ក្រុម​កង​យោធពល​ខេមរភូមិន្ទ (ទ័ព) បាន​រក​ឃើញ​ជ័យជម្នះ​សំខាន់​របស់ខ្លួន​ហើយ ដើម្បី​​ឡើង​ទៅកាន់វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួតបាល់​ទាត់ពាន​រង្វាន់ Prince Beer Pre-Season Cup 2022 កាល​ពី​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែការ​ប្រជែង​ស្វែងរក​​ឱកាស​​របស់​​ក្រុមបឹងកេត ពេល​ជួប​ជាមួយ ក្រុម​វិសាខា នៅរសៀល​ថ្ងៃ​នេះ ត្រូវបាន​គេមើល​ឃើញ​ថា មាន​ភាគ​រយតិច ឬហាក់​ស្ថិត​នៅលើ​មាត់​ជ្រោះ។

ក្រុម​ទ័ព បាន​ក្លាយ​ជា​បេក្ខភាព​ទី​២ បន្ទាប់ពី​​ក្រុមខ្លាំង​ភ្នំពេញ​ក្រោន ដែលនឹង​ត្រូវ​ឡើង​ទៅកាន់វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ តំណាង​ឱ្យ​ពូល​A បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះក្រុមម្ចាស់​ផ្ទះ គិរីវង់សុខសែនជ័យ ២-១ កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ ព្រោះ​ការ​រក​បាន​៣ពិន្ទុ​ជា​លើក​ដំបូងនេះ បាន​ជួយឱ្យ​ពួកគេ បាន​ចំណាត់​ថ្នាក់លេខ​២ ប៉ុន្តែ​ក្រុមគិរីវង់ ដែលបានចាញ់ទាំង​២​ប្រកួត​នោះ បាន​ធ្លាក់ចេញពីការ​ប្រកួតនេះមុនគេ។

ផ្ទុយពីនេះ ​ក្រុម​វិសាខា និង​បឹងកេត និង​ត្រូវ​ប្រកួតជម្រុះ​លើក​ចុង​ក្រោយ នៅ​កីឡដ្ឋាន​ព្រីនស៍ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុ​ធ​នេះ ដើម្បី​បញ្ជាក់ពីបេក្ខភាព​២​ក្រុម​ប្រចាំពូល​Bនេះ ដែល​នឹង​ត្រូវ​ឡើង​ទោជួប​ក្រុម​ភ្នំពេញ​ក្រោន និង​ក្រុមទ័ព នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។

តែ​ទោះបីជា​យ៉ាង​ណា នៅមុន​ការ​ប្រកួតនេះ ក្រុម​បឹងកេត ទើបតែ​បាន​ចាញ់​ក្រុម​ខេត្ត​ព្រៃវែង ៣-១ ផ្ទុយ​ពី វិសាខា ដែលបាន​យក​ឈ្នះ​​ក្រុមខេត្តព្រៃវែង ៣-១ ហើយ​យោង​តាម​លទ្ធផល​នេះ ត្រូវបានគេ​មើល​ឃើញ​ថា បឹងកេត នៅ​មាន​ឱកាស​មិនច្រើន​ទេ ក្នុងការ​ប្រជែង​ជាមួយ​វិសាខា ព្រោះ​តាម​កម្រិត​នៃ​ការ​រៀបចំ​ក្រុម នៅពេលនេះ គឺ​វិសាខា ធ្វើបាន​ល្អ​ជាង និង​មាន​កម្លាំង​ពេញ​ជាង។

ជាមួយគ្នា​នេះ វិសាខា ​បាន​ប្តេជ្ញា​យក​ឈ្នះ​បឹងកេត ឱ្យបាន។ ​ខ្សែ​ការពារ ឈង់ ប៊ុនណាត បាន​និយាយ​ថា៖​«​បឹងកេត បាន​ទទួល​បរាជ័យក្រោម​ដៃ ក្រុមខេត្ត​ព្រៃវែង ហេតុនេះ​ បឹងកេត ត្រូវការ​ឈ្នះជា​ចាំបាច់ ទើប​អាច​ឡើង​ទៅ​វគ្គ​បន្តបាន អ៊ីចឹង​វា​ជាឱកាស​ល្អ​មួយ សម្រាប់ក្រុម​យើង ដើម្បី​បាន​វាស់​ស្ទង់​សមត្ថ​ភាព និង​ត្រៀម​ខ្លួន​ឱ្យបាន​កាន់តែ​ល្អ​ផងដែរ សម្រាប់ត្រៀម​រដូវ​កាល​ថ្មី​នេះ ហើយ​ក្រុម​របស់​ខ្ញុំ ប្តេជ្ញា​ថា នឹងយក​ឈ្នះ បឹងកេត ឱ្យ​បាន ដើម្បី​ឡើង​ទៅ​វគ្គ»៕