ឆាក​ប្រយុទ្ធ​ដ៏កក្រើក ដែលមិន​ធ្លាប់មាន នៅកម្ពុជា​ នឹង​ត្រូវ​ធ្វើ​ឡើង នៅ​លើ​ទឹក​ដី​អង្គរ ខេត្តសៀមរាប នាថ្ងៃ​ទី​១០ ខែមេសា ខាង​មុខ​នេះ នោះ​គឺ​ព្រឹត្តិការណ៍ «ស្តេច​ប្រដាល់អង្គរ ជា​លើក​ទី​ ឬ 1st Angkor King Fight»។

ព្រឹត្តិការណ៍ខ្នាត​យក្ស ស្តេចប្រដាល់អង្គរ​ ជា​លើក​ដំបូង​នេះ វាជាជំនួប​រវាង​​ជើង​ខ្លាំង លំដាប់​ស្រុកខ្មែរ​ រហូតដល់​១០​នាក់  ​ជាមួយ​អ្នក​ប្រដាល់​លំដាប់​កំពូលៗរបស់ប្រទេស​ចិន ដែល​អ្នក​ទាំង​នេះ បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ប្រកួត​គ្នា ចំណែក​សំបុត្រ​ទស្សនា ក៏​បាន​ដាក់​លក់​ហើយ​ដែរ។

សម្រាប់ជើង​ខ្លាំង​លំដាប់កំពូលៗ​របស់​កម្ពុជា ដែលត្រូវបានសម្រិតសម្រិត​ជាមួយ​អ្នក​ប្រយុទ្ធ​ចិន នៅលើ​ទឹក​ដី​អង្គរ ជា​លើក​ដំបូងនេះ រួម​មាន ផល សោភ័ណ្ឌ, ព្រំ សំណាង, ឈឿន ល្វៃ, ឡៅ ចិន្ទ្រា, ឡុង ប៊ុនលឿន, ឡៅ ចិត្ត្រា, សូត្រ វាសនា, ឈុត សេរីវ៉ាន់ថង, វ៉ាន់ វឿន និង កីឡាការិនី នូវ ស្រីពៅ ហើយ​អ្នក​ទាំង​នេះ សុទ្ធតែ​ប្រកួតជាមួយ​កីឡាករ កីឡាការិនី​ចិន​ដូចគ្នា ទាំង​អស់។

នៅក្នុង​ការ​ប្រកួត​ទាំង​១០​គូនេះ ការជួបគ្នា​រវាង​ជើង​ខ្លាំង ផល សោភ័ណ្ឌ និង​អ្នក​ប្រយុទ្ធ​របស់​ចិន Wei Rui ក្នុងទម្ងន់​៦៥គីឡូក្រាម ត្រូវ​បានចាត់ទុក​ថា ជាជំនួបគូឯក ដែល​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ជាង​គេ ព្រោះ​កីឡាករ​ចិនម្នាក់​នេះ ជា​កំពូល​អ្នក​ប្រយុទ្ធ ដែល​កំពុងមាន​ភាព​ល្បី​ល្បាញ​ខ្លាំង ដោយគរ​បានផ្តួល​គូ​ប្រកួត​ឱ្យសន្លប់ជា​ច្រើននាក់ ជាមួយក្បាច់សន្លប់ដ៏សម្បូរ​បែប ហើយសូម្បីតែ ផល សោភ័ណ្ឌ ក៏ពិបាក​គេច​ផុត​ ពីស្ថាន​ភាព​គ្រោះ​ថ្នាក់​នេះ នោះដែរ។

សម្រាប់បេក្ខភាព​ជាអ្នក​ប្រយុទ្ធ​របស់​កម្ពុជា ចំនួន៩នាក់​ទៀត ក៏​ត្រូវបាន​ផ្គូផ្គង​ជាមួយ​កីឡាករ កីឡាការិនី​របស់​ចិន រួច​រាល់​ហើយ​ដែរ គឺ​រង់ចាំ​តែ​ថ្ងៃ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ ហើយ​សន្និសីទ​ស្តីពីការ​ប្រកួត «ស្តេចប្រដាល់អង្គរ ជាលើក​ទី​១» នេះ នឹង​ត្រូវ​ធ្វើ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា នា​ព្រឹក​ម៉ោង​១០ ថ្ងៃ​សុក្រ ស្អែក​នេះ៕