បរទេស៖ លោក Diego Simeone បាន​អំពាវ​នាវ​ដល់ក្រុម​អ្នក​រិះ​គន់​លើ​ទម្រង់​លេង​របស់​ក្រុម Atletico Madrid បង្ហាញពី​ការគោ​រព​បន្ថែម​ទៀត នៅមុន​ពេលការ​ប្រកួត​ជើង​ទី​២​ក្នុងក្រ​ប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​របស់​ពួកគេ ជាមួយនឹងក្រុម Manchester City នៅ​រាត្រីនេះ​។

ក្រុម Atletico បាន​រង​នូវ​ការ​រិះ​គន់​ចំ​ៗ​ចំពោះ​ទម្រង់លេង​ដែលផ្តោត​តែ​លើ​តំបន់​ការ​ពារ​របស់​ពួក​គេ នាកីឡដ្ឋាន Etihad កាលពីសប្តាហ៍មុន ដែលនៅពេលនោះ​ក្រុម​របស់​លោក Simeone មិន​មាន​ឱកាស​សូម្បី​តែ​ស៊ុត​បាល់​សំដៅ​ទី​១​លើក ខណៈ​ដែល Man City បាន​កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធផល ១-០​។ លោក Simeone បាន​និយាយ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​កាលពីថ្ងៃ​អង្គារ​ថា៖ «ចាប់​តាំងពី​ខ្ញុំ​បាន​ចាប់​ផ្តើម​​ធ្វើ​ជា​គ្រូបង្វឹក​ក្នុងឆ្នាំ​២០០៥ ប្រសិន​បើ​ខ្ញុំ​និយាយ​មិន​ខុស​ទេ​គឺ​ថា ខ្ញុំមិន​ធ្លាប់រិះគន់​គ្រូបង្វឹក​ដូចគ្នា​ឡើយ​។ ខ្ញុំ​មិនធ្លាប់ឡើយ​។

ខ្ញុំ​ជឿជាក់​ថា មាន​របៀប​លេង​ខុស​គ្នា​ជាច្រើន ដើម្បី​ទទួល​បានលទ្ធផល​ដែល​​អ្នក​ចង់​បានពីការ​ប្រកួតនីមួយ​​ៗ ប៉ុន្តែ ពេល​ក្រប់គ្នា រិះ​គន់គ្រូបង្វឹក​ដូចគ្នា ខ្ញុំ​មិន​ចូល​រួម​ឡើយ​។ ដូច​ដែល​ឪពុក​ខ្ញុំ​បាន​និយាយ​អ៊ី​ចឹង ពាក្យ​សម្តី​អាច​សម្លាប់​មនុស្ស​បាន​។ មាន​របៀប​លេង​ជាច្រើន​ក្នុងការ​លេង ខ្ញុំ​ជ្រើស​រើស​យក​របៀប​លេង​មួយ ប៉ុន្តែ អ្នក​ត្រូវ​តែ​គោ​រព​សហ​ការី​របស់​អ្នក​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia