បាន​ត្រឹមរត់​តាមពី​ក្រោយ និងមើល​ការ​ស៊ុតបាល់បញ្ចូល​ទី​ដ៏​ល្អ​របស់​ខ្សែ​ប្រយុទ្ធ ក្រុម Terengganu 2 ប៉ុន្តែ​​នៅនាទីទី​៨៦ កីឡាករ​វ័យក្មេង រ៉ូហ្សាក់ ដែលដាក់ឱ្យ​ចូល​លេង នៅតង់ទី​២ ដែរ​នោះ បានស៊ុត​ទម្លុះសំណាញ់ទី​ក្រុម​ម្ចាស់​ផ្ទះ​បាន​សម្រេច ដើម្បីធ្វើ​ឱ្យ​ការ​ប្រកួត​នេះ បញ្ចប់ដោយ ភ្នំពេញ​ក្រោន ចាញ់ ៣-១។

យ៉ាងណាក៏ដោយ ការចាញ់ក្រុម Terengganu 2 ដោយ​លទ្ធផល ៣-១ នេះ វាមិនបានដាក់សម្ពាធ​ទៅ​ដល់​ក្រុមភ្នំពេញ​ក្រោន នៅមុនពេលពួកគេ ត្រូវ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ខ្លាំងរបស់ម៉ាឡេស៊ី Kuala Lumpur City នៅ​ថ្ងៃ​ពុធ ស្អែកនេះទេ ព្រោះវាគ្រាន់តែ​ជាការ​ផ្តល់​ឱកាស​ឱ្យកីឡាករ​វ័យក្មេង​របស់​ភ្នំពេញក្រោន បាន​លេង និងបាន​ពង្រឹង​សមត្ថភាព ព្រមទាំង​ត្រៀម​ខ្លួនបានកាន់តែ​ប្រសើរ សម្រាប់ចូល​រួមប្រកួតប្រជែង នៅលីគកំពូលកម្ពុជា ជាពិសេស​​ការ​​​ប្រកួតជម្រុះ​ក្នុងពូលD នៃ​ពាន​រង្វាន់ AFC Cup 2022 ដែល​ត្រូវ​ធ្វើ​នៅប្រទេសវៀតណាម នាពេល​ខាងមុខ​នេះ៕