​ប្រធានក្រុមរបស់​ភ្នំពេញ​ក្រោន ជួន ចាន់ចាវ បាន​ប្រើវិហារស័ព្ទដ៏មុត​ស្រួច ដើម្បី​ចាក់​ទម្លុះ ទៅ​ដល់ការ​ចោទសួរ​របស់​អ្នកកាសែត​វៀតណាម បន្ទាប់ពី​ក្រុម​របស់​ខ្លួន បានចាញ់​ផ្ទះ​វៀតណាម Viettel FC ក្នុង​ការ​ប្រកួត​ជម្រុះ​លើក​ទី​២ ប្រចាំពូល​I នៃពានរង្វាន់ ​AFC Cup 2022 កាលពី​យប់​ថ្ងៃ​ចន្ទ។

នៅក្រោយការ​ប្រកួត កាលពី​យប់មិញ​នោះ អ្នកសារព័ត៌មានរបស់វៀតណាម បាន​សួរ​ទៅ​កាន់ ជួន ចាន់ចាវ ថា Viettel FC ជា​ក្រុម​ខ្លាំង​ជាងគេ​​ក្នុង​ពូល អ៊ីចឹង​តើ ​ភ្នំពេញ​ក្រោន ទទួល​បាន​បទពិសោធអ្វីខ្លះ ពីការប្រកួតនេះ? ហើយ​ចំពោះសំនួរនេះ ជួន ចាន់ចាវ បាន​ឆ្លើយ​តប​ថា៖​ «Viettel FC មិនមែនជា​ក្រុមខ្លាំងទេ! ខ្ញុំគិត​ថា ក្រុម​យើង​ ជា​ក្រុម​ខ្លាំងជាង​គេ ​ក្នុងពូល​នេះ។ យើង​លេង​ល្អ យើ​ង​គ្រប់គ្រង​ការ​ប្រកួត​ យើង​ខ្វះ​តែ​ការ​រក​គ្រាប់​បាល់​ប៉ុណ្ណោះ»។

តាម​រយៈការ​ប្រកួត កាលពី​ម្សិលមិញ​នោះ ក្រុម​ Voiettel FC របស់​វៀតណាម រកបាន​ត្រឹម​១​គ្រាប់គត់ ពីការ​ស៊ុតបាល់​ពី​ចម្ងាយ​របស់​កីឡាករ​ពាក់លេខ​៨៨ Bùi Duy Thường នៅនាទីទី​៩ ហើយ​ ភ្នំពេញ​ក្រោន ក៏បានព្យាយាម​បង្កើត​ឱកាស បានច្រើន​ផងដែរ តែ​មិនអាច​រកបាន​គ្រាប់​បាល់បាន។

ការចាញ់ក្រុម Viettel ១-០ នេះ វា​បាន​ក្លាយ​ជា​ការ​សោក​ស្តាយ លើក​ទី​២ សម្រាប់​ភ្នំពេញ​ក្រោន ហើយការ​ចាញ់​ក្រុម Houngang United កាលពីថ្ងៃទី​២៤ ខែមិថុនា កន្លងមកនេះ ក៏ ភ្នំពេញ​ក្រោន បានជួបរឿង​សោកស្តាយបែបនេះ​ដូចគ្នា ព្រោះ​ការ​ប្រកួត​នោះ ភ្នំពេញ​ក្រោន រកបាន​គ្រាប់បាល់នាំមុខ ២-០ មុន ប៉ុន្តែ​ពួកគេ បែរជារហូត៤​គ្រាប់វិញ ធ្វើឱ្យ​ចាញ់ ក្រុម​សិង្ហបុរី ៤-៣ វិញ​។

តាម​រយៈការ​ចាញ់២​លើកជាប់ៗគ្នានេះ បាន​បញ្ជាក់ច្បាស់​ហើយ​​ថា ក្រុមសិង្ហក្រហម ភ្នំពេញ​ក្រោន ដែល​ដឹកនាំ​ដោយ​គ្រូបង្គោលជនជាតិ​អ៊ុយក្រែន លោក  Oleg Staranskyi បាន​ធ្លាក់ចេញពី​ការ​ប្រកួត​នេះហើយ គឺ​ពួកគេ នៅសល់​ត្រឹមការ​ប្រកួត​បង្រ្គប់​កិច្ច​ជាមួយ​ក្រុម Young Elephants នៅថ្ងៃទី​៣០ ខែមិថុនា ខណៈ Young Elephants បានចាញ់​ក្រុម​វៀតណាម ៥-១ និងចាញ់​ក្រុម Houngang United ៣-១ កាលពី​ម្សិលមិញ​នោះ​ដែរ៕