កីឡាករ​​របស់​កូឡុំប៊ី Andres Nieto ​និងកីឡាករ​ជប៉ុន Yudai Ogawa សុទ្ធតែ​បានតាំង​ចិត្តខ្លាំង​ថា នឹង​ខិតខំ​ប្រឹង​ប្រែង​នាំ​យក​ជ័យជម្នះ​ថ្មីៗ​បន្ថែម​ទៀត មក​ជូន​ដល់​ក្រុម​ភ្នំពេញ​ក្រោន និងអ្នកគាំ​ទ្រ បន្ទាប់​ពី​ពួកគេ ​បាន​សម្រេច​បន្ត​កុងត្រា​ថ្មីជាមួយ​ក្រុមសិង្ហក្រហម រហូត​ដល់​បញ្ចប់​រដូវកាល​ឆ្នាំ​២០២២​នោះ។

​ក្លិប​ភ្នំពេញ​ក្រោន របស់​លោក​ឧកញ៉ា ឬទ្ធី សំណាង បាន​​ប្រកាស​ពីការ​បន្តកុង​ត្រា​ដល់​ខ្សែ​បម្រើ​ប្រយុទ្ធ​ជនជាតិកូឡុំប៊ី Andres Nieto និង​កីឡាករជប៉ុន Yudai Ogawa កាលពី​ពេល​ថ្មីៗ​នេះ ដោយ​អ្នកទាំង​២នេះ ជា​កម្លាំង​យ៉ាងសំខាន់ ដែល​បានជួយ​ឱ្យ ភ្នំពេញ​ក្រោន លើក​ពាន​លីគកំពូលកម្ពុជា ឆ្នាំ​២០២១​នេះ។

កីឡាករ​ជប៉ុន Yudai Ogawa ​បាន​និយាយ​ថា៖​ «ខ្ញុំ​សប្បាយ​រីក​រាយ ដែលបាន​បន្ត​កុងត្រា​ជាមួយ​ភ្នំពេញ​ក្រោន ១​ឆ្នាំ​ទៀត។ យើង​បាន​បង្កើត​ប្រវត្តិសាស្រ្ត​​ជាមួយ​គ្នា នៅរដូវ​កាលនេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា យើងនឹង​បន្ត​ជាមួយ​គ្នា ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព សម្រាប់ក្រុម និងអ្នកគាំ​ទ្រ»។

ការ​បន្ត​ចុះ​កុង​ត្រា​ថ្មី​ឱ្យ Andres Nieto និង​ Yudai Ogawa ត្រូវបាន​គេមើល​ឃើញ​ថា ភ្នំពេញក្រោន ចង់​រក្សា​ទុក​​អ្នកទាំង​២នេះ មិន​មែនតែ​​សម្រាប់​ការ​ប្រកួតប្រជែង នៅក្នុង​លីគកំពូលកម្ពុជាប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំខាន់បំផុត គឺ​ត្រៀមការ​ប្រកួតវគ្គជម្រុះពាន​រង្វាន់ AFC Cup។

ម្ចាស់​អាវ​លេខ​១០ ដែលមាន​ទម្រង់លេង​ល្អ​ជាង​គេ​ឱ្យក្រុម​ភ្នំពេញ​ក្រោន​ សម្រាប់រដូវ​កាលឆ្នាំ​២០២១ Andres Nieto បាន​និយាយ​ថា៖​ «ខ្ញុំ​សប្បាយ​​ចិត្ត​ជា​ខ្លាំង ដែលបាន​បន្ត​១​ឆ្នាំ​ទៀត​ ជាមួយ​ភ្នំពេញក្រោន។ យើង​នឹង​បន្ត​បង្កើត​ប្រវត្តិសាស្រ្ត​ជាមួយ​គ្នា​បន្ថែម​​ទៀត ជា​ពិសេស​នៅ AFC Cup»។

យ៉ាង​ណា​ក៏​ដោយ ភ្នំពេញ​ក្រោន ​បាន​ប្រកាស​ចែក​ផ្លូវជាមួយ​​ប្រយុទ្ធប្រេស៊ីល Matheus S Silva ជា​ផ្លូវការ​ហើយ ចំណែក​បេក្ខភាព​ខ្សែការពារ​ជា​កីឡាករ​បរទេស​២​នាក់ទៀត ភ្នំពេញ​ក្រោន នៅមិនទាន់ប្រកាស​ឱ្យ​ដឹង​នៅ​ឡើយទេ គិត​មក​ត្រឹម​ថ្ងៃនេះ៕