ការជួបគ្នា​រវាង​កីឡាករ​គុនចម្រុះលំដាប់​លេខ​១​របស់កម្ពុជា ចាន់ រតនា និងអ្នក​ប្រយុទ្ធ​កំពុង​ឡើង​ជើងរបស់​ឥណ្ឌូនេស៊ី Eko Roni Saputra នៅ​ក្នុង​ការ​ប្រកួតវាយដាក់ទ្រុង​ ONE Championship នៅ​​ប្រទេស​សិង្ហបុរី នា​យប់​ថ្ងៃសុក្រ​នេះ វា​កំពុង​តែ​ឡើង​កម្តៅ ដែល​គ្រប់​គ្នា​អន្ទះសារ​ចង់ដឹងខ្លាំង ថាតើ​រវាង​អ្នកទាំង​២​នេះ មួយណា ជា​អ្នក​ឈ្នះដ៏ពិត​ប្រាកដ ខណៈពួកគេ សុទ្ធតែ​បាន​បង្ហាញពីការ​ជឿជាក់រៀងៗ​ខ្លួន និង​ត្រូវការ​ឈ្នះជា​ចាំបាច់​ដូចគ្នា​នោះ។

តាមពិត​ទៅ កីឡាករ​គុនចម្រុះ Eko Roni Saputra បានប្រកាស​ចង់ជួប​ជាមួយ ចាន់ រតនា តាំងពី​ខែមិថុនា ឆ្នាំ​២០២១ ប៉ុន្តែ​ទើបតែពេល​នេះ ទើប​អ្នកទាំង​២ បាន​ជួបគ្នា។ ការ​អន្ទះសារ​ចង់ប្រកួត​ជាមួយ ចាន់ រតនា នេះ ក៏ព្រោះ​តែ Eko Roni ចង់​ដណ្តើមយក​នូវ​ប្រជាប្រិយ​ភាព ក្នុងនាមជា​កីឡាករ​កំពូលជើង​ខ្លាំង​​ទាំង​៥ ក្នុង​ប្រភេទ​ទម្ងន់ចន្លោះពី​​៥៦.៨ ទៅ​៦១.២​គីឡូក្រាម (Flyweight) នេះ។

បើ​ទោះបីជា Eko Roni បានពោលពាក្យ​សរសើរទៅដល់​ភាព​ជោគជ័យ និងជំនាញ​ប្រើក្បាច់គុនខ្មែរ​របស់ ចាន់ រតនា ប៉ុន្តែគេមានការជឿជាក់ខ្លាំង​ទៅលើជំនាញ​កីឡា​ចំបាប់​របស់គេ។ «ខ្ញុំ​ពិត​ជា​កោត​សរសើរ ​ចំពោះ​ជំនាញ និង​ភាព​ជោគជ័យ​ក្នុង​​​ប្រដាល់​គុន​ខ្មែរ​របស់​គាត់ ប៉ុន្តែ​​ខ្ញុំ​ជឿ​ថា រតនា នឹង​មិន​អាច​ទល់​ទល់​បាន ​ជា​មួយ​ជំនាញ​ចំបាប់​របស់​ខ្ញុំទេ»។

កីឡាករ​របស់​ឥណ្ឌូនេស៊ី រូបនេះ បានបន្ថែម​ថា៖ «ខ្ញុំ​​សិក្សា​ស្វែង​យល់​ពី​ការ​ប្រកួត​របស់​ ចាន់ រតនា បានច្រើន ហើយ​ខ្ញុំពិតជា​ចង់​ឈ្នះ ​ដើម្បី​អាច​ក្លាយ​ជា​​កីឡាករ​កំពូល​ខ្លាំង​ទាំង​៥​រូប ក្នុង​​ប្រភេទ​ទម្ងន់ flyweight នេះ។ ​តែ​ទោះ​យ៉ាងណា ខ្ញុំមិន​អាច​មើល​ស្រាល​គាត់​បាន​ទេ ​ព្រោះ​គាត់​ខាន​ប្រកួត​យូរ ហើយ​សមត្ថភាព​របស់​​គាត់​​នឹង​រីក​ចម្រើន​ច្រើន»។

គិតមកដល់ពេលនេះ ចាន់ រតនា បានខកខានប្រកួត​នៅលើ​សង្វៀន ONE ជាងមួយ​ឆ្នាំ មក​ហើយ ពោល​គឺ​ចាប់តាំង​ពីបាន​​ចាញ់​ពិន្ទុ​កីឡាករ​ចិន Xie Wei ក្នុងទឹក​ទី​៣ នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​សុក្រ ទី១៨ ខែធ្នូ ឆ្នាំ​២០២០មក ចាន់ រតនា មិនធ្លាប់​បាន​បង្ហាញ​ខ្លួន នៅក្នុងការ​ប្រកួត​ណាមួយ​នោះ​ទេ។

តែទោះបីជា​យ៉ាង​ណា កីឡាករ​របស់កម្ពុជា​រូបនេះ បានអះអាង​ថា ខ្លួនបាន​ហ្វឹក​ខ្លាំង ជា​ច្រើន​ខែមក​ហើយ ដើម្បីត្រៀមការ​ប្រកួតនេះ។ ចាន់ រតនា បាននិយាយថា៖ «ខ្ញុំ​មិន​បាន​សិក្សា​ស្វែង​យល់​​ពី​គាត់​ បាន​ច្បាស់​លាស់​ទេ​ព្រោះ​​៥​ប្រកួត​ចុង​ក្រោយ​ ដែល​​គាត់​ឈ្នះ​ទាំង​អស់​នោះ គឺ​ឈ្នះ​ក្នុង​ទឹក​ទី​១ដូច​គ្នា ហើយ​មើល​ទៅ គាត់​​មិន​ទាន់​បញ្ចេញ​សមត្ថភាព​អស់​ផង។ តែ​ទោះ​បីជា​យ៉ាងណា ខ្ញុំ​បាន​ចំណាយ​ពេល​ហ្វឹក​ហាត់​​ច្រើន​ណាស់ គឺ​ចាប់​តាំងពី Eko Roni ប្រកាស​ចង់​ជួប​ខ្ញុំ ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១  ខ្ញុំ​ក៏​បាន​​ចាប់​​​ផ្តើម​ហ្វឹក​ហាត់​តាំង​ពី​ពេល​នោះ​មក»។

តាមពិត នៅ​មុន​ការ​ឈាន​ជើង​ទៅ​ប្រកួត​នៅ ONE ជាថ្មី​នេះ ចាន់ រតនា ធ្លាប់បាន​ឈ្នះ លើ​កីឡាករឥណ្ឌូនេស៊ី ចំនួន​២​នាក់រួច​មក​ហើយ គឺ Abro Fernandes និង Rudy Agustian ហើយ​ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌូនេស៊ី បានចុះ​ផ្សាយ​ថា សមត្ថភាព​របស់  Eko Roni Saputra មិនសូវ​មាន​គ្រោះ​ថ្នាក់ដូច Abro Fernandes និ Rudy Agustian នោះទេ។

តែ​ទោះបីជា​យ៉ាងណា ចំពោះ​ការ​លើក​ឡើងនេះ  រតនា បាន​បញ្ជាក់​ថា៖​ «នោះ​គ្រាន់​ជា​គំនិត​យល់​ឃើញ​របស់​ពួក​គាត់ ប៉ុន្តែ​​សម្រាប់​ខ្ញុំ​គ្រប់​ដៃ​គូទាំង​អស់​ សុទ្ធ​​តែ​គ្រោះ​ថ្នាក់ អ៊ីចឹង​យើង​មិន​​អាច​​មើល​ស្រាល​ដៃ​គូ​បាន​ទេ។ រឿង​សំខាន់ ​គឺ​ត្រូវ​ស្ទាប​ស្ទង់​សមត្ថភាព​គេ​ ពេល​ជួប​គ្នា នៅ​លើ​សង្វៀន។

បន្ថែម​លើ​នេះ ចាន់ រតនា បាន​បង្ហាញពី​មហិច្ឆតា សម្រាប់ការ​វិល​ទៅកាន់​សង្វៀន ONE ជាថ្មី​លើក​នេះ​ថា៖«សម្រាប់ការ​ប្រកួតនេះ ​ខ្ញុំ​ត្រូវ​ការ​ឈ្នះ​ ព្រោះ​​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​ចុង​​ក្រោយ​របស់​​ខ្ញុំ (ពេល​ចាញ់​កីឡាករចិន Xie Wei) នោះ​ទេ អ៊ីចឹង​ខ្ញុំ​មិន​ខ្វល់​លើ​ការ​បញ្ឈប់​កំណត់​​ត្រា​របស់​ Eko Roni ​ឬ​យ៉ាង​ណា​ទេ​ គឺ​ខ្ញុំ​ខ្វល់​តែ​រឿងឈ្នះ»៕