បរទេស៖ គ្រូបង្វឹកអ៊ីតាលីលោក Roberto Mancini បានដាក់បញ្ចូលខ្សែប្រយុទ្ធ Mario Balotelli នៅក្នុងក្រុមឈុតធំទាំង ៣៥ នាក់ សម្រាប់ជំរុំហ្វឹកហាត់ដែលនិងចាប់ផ្តើមនៅចន្លោះថ្ងៃទី២៦ ដល់ ២៨ ខែមករា ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ របស់ពួកគេជាមួយក្រុម North Macedonia ក្នុងខែមីនា។
![]()
ខ្សែប្រយុទ្ធវ័យ៣១ ឆ្នាំរូបនេះនៅតែបង្ហាញសមត្ថភាពសម្រាប់ Adana Demirspor នៅលីកកំពូល តួកគីក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានប្រាំបួនគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ប្រាំដងក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួត ប្រកួតសរុប២១ដង។ Balotelli ដែលធ្លាប់ធ្វើការរួមគ្នាជាមួយលោក Mancini នៅ Inter Milan និង Man. City នឹងចូលរួមជាមួយក្រុមជើងឯកទ្វីបអឺរ៉ុបជាលើកដំបូងក្រោយអវត្តមាន៣ ឆ្នាំកន្លះ ខណៈការបង្ហាញខ្លួនចុងក្រោយរបស់គេគឺនៅក្នុងខែកញ្ញា ២០១៨ ពេលអ៊ីតាលីប្រកួតស្មើ ១-១ ជាមួយប៉ូឡូញក្នុងការប្រកួត Nations League ។

លោកMancini ក៏បានរួមបញ្ចូលកីឡាករដែលមិនបានលេងចំនួនប្រាំពីរនាក់ផងដែរគឺអ្នកចាំទី Marco Carnesecchi ខ្សែការពារ Luiz Felipe និង Giorgio Scalvini ខ្សែបម្រើ Davide Frattesi, Nicolo Fagioli និង Samuele Ricci និងខ្សែប្រយុទ្ធ Joao Pedro។ខណៈអវត្តមានគួរឱ្យកត់សម្គាល់ពីក្រុមអ៊ីតាលីរួមមាន Gianluigi Donnarumma, Leonardo Bonucci, Jorginho, Marco Veratti និង Federico Chiesa៕
ប្រភពព័ត៍មាន៖ Sportsmole
