ក្រុមកង​យោធពល​ខេមរភូមិន្ទ (ទ័ព) និងក្រុមគិរីវង់សុខសែន​ជ័យ នឹង​ប្រើឱកាស​ចុង​ក្រោយ ដើម្បីប្រកួតប្រជែង​គ្នា ដណ្តើម​យក​កៅអី សម្រាប់​បាន​ឡើង​ទៅវគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួតបាល់​ទាត់ពាន​រង្វាន់ Prince Beer Pre-Season Cup 2022 នា​រសៀលថ្ងៃ​អង្គារ​នេះ។

ដោយ​ឈរ​នៅ​ក្នុង​ពូល​A គឺ​ទាំង​ក្រុម​ក្រុមកង​យោធពល​ខេមរភូមិន្ទ  និង​ក្រុមគិរីវង់​សុខ​សែន​​ជ័យ សុទ្ធតែ​បាន​ចាញ់ ​ក្រុម​ខ្លាំង ភ្នំពេញក្រោន នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ដូចគ្នា ដោយក្នុង​នោះ ក្រុមទ័ព បានចាញ់​ ភ្នំពេញក្រោន ១-០ ចំណែក​ក្រុម​គិរីវង់ បាន​ចាញ់​រហូត​ដល់ ៣-០។

តាម​រយៈ​លទ្ធផល​នេះ បាន​បង្ហាញ​ច្បាស់​ថា ក្រុម​សិង្ហក្រហម ភ្នំពេញក្រោន បាន​ឡើង​ទៅកាន់​ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ រួច​ជា​ស្រេច​ហើយ ក្នុង​នាមជា​ក្រុម​លេខ​១ ឡើង​ទៅ​ពី​ពូល​B ចំណែក​មួយ​ក្រុមទៀត អាច​ជា​ក្រុម​ទ័ព ឬ​ គិរីវង់សុខសែនជ័យ ដែល​​ក្រុម​ទាំង​២​នេះ ត្រូវ​ប្រកួតគ្នា នៅរសៀល​នេះ។

តាម​ប្រវត្តិនៃ​ការ​ជួបគ្នា ក្នុងការ​ប្រកួត​ផ្លូវការ ក្នុងលីគកំពូល​កម្ពុជា កាលពី​ឆ្នាំ​២០២១ ក្រុមគិរីវង់ មិន​ធ្លាប់ឈ្នះ​ក្រុម​ទ័ព នោះទេ ប៉ុន្តែ​ការ​ជួបគ្នា ក្នុង​ការ​ប្រកួតពាន​បើក​រដូវ​កាលនេះ ​ត្រូវ​បានគេ​គិត​ថា នឹងមាន​ភាពតានតឹង​ខ្លាំង ព្រោះ​ក្រុមទាំង​២ សុទ្ធ​តែត្រូវការ​ឈ្នះ​ដូច​គ្នា ដើម្បី​បាន​ទៅវគ្គ​បន្ត ជាពិសេស​ក្រុម​ម្ចាស់ផ្ទះ គិរីវង់ ដែល​ទើប​នាំ​យក​គ្រូបង្វឹក​សម្បូរបទពិសោធជនជាតិ​អេស្ប៉ាញ លោក Manuel Retamero Fraile ព្រោះ​ក្រុម ដែលមាន​ផ្លាស់ប្តូរ​កីឡាករ​ភាគ​ច្រើន​នេះ ចង់​មានឱកាស​ប្រកួត​ប្រជែង​បន្ថែម ដើម្បី​ពង្រឹង​គុណភាព​លេង មុន​លីគ​កំពូល​កម្ពុជា រដូវ​កាល​ថ្មី​ បាន​ចាប់​ផ្តើម៕