បរទេស៖ ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​ចូលរួម​ជាមួយនឹងក្លិប Barcelona ដោយ​​គ្មាន​តម្លៃ​ខ្លួន ក្រោយ​ពី​ចាក​ចេញពីក្លិប Arsenal ខណៈ​ដែល​ការ​ផ្ទេរ​នេះ នឹង​ត្រូវ​ប្រកាស​ជាផ្លូវ​ការនៅ​ថ្ងៃ​អង្គារ​នេះ​។

តារាឆ្នើម​អន្តរ​ជាតិ​ហ្គា​បុង​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​បំពេញ​ការ​ផ្ទេរ​របស់​គេ កាលពីល្ងាច​ថ្ងៃ​ចន្ទ​​។ Aubameyang មិន​ធ្លាប់​បាន​លេង​ឲ្យ​ក្លិប​កាំភ្លើង​ធំ​សោះ បើគិត​ចាប់​តាំងពីប្រព្រឹត្ត​ល្មើស​នឹង​វិន័យ កាលពី​ខែ​ធ្នូ ប៉ុន្តែ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៩២គ្រាប់ ក្នុងការ​ប្រកួត​១៦៣លើក មុននឹងការ​រង​ពិន័យ​នោះ​។ ក្លិប Barcelona បាន​ព្រួយ​បារម្ភ​ថា ការ​ផ្ទេរ​នេះ ទទួល​បរា​ជ័យ​ នៅ​ថ្ងៃ​ចុងក្រោយ​នៃការ​ដោះដូរ​កីឡាករ បើ​ទោះ​បី Aubameyang បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អេ​ស្ប៉ាញ ក៏ដោយ​។ កីឡាករ​រូបនេះ ក៏​ត្រូវ​បាន​ទាក់ទង​ជាមួយ​នឹង​ការផ្ទេរ​ទៅកាន់​ក្លិប​អា​រ៉ា​ប៊ី​សា​អ៊ូឌីត Al-Nassr ផងដែរ។

ការ​ចាក​ចេញ​របស់​អតីត​ប្រធានក្រុមនៃក្រុម Arsenal រូបនេះ នឹង​ជួយ​ឲ្យ​ Arsenal ដែល​បាន​ទិញ​រូប​គេ​ក្នុងតម្លៃ​ខ្លួន​៥៦លានផោន (ស្មើ​នឹង​៧៥លានដុល្លារ​អាមេរិក) ពី​ក្លិប Borussia Dortmund ក្នុង​ឆ្នាំ​២០១៨ សន្សំ​បាន​ប្រាក់​១៥លាន​ផោន ទៅលើ​ប្រាក់​ខែ​៕

 

ប្រភព​ព័ត៌មាន៖ BBC