បរទេស៖ លោក Claudio Ranieri ត្រូវបានបណ្តេញចេញក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Watford កាលពីថ្ងៃចន្ទ ក្រោយពីដឹកនាំក្រុមកំពុងតែត្រដាបត្រដួសក្នុងក្របខ័ណ្ឌ Premier League មួយនេះ បានត្រឹមតែ១៤ប្រកួត។
លោក Ranieri ត្រូវបានជួលមក កាលពីខែតុលា ដើម្បីជំនួសកន្លែងលោក Xisco Munoz ក្រោយពីការបណ្តេញគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ។ ប៉ុន្តែ បុរសសញ្ជាតិអ៊ីតាលីវ័យ៧០ឆ្នាំរូបនេះ មិនអាចកែប្រែជោគវាសនារបស់ក្លិប Watford បានឡើយ ខណៈដែលពួកគេរកបានត្រឹមតែ៧ពិន្ទុគត់ អំឡុងពេលការដឹកនាំរយៈពេលដ៏ខ្លីរបស់លោក។ ត្រឹមតែរយៈពេល១១២ថ្ងៃ ក្រោយពីការតែងតាំងរបស់លោក លោក Ranieri បានទទួលផលតបស្នងចំពោះការដែលក្រុម Watford ធ្លាក់ទៅកាន់តំបន់កាត់ចោល ក្រោយពីចាញ់ក្រុម Norwich ក្នុងលទ្ធផល ៣-០ កាលពីចុងសប្តាហ៍មុននេះ។
ក្លិប Watford បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ក្លិបបាល់ទាត់ Watford សូមប្រកាសពីការចាកចេញរបស់លោកគ្រូបង្វឹក Claudio Ranieri»។ Watford កំពុងតែស្ថិតក្នុងតំបន់កាត់ចោល ដោយមាន២ពិន្ទុពីតំបន់សុវត្ថិភាព ក្រោយពីចាញ់៧លើកក្នុងចំណោមការប្រកួត៨លើកចុងក្រោយរបស់ពួកគេ៕
ប្រភពព័ត៌មាន៖ Channel News Asia