ក្លិបមានមូល​ដ្ឋាន នៅខេត្ត​សៀម​រាប អង្គរ​ថាយហ្គឺរ បាន​ផ្លាស់ប្តូរនូវ​​របត់​ដ៏​ទំនើប​បំផុត មិន​​ធ្លាប់មាន​នៅ​កម្ពុជា គឺ​ការ​ដាក់​ឱ្យ​ប្រើ​សំបុត្រ​អេឡិចត្រូនិច ដែល​ផ្ទៀង​ផ្ទាត់​សំបុត្រ​ដោយ​ការ​ស្កេន QR Code ឬ ខ្សែ​ដៃ​វៃ​ឆ្លាត ជំនួស​ការ​ប្រើសំបុត្រ​ធ្វើពីក្រដាស សម្រាប់អ្នកទស្សនា​របស់​ខ្លួន នៅកីឡដ្ឋាន​ហនុមាន។

«បន្ទាប់ពីធ្វើកិច្ចពិភាក្សារវាង Angkor Tiger Football Club និង Wonderpass ពួក​​យើង​​បាន​ផ្ដល់​នូវ​ដំណោះ​ស្រាយ​ដ៏​សម​ស្រប​មួយ​សម្រាប់​ទស្សនិក​ជន និង អ្នក​ប្រើ​ប្រាស់។ ជំនួស​ដោយ​ការ​ប្រើ​ប្រាស់​ក្រដាស​សំបុត្រ Angkor Tiger Football Club សម្រេច​យក​ការ​ប្រើ​ប្រាស់​សំបុត្រ​អេឡិច​ត្រូនិច ដែល​ផ្ទៀង​ផ្ទាត់​សំបុត្រ​ដោយ​ការ​ស្កេន QR Code ឬ ខ្សែ​ដៃ​វៃ​ឆ្លាត»។ នេះជា​សេចក្តី​ប្រកាស​របស់ក្លិប​អង្គរ​ថាយហ្គឺរ កាលពីថ្ងៃពុធ ជុំវិញ​ការ​ផ្លាស់ប្តូរ​ មក​ប្រើសំបុត្រ​អេឡិច​ត្រូនិច​នេះ។

អង្គរថាយហ្គឺរ បាន​បន្ថែម​ថា៖ «ការប្រើ ប្រាស់​សំបុត្រ​អេឡិច​ត្រូនិច​នេះ គឺ​បាន​ចូលរួម​ចំណែក​ជួយ​ទៅ​ដល់​បរិស្ថាន និង ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​ដល់​អ្នក​ប្រើប្រាស់ ព្រោះថា​ខ្សែ​ដៃវៃ​ឆ្លាត គឺ​អាច​ប្រើ​ប្រាស់​ឡើង​វិញ ដែល​មិន​មែន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​លើ​ការ​ប្រើ​ប្រាស់​ក្រដាស​សំបុត្រ​មួយ​មុខ​តែ​ប៉ុណ្ណោះនោះទេ ប៉ុន្តែ​ថែម​ទាំង​ចំណេញ​ពេល​វេលា និង ផ្ដល់​ជា​ភាព​ងាយ​ស្រួល​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់ ដោយ​មាន​បន្ថែម​នូវ​មុខ​ងារ​ពិសេសៗ អាច​ផ្ទុក​ឯកសារ​អ្នក​ប្រើ​ប្រាស់​បាន​ ដូចជា​កាត​ចាក់​វ៉ាក់​សាំង ប៉ាស្ព័រ និង ឯកសារផ្សេងៗ ថែម​ទៀត​ផង»។

ជាមួយគ្នានេះ ក្លិបអង្គរថាយហ្គឺរ បានអះអាង​ថា ការ​​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​ជាមួយ​ Won​derpass នោពេលនេះ គឺ​មាន​គោល​បំណង​លើក​កម្ពស់​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា ក្នុង​​វិស័យ​​បាល់​ទាត់​នៅ​កម្ពុជា។

យ៉ាង​ណា​ក៏ដោយ សម្រាប់ការ​ស្វាគមន៍​ក្រុម​ភ្នំពេញក្រោន នៅកីឡដ្ឋាន​ហនុមាន នា​ថ្ងៃសៅរ៍នេះ អង្គរថាយថាយហ្គឺរ នៅមិនទាន់បាន​ដាក់​ឱ្យ​ប្រើ​ប្រភេទសំបុត្រ​អេឡិចត្រូនិច នៅ​ឡើយ​ទេ គឺ​ក្លិបនេះ បន្តប្រើសំបុត្រ​ជា​ក្រដាស ដដែល ហើយ​អង្គរថាយហ្គឺរ ក៏នៅមិនទាន់បាន​បង្ហាញ​ពី​ទម្រង់ ឬរូប​ភាព​នៃ​សំបុត្រ​អេឡិចត្រូនិច នៅ​ឡើយ​ទេ គិតត្រឹម​ពេលនេះ ខណៈ​ការ​ប្រកួត​២​លើក​ជាមួយ​ក្រុមវិសាខា និង​គិរីវង់សុខសែន​ជ័យ កន្លងមកនេះ កីឡដ្ឋាន​ហនុមាន មាន​អ្នក​គាំទ្រ​ច្រើនជាង​គេ ចំណែក​តម្លៃសំបុត្រ មាន​៣ប្រភេទ គឺ​ប្រភេទ A តម្លៃ ១០០០០រៀល ប្រភេទ​ B តម្លៃ​ ​៦០០០រៀល និងសំបុត្រ​ប្រភេទ C តម្លៃ ៤០០០រៀល៕